គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ បានប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ ដោយមានអ្នកចូលរួមរាប់ពាន់នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌចំការមន។
ពិធីនេះ ធ្វើឡើងក្រោមអធិបភាព សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីបណ្តាមន្ត្រីអង្គទូតបរទេសប្រចាំនៅកម្ពុជាផងដែរ។
ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករាលើកទី៣៨ដោយមានការបើកព្រឹត្តិការណ៍កីឡា កងទ័ព អមដោយ រថពាសដែក ២គ្រឿងនិង រថយន្តយោធា១៥គ្រឿង និងមានកងទ័ពជាច្រើនរយនាក់ ហើយពិធីនេះ ធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។
៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះ ប្រវត្តិសាស្ត្រ ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ប៉ុន្តែជ័យជម្នះនេះ ក៏ជាការរួមចំណែកដ៏ធំធេងមួយផងដែរដោយកងទ័ពវៀតណាម។
ក្រោយពីជ័យជម្នះភ្លាមក្រុងហាណូយបានបង្កើតរដ្ឋាភិបាលមួយឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលមានលោកប៉ែនសុវណ្ណជានាយករដ្ឋ ហើយ កាលណោះសម្ដេចហេងសំរិន ជាប្រមុខរដ្ឋ និងសម្ដេចហ៊ុនសែនជារដ្ឋមន្ត្រីការបរទេស។ តែសម្ដេចហ៊ុនសែនបានឡើងកាន់តំណែងជា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី)នៅឆ្នាំ១៩៨៥ ជំនួសលោកចាន់ស៊ី ដែលបានទទួលមរភាព៕