ភ្នំពេញ៖ តាមលិខិតរបស់សម្ដេច ស ខេង បញ្ជាក់ថា តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា និងតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិនឹងជួបប្រជុំគ្នាចាប់ពីចុងសប្ដាហ៍ទី២ ខែមករា ដើម្បីពិភា ក្សាការងារមួយចំនួនដែលខកខានមួយរយៈមកនេះ។
ករណីនេះអ្នកវិភាគថា គណបក្សនយោបាយទាំងពីរគួរដោះស្រាយបញ្ហាសកម្មជនសិទ្ធិមនុស្សឲ្យបានឆាប់មិនគួរបណ្ដោយតទៅទៀតទេ។ លិខិតរបស់សម្ដេច ស ខេង ចុះផ្សាយនៅថ្ងៃទី០៥ មករា ដែលជាការឆ្លើយតបទៅនិងសំណើរបស់លោក កឹម សុខា បានបញ្ជាក់ថា ឋានៈជាប្រធានថ្នាក់ដឹកនាំតំណាង រាស្ដ្រនៃគណបក្សប្រជាជនកម្ពុជានឹងជួបជាមួយលោក កឹម សុខា ដែលជាប្រធានថ្នាក់ដឹកនាំនៃតំណា ងរាស្ដ្រគណបក្សសង្គ្រោះជាតិនៅក្រោយថ្ងៃទី១១ ខែមករា ដោយពេលវេលាជាក់លាក់ខុទ្ទកាល័យរប ស់សម្ដេចនឹងជួដំណឹងនៅពេល។
លិខិតរបស់សម្ដេច ស ខេង សរសេរថា ៖ “ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់ឯកឧត្ដម ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ និងសូមអរគុណចំពោះឯកឧត្ដមដែលបានផ្ញើលិខិតនេះមកខ្ញុំ សម្ដែងនូវឆន្ទៈក្នុងការរៀបចំឲ្យមានជំនួបរវាងថា្នក់ដឹកនាំនៃគណបក្សទាំងពីរ”។
ក្នុងលិខិតដដែលនេះក៏បានឲ្យដឹងផងដែរថា ចំពោះការខកខានមិនបានជួបប្រជុំជាមួយគ្នាក្នុងរយៈពេ លកន្លងមកគឺដោយមូលហេតុកម្មវិធីការងាររបស់សម្ដេច មានភាពមមាញឹកខ្លាំងពេក។
ចំពោះដំណឹងស្ដីពីពន្លឺនៃការជួបពិភាក្សាគ្នារវាងសម្ដេច ស ខេង និងលោក កឹម សុខា នេះ អ្នកវិភាគបានសម្ដែងក្ដីសាទរជាខ្លាំង ក៏ប៉ុន្ដែបានសុំឱ្យ គណបក្សទាំងពីរ ព្យាយាមជជែកគ្នា ដោះស្រាយបញ្ហាសកម្មជនសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារឲ្យមានសេរីភាពឲ្យបានឆាប់ ជាជាងការពិភាក្សាគ្នាដើម្បីតែផលប្រយោជន៍បក្សនិងក្រុមរបស់ខ្លួន។
លោក ចាន់ វិបុល អ្នកសិក្សាពីអភិបាលកិច្ច និង លទ្ធិប្រជាធិបតេយ្យ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី០៦ ខែមករា នេះ មានប្រសាសន៍ថា ការជួបពិភាក្សារគ្នាវាងគណបក្សធំទាំង២ គឺជាការប្រសើរ។ ប៉ុន្ដែលោករំពឹងថា ជំនួបនេះនឹងអាចឈានទៅដល់ការដោះស្រាយបញ្ហាសកម្មជនសិទ្ធិមនុស្ស មន្ដ្រី គ.ជ.ប ក៏ដូចជាអ្នកផ្សេងៗទៀត ដែលកំពុងជាប់ឃុំឲ្យមានសេរីភាពឡើងវិញក្នុងដើមឆ្នាំ២០១៧នេះ។
លោក ចាន់ វិបុល ៖ “អ្វីដែលជាសំណូមពរគឺយើង ចង់ឲ្យគាត់ដោះស្រាយមុនគេបំផុតគឺការដោះលែងសកម្មជនសិទ្ធិមនុស្សទាំងបួនរូប និងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រោះពួកគាត់គ្មានទោសទេ ទោសទាំងអស់នេះគឺប្រឌិតឡើងដោយអ្នកនយោបាយដែលកេងប្រវ័ញ្ចនយោបាយទេ”។
បន្ថែមពីនេះលោកថា ប្រសិនបើសកម្មជនសិទ្ធិមនុស្សទាំងនោះនៅតែស្ថិតក្នុងពន្ធនាគារបន្ដទៀត គឺគ្មានផលចំណេញសម្រាប់អ្នកនយោបាយទេ ផ្ទុយទៅវិញនឹងធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿចិត្ដលើអ្នកនយោបាយកាន់តែខ្លាំង។
យ៉ាងណាករណីគម្រោងជួបពិភាក្សាគ្នារវាងសម្ដេច ស ខេង និងលោក កឹម សុខា នេះដែរ អ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ ឥសាន្ដ មានប្រសាសន៍ថា ការជួបគ្នានេះគឺអាចត្រឹម មានតែការពិភក្សារឿងប្រយោជន៍ជាតិប៉ុណ្ណោះ ចំពោះរឿងចង់ឲ្យដោះលែងអ្នកជាប់ពន្ធនាគារគឺមិនអាចទៅរួចជាដាច់ខាត ព្រោះអ្នកទាំងនោះ កំពុងស្ថិតក្នុងដំណើការនីតិវិធីរបស់តុលាការ។ លោក សុខ ឥសាន្ដ ៖ “ក៏ប៉ុន្ដែខ្ញុំយល់ថា ក្នុងករណីដែលមានសំណើសុំដោះលែងអ្នកកំពុងជាប់ចោទប្រការហ្នឹងគឺទៅមិនរួចទេ ពីព្រោះតុលការកំពុងដំណើការនីតិវិធីមិនទាន់ចប់ទេ មានឯកឧត្ដមខ្លះគឺស្ថិតនៅពាក់កណ្ដាលផ្លូវនៃសាលាឧទ្ធរណ៍ ហើយអ្នកខ្លះឡើងដល់តុលាការកំពូលហើយ"។
ថ្វីបើអ្នកនាំពាក្យបក្សកាន់អំណាចអះអាងដូចនេះក្ដី តែអ្នកវិភាគជឿងថា ប្រសិនបើគណបក្សកាន់អំ ណាចមានឆន្ទៈចង់ដោះលែងមន្ដ្រីការពារសិទ្ធិមនុស្ស មន្ដ្រី គ.ជ.ប គឺចង់ដោះលែងពេលណាក៏បានដែរ។ ប៉ុន្ដែការបន្ដឃុំខ្លួនអ្នកទាំងនោះដូចនេះ គឺជាផ្នែកមួយនៃល្បិចនយោបាយ ដែលចង់ផ្ដួលគូប្រកួតរបស់ខ្លួន។
មន្ដ្រីការពារសិទ្ធិមនុស្សអាដហុក និងមន្ដ្រី គ.ជ.ប ដែលកំពុងជាប់ឃុំ រួមមានលោក យី សុខសាន លោក ណៃ វង់ដា លោក នី សុខា លោកស្រី លឹម មុន្នី និងលោក នី ចរិយា ។ ពួកគាត់រហូតមកដល់ពេលនេះ គឺបានជាប់ពន្ធនាគារអស់រយៈពេលជាង ២០០ថ្ងៃមកហើយ ក្នុងសំណុំរឿងអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រី មុំ ដែលគេសង្ស័យថា មានស្នេហាលួចលាក់ជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ៕