ភ្នំពេញ៖ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ប្រទេសកម្ពុជាមានមោទនភាពដែលទទួលបានលិខិតសរសើរ ពីប្រទេសជាង ១០០ ក្នុងចំណោមប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិជិត២០០។
លោក ឈុំ សុជាតិ ក៏បានបញ្ជាក់ទៀតថា កម្ពុជារឹតតែមានមោទនភាពនៅពេលដែល នារីកងទ័ពកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ក្នុងក្រមខណ្ឌកងទ័ពរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិខាងស្នាដៃល្អក្នុងភារកិច្ចរក្សាសន្ដិភាព។
ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុស្ត្រី អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖«ដូចជាព្រឹកមិញពីថ្ងៃទី៤ ថ្ងៃទី០៦ យើងបានទទួល និងបញ្ចូនកងទ័ពយើងទៅធ្វើបេសកម្មរក្សាសន្ដិភាព នៅអង្គការសហប្រជាជាតិ ហើយយើងត្រូវបានប្រទេសអង្គការសហប្រជាជាតិមួយចំនួនលើកសរសើរយើង។ ក្នុងចំនួនប្រទេសជាង ១០០គឺប្រទេស យើងបានលេខ ៣៥ ដែលយើងមានមោទនភាពណាស់ ។ ចំណែកនារីយើងជាកងទ័ព បាបានទៅបំរើការងារនៅអង្គការសហប្រជាជាតិ គឺ ជាប់លេខ២ ហើយនៅក្នុងអាស៊ាន យើងជាប់លេខ៣ ជាកងទ័ពដែលមានស្នាដៃល្អក្នុងការបំរើភារកិច្ចរក្សាសន្ដិភាពក្រោមឆ័ត្រអន្ដរជាតិ»។
តាមអ្នកនាំពាក្យ លទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កងទ័ពនៅពេលនេះ គឺ បានបង្ហាញអោយឃើញពីភាពរីកចំរើនធំធាត់របស់កងទ័ពកម្ពុជា។ លោក ឈុំ សុជាតិ ៖« ចឹងយើងឃើញថា ទង្វើទាំងអស់នេះ វាបង្ហាញនូវការរីកចំរើនធំធាត់របស់កងទ័ពយើង ក្នុងរយៈកាល ១០ឆ្នាំហើយដែលយើងបានធ្វើការបញ្ចូនកងទ័ពទៅនោះ តាំងពី២០០៦មក…»។
សូមជម្រាបដែរថា បើតាមលោក ឈុំ សុជាតិ កងទ័ពកម្ពុជាដែលបានបញ្ចប់បេសកម្មអង្គការសហប្រជាជាតិដោយជោគជ័យ មានជិត ៣០០នាក់ ក្នុងនោះកងទ័ពកម្ពុជា ត្រឡប់មកពីប្រទេសលីបង់វិញចំនួន ១៨៤នាក់ និងប្រទេសសូដង់ខាងត្បូងចំនួន ៧៥នាក់។ ចាប់តាំងឆ្នាំ២០០៦ មក កម្ពុជាបានបញ្ចូនកងទ័ពទៅបរទេសក្នុងក្រមខណ្ឌអង្គការសហប្រជាជាតិ មាន៣៥៥៧នាក់ ក្នុង១១៨នាក់ជាស្ត្រី ហើយប្រទេសដែលកងទ័ពកម្ពុជាបំពេញបេសកកម្ម គឺប្រទេសសូដង់ សូដង់ខាងត្បូង សាធារណរដ្ឋ ឆាដ លីបង់ ម៉ាលី ស៊ីរី និងកោះហ្ស៊ិប ៕