យ៉ាងតិចណាស់ មនុស្ស៦នាក់ត្រូវបានចាប់ខ្លួន តាមការបញ្ជារបស់លោកប្រធានាធិបតីចាញ់ឆ្នោត Yahya Jammeh នៃប្រទេស Gambia ដែលនាំឱ្យអង្គការសិទិ្ធមនុស្សអន្តរជាតិធំ២ថ្កោលទោសយ៉ាងខ្លាំង។
អង្គការលើកទោសអន្ដរជាតិ Amnesty International និងអង្គការ Human Rights Watch បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលហ្គាំមបៀ ករណីចាប់ខ្លួនអ្នករិះគន់ដោយហៅទង្វើនេះ គឺជា ការរំលោភធ្ងន់ធ្ងរសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលត្រូវបានការពារដោយសន្ធិសញ្ញាអន្ដរជាតិ ។
បើតាមអង្គការទាំងពីរនេះ អ្នកនយោបាយមួយចំនួនដែលមកពីក្រុមប្រឆាំងរួមទាំងប្រធានគណៈកម្មាការរៀបចំបោះឆ្នោតផងដែរបានរត់ភៀសខ្លួនទៅក្រៅប្រទេសដោយសារតែពួកគាត់រងការគំរាមសម្លាប់ ។មិនតែប៉ុណ្ណោះស្ថានីយវិទ្យុឯករាជ្យយ៉ាងតិចចំនួន ៣ត្រូវបានលោក Jammeh បញ្ចាឱ្យបិទទាំងស្រុង។
អង្គការអន្ដរជាតិទាំងពីរនេះ បានទាមទារឱ្យលោកបញ្ឈប់ការប្រើប្រាស់អំណាចខុសច្បាប់ជាបន្ទាន់ហើយសម្របសម្រួលអោយមានដំណោះស្រាយមួយ។
លោកJammeh បានប្រកាស ថាលោកនឹងមិនចុះចេញពីតំណែង បើទោះជា លោក ត្រូវបានគណៈកម្មាការរៀបចំបោះឆ្នោត ប្រកាស លោកចាញ់ឆ្នោត បេក្ខជន ប្រធានាធិបតី មកពីគណបក្សប្រឆាំងលោក Adama Barrow ក៏ដោយ។ តែជាមួយគ្នានេះ លោក Adama Barrow ប្រកាសថាលោកត្រូវតែទៅកាន់វិមានប្រធានាធិបតីនៅ ថ្ងៃទី១៨មករា តាម ការកំណត់របស់ រដ្ឋធម្មនុញ្ញ ៕ ប្រភព៖ Humanright