រដ្ឋមន្ដ្រីក្រសួងការពារជាតិរាជាណាក្រថៃ Wissanu Krea-ngam បានបង្ហើបព័ត៌មានឲ្យអ្នកសារព័ត៌មានដឹងថា ការបោះឆ្នោតសភា អាចនឹងចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០១៨ បើរាប់ពីខែនេះទៅគឺនៅរយៈ ពេល ១៩ខែទៀត។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា ការរៀបចំការបោះឆ្នោតនេះគឺបន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឲ្យប្រើ មុនការបោះឆ្នោតត្រូវធ្វើឡើង ពោលគឺរយៈពេល ៩០ថ្ងៃក្រោយពីច្បាប់កំពូលនេះ ត្រូវបានព្រះ មហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យចូលជាធរមាន។
អតីតនាយករដ្ឋមន្ដ្រីថៃ អាភីស៊ីតវាចាជីវ៉ា និងជាប្រធានគណបក្សប្រជាធិបតេយ្យបានប្រាប់សារព័ត៌ មានថៃ The Nation ថា សម្រាប់គណបក្សរបស់លោកមិនជាបញ្ហាអ្វីទេ ទោះជាពន្យាពេលការបោះឆ្នោតក៏ដោយ តែធ្វើយ៉ាងណាឲ្យស្ថានភាពល្អប្រសើរ។
ចំណែកឯលោកស្រី យ៉ីងឡាក់ ដែលកំពុងមានរឿងក្ដីក្ដាំនៅតុលាការ ករណីបណ្ដោយឲ្យមានរឿងអស្រូវពុករលួយក្នុងគម្រោងទិញស្រូវ មិនទាន់ថ្លែងចាប់អារម្មណ៍ចំពោះការអះអាងរបស់រដ្ឋមន្ដ្រីក្រសួង ការពារជាតិរូបនេះទេ។ ថៃនិងកម្ពុជាជាប្រទេសមានព្រំដែនរួមជាមួយគ្នា។
ប្រទេសកម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតសភានៅ ខែកក្កដា ឆ្នាំ២០១៨ នេះដែរ។ បើព្រឹត្ដការណ៍នេះកើតឡើងគឺជារឿងចំឡែកមួយ ដែលប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍មានព្រំដែនជាប់គ្នា រៀបចំបោះឆ្នោតនៅខែតែមួយ។
តែយ៉ាងណាក៏ដោយការបោះឆ្នោតនៃប្រទេសទាំងពីរនេះច្រើនតែនាំមកនូវរឿងរ៉ាវជាច្រើនកើតឡើង។ នៅរាជាណាចក្រថៃក្រោយការបោះឆ្នោតតែងតែមានការធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សនយោ បាយដើម្បីទាមទារឲ្យគណបក្សដែលឈ្នះឆ្នោតពិនិត្យគោលនយោបាយរបស់ខ្លួនឡើងវិញ ដែលធ្វើឲ្យពួកយោធាឆក់ឱកាសដណ្ដើមអំណាច។ ចំណែកនៅកម្ពុជាឲ្យតែមានការបោះឆ្នោតសភាម្ដងៗ ឃើញថាមានបាតុកម្មទាមទារបោះឆ្នោតឡើងវិញ។
ការទាមទារបោះឆ្នោតឡើងវិញនៅកម្ពុជា ទីបំផុតត្រូវបានបង្ក្រាបហើយ បង្ខំឲ្យបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា ប្រមូលសមាជិកសភា ចូលធ្វើការនៅសភាវិញ ទើបធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់៕