ភ្នំពេញ៖ ខណៈដែលគណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត បិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង ដើម្បីទុកលទ្ធភាពឱ្យប្រជាពលរដ្ឋធ្វើការប្តឹងតវ៉ា ករណីខុសប្រក្រតីមួយចំនួន នៅព្រឹកថ្ងៃទី០៦ មករានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ទៅពិនិត្យឈ្មោះ ឱ្យទាន់ពេលវេលា។
សម្តេចបានសរសេរលើទំព័រហ្វេសប៊ុកថា ៖«គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទផ្សាយបញ្ជីឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ និងអ្នកដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនៅតាមបណ្តាឃុំ-សង្កាត់ទូទាំងប្រទេស ឬទីតាំងណាមួយនៃឃុំ-សង្កាត់។ ប្រសិនបើ បងប្អូនពិនិត្យឃើញ ឈ្មោះខុស ឬ បាត់ឈ្មោះ ឬមានបញ្ហាអ្វីមិនប្រក្រតី គឺបងប្អូនអាចធ្វើការតវ៉ាបានក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ ១៤ ខែមករា ឆ្នាំ២០១៧»។
សម្តេចសរសេរបន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី ៤ មិថុនាឆ្នាំ ២០១៧ក្នុងពេលដ៏ខ្លីខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត។
ពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ មានចំនួនជិត ៨លាននាក់។ ឈ្មោះរបស់ពួកគាត់ត្រូវបានបិទផ្សាយដើម្បីធ្វើការផ្ទៀងផ្ទាត់នៅតាមសាលាឃុំ សង្កាត់នៅទូទាំងប្រទេសកម្ពុជាហើយបញ្ជីឈ្មោះនេះនឹងយកទៅផ្ទៀងផ្ទាត់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤មិថុនាឆ្នាំ២០១៧នេះ៕