Gambia៖ ល្បែងនយោបាយឆ្មាចាប់កណ្ដុរនៅវគ្គទី៤នេះ អស់លោក នឹងបានដឹងពីស្ថានការណ៍នយោបាយនៅប្រទេស Gambia កាន់តែគ្រោះថ្នាក់។ កាន់តែគ្រោះថ្នាក់ ដោយសារជនផ្ដាច់ការចាញ់ឆ្នោត លោក Yahya Jammeh បានទៅរៀបចំមូលដ្ឋានទ័ពឧទ្ទាមរបស់លោករួចហើយ ដើម្បីទប់ទលនឹងទ័ពសហភាពអាហ្វ្រិក ដឹកនាំដោយ ប្រទេសហ្សេនេហ្គាល់ ខណៈមេទ័ពដែលពីមុនគាំទ្រលទ្ធផលបោះឆ្នោត គឺពេលនេះ លោកថាត្រូវការពារប្រទេសកុំឱ្យមានការឈ្លានពានពីប្រទេសជិតខាង។
នេះ គឺជារឿងភាគ ល្បែងនយោបាយឆ្មាចាប់កណ្ដុរនៅប្រទេសតូចមួយ នៅអាហ្វ្រិក ដែលជនផ្ដាច់ការ Yahya Jammeh គឺ ជាអ្នកបង្កើតព្រឹត្តិការណ៍នេះឡើង ។
សូមស្ដាប់ការ ប្រែសម្រួល រឿងល្បែងឆា្មចាប់កណ្ដុរនៅ Gambia ដែលជាភាគបន្ត ដោយរៀបរៀងដោយលោក នួន បូរិន ដូចតទៅ៖
រឿងឆ្មាចាប់កណ្ដុរក្នុងខ្សែភាពយន្តគំនូរជីវចល មានតួអង្គ២សំខាន់ គឺTomy និងJerry ជារឿងភាគពេញនិយមរបស់ កុមារ ។ រឿងនេះ កុមារមើលសឹងតែមិនចង់ស្ពាយកាតាបទៅសាលារៀន រហូតម្ដាយឪពុក ស្ដីបន្ទោស ទាញ រំពាត់វាយ ។
ចំណែករឿងល្បែងនយោបាយ ឆ្មាចាប់កណ្ដុរភាគទី៤នៃប្រទេស Gambia មានរឿងប្លែកជាច្រើនកើតឡើងដែលសុទ្ធតែធ្វើឱ្យគ្រោះថ្នាក់ដល់ ជីវិតមនុស្ស សេចក្ដីសុខរបស់ប្រជាជននិងលទិ្ធប្រជាធិបតេយ្យ។
រឿងភាគទី៤នេះ យើង ចាប់ផ្ដើមនិយាយពី លោក Jammeh រៀបចំមូលដ្ឋានទ័ព ការពារខ្លួនលោក នៅពេល លោកត្រូវបានទ័ពសហភាពអាហ្វ្រិកចូលអន្តរាគមន៍ដើម្បី បណ្ដេញលោកពីអំណាច។
ការរៀបចំមូលដ្ឋានទ័ពដើម្បីបន្តក្រាញអំណាច
សារព័ត៌មានមួយឈ្មោះថា Freedom News Paper បានចុះផ្សាយនៅថ្ងៃទី៥មករានេះថាលោក Yahya Jammeh បានទៅមើលជំរំហ្វឹកហ្វឺនទ័ពពិសេសមួយរបស់លោក នៅភាគខាងត្បូងប្រទេស។ សារព័ត៌មាននេះ ចុះផ្សាយថា ជំរំទ័ពនេះ គឺជាមូលដ្ឋានសឹកធំមួយ ដើម្បីការពារប្រទេសផង និងការពារខ្លួនលោកនិងគ្រួសារ ប្រសិនបើ លោកមិនអាចរស់នៅវិមានប្រធានាធិបតីនៅរដ្ឋធានី Banjul បានទៀតនោះ។ តាមប្រភពដដែល យ៉ាងតិច មេទ័ព ៣រូប បានអមដំណើរលោក Jammeh ទៅកាន់ មូលដ្ឋានទ័ព នៅទីនោះ។ ជាមួយគ្នានេះ គេឃើញក្រុមអង្គរក្សរបស់លោក Jammeh បានប្រើប្រាស់រថយន្តយោធាដែលមានការបំពាក់ដោយ កាំភ្លើងយន្តរួចហើយ ដោយបើកហ្វឹកហ្វឺនក្នុងជំរំនេះ។
តាមសេចក្ដីរាយការណ៍ ទ័ពក្នុងជំរំនេះមាន ជិត២០០០នាក់។ មេទ័ពម្នាក់ដែលជាប់សាច់ឈាមជាមួយ Jammeh និយាយប្រាប់ Freedom Newspaper ថា លោក Jammeh ប្ដេជ្ញាថា លោកត្រូវតែធ្វើសង្គ្រាម ដើម្បីប្រទេស និងប្រជាជនរបស់លោកដោយមិនបណ្ដោយឱ្យ កងទ័ពបរទេស ចូលប្រទេសលោកបានឡើយ។ ប៉ុន្តែតាមប្រភពចារកម្មរបស់ប្រទេសហ្សេនេហ្គាល់ កងទ័ពកំពុងហ្វឹកហ្វឺនក្នុងជំរំនោះ គឺទាហ៊ាន ស៊ីឈ្លួល មកពីប្រទេស Liberia, Sierra Leone, Mali, និងកងអង្គរក្ស របស់លោក។
កងទ័ពសហភាពអាហ្រិ្វកត្រៀមចូលអន្តរាគមន៍ ឱ្យលោក Adama Barrow ឡើងកាន់តំណែង
កងទ័ពសហភាពអាហ្វ្រិកដឹកនាំដោយប្រទេសហ្សេណេហ្គាល់ ត្រៀមចូលអន្ដរាគមអោយលោក Adama Barrow ស្បថចូលកាន់តំណែងនៅថ្ងៃ ១៨មករា ប្រសិនបើលោក Jammeh មិនព្រមចាកចេញពីវិមានប្រធានាធិបតី។
ប្រធានសហគមន៍សេដ្ឋកិច្ចអាហ្រិ្វចខាងលិច (ECOWAS), លោក Marcel De Souza បានអោយបណ្ដាញផ្សាយព័ត៌មាន DW របស់អាល្លឺមង់ ដឹងថា កងទ័ពសហភាពអាហ្វ្រិកខាងលិច បានត្រៀមខ្លួនរួចទៅហើយ ដើម្បីចូលលុកលុយប្រទេសហ្គាំប៊ៀ នៅថ្ងៃទី ១៩មករា ក្នុងករណីដែល លោក Adama Barrow បេក្ខជនឈ្នះឆ្នោត ប្រធានាធិបតីមិនអាចចូលកាន់តំណែងបាននោះ ។
លោកបានបញ្ជាក់ទៀតថា កងទ័ពសហភាពអាហ្វ្រិកគាំទ្រដោយសន្ដិសុខអង្គការសហប្រជាជាតិមានកាតព្វកិច្ចក្នុងករណីនេះ ហើយត្រូវតែបំពេញបេសកកម្មនេះ អោយមានប្រសិទ្ធិភាព ។
ប្រធានរៀបចំបោះឆ្នោតរត់ចោលស្រុកនិងការបិទស្ថានីយវិទ្យុឯករាជ្យ
មុនលោកទៅកាន់ជំរំទ័ពព្រៃនៅភាគខាងត្បូងប្រទេស លោក Yahya Jammeh បានគំរាមសម្លាប់លោក Alieu Momar Njai ប្រធានរៀបចំការបោះឆ្នោតរហូតរត់ចោលស្រុក ហើយក្រោយមកទៀតលោកបញ្ជាឱ្យកងសន្តិសុខរដ្ឋទៅបិទស្ថានីយវិទ្យុឯករាជ្យចំនួន៣ ដែលធ្វើអត្ថាធិប្បាយ ពីការដឹកនាំប្រទេសរបស់លោកពោរពេញដោយការរំលោភសិទ្ធិមនុស្ស។
ប្រធានរៀបចំការបោះឆ្នោត រូបនេះ បានចេញមុខប្រឆាំងលោក Jammeh ដែលបង្កអសន្តិសុខ នៅពេលដឹងថា លោក ចាញ់ឆ្នោត មេបក្សប្រឆាំង Adama Barrow នៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃទី១ធ្នូ។ ករណីនេះលោក Momar Njai បានប្ដឹងលោកJammeh ទៅតុលាការកំពូល។
តាមសេចក្ដីរាយការណ៍ ប្រធានរៀបចំបោះឆ្នោតប្រទេសនេះបានភៀសខ្លួនទៅក្រៅប្រទេសបាត់ហើយ។ ស្របពេលនេះស្ថានីយវិទ្យុឯករាជ្យចំនួន៣ ដែលផ្សាយព័ត៌មានអំពីសិទ្ធិមនុស្ស និងលទិ្ធប្រជាធិបតេយ្យ ត្រូវបានលោក Jammeh បញ្ជាឱ្យបិទការផ្សាយទាំងស្រុង ដោយចោទថា ផ្សាយព័ត៌មានបែបបង្កអសន្តិសុខ។
តុលាការកំពូលនឹងបើកសវនការ ករណីលទ្ធផលបោះឆ្នោតនៅថ្ងៃទី១០មករា
តាមសេចក្ដីរាយការណ៍ តុលាការកំពូលប្រទេសនេះ នឹងបើកសវនាការលើបណ្ដឹងលោក Jammeh ដែលបានប្ដឹងសុំទុកជាមោឃៈ ចំពោះលទ្ធផលបោះឆ្នោតថ្ងៃទី ១ធ្នូ ដែលនាំអោយលោកចាញ់ឆ្នោត។
ក្នុងសំណុំរឿងលទ្ធផលបោះឆ្នោតនាំអោយមានការព្រួយបារម្ភថា តុលាការនេះ អាចនឹងលម្អៀងទៅរកលោក Jammeh ដោយសារតែធ្លាប់រងឥទ្ធិពលអំណាចរបស់លោក Jammeh។ ចៅក្រមរបស់តុលាការនេះ ត្រូវគេមើលឃើញថា ជាសមាសភាពនៃបក្សកាន់អំណាចរបស់លោក Jammeh។
តាមសេចក្ដីរាយការណ៍ក្នុងចំណោម ចៅក្រម៩រូប គឺ មានតែ ២រូបប៉ុណ្ណោះដែលគេដឹងថា ប្រកាន់ចំហរឯករាជ្យ។ តែបែបនេះក្ដី លោក Marcel De Souza ប្រធានសហគមន៍សេដ្ឋកិច្ចអាហ្រិ្វចខាងលិច ព្រមានថា ទោះបីសេចក្ដីសម្រេចរបស់តុលាការយ៉ាងណាក្ដី គឺ លោក Jammeh មិនអាចកាន់អំណាចបានឡើយ។
លោក Jammeh ថា អំណាចរបស់លោកបានមកពីការប្រទានរបស់ព្រះជាម្ចាស់
លោក Jammeh បានឡើងកាន់អំណាចនៅឆ្នាំ ១៩៩៤ តាមរយៈនៃការធ្វើរដ្ឋប្រហារ។ប៉ុន្ដែ លោកបានអនុញ្ញាតឲ្យមានការបោះឆ្នោតគ្រប់អាណត្តិទាំងអស់។
ការបោះឆ្នោតក្រោមការចាត់ចែងរបស់គណៈកម្មាការរៀបចំការបោះឆ្នោត ប្រទេសនេះ កន្លងមកត្រូវបានមើលឃើញថា គ្រាន់តែជារូបភាពនៃការបន្ដកាន់អំណាចរបស់លោក Jammeh តែប៉ុណ្ណោះ។ ជាការពិតការបោះឆ្នោតពោរពេញដោយការបន្លំសន្លឹកឆ្នោត និងទិញទឹកចិត្តអ្នកបោះឆ្នោត។ យ៉ាងនេះក្ដី លោកបានហៅការឡើងកាន់អំណាចរបស់លោកបានមកពីការប្រទានរបស់ព្រះអាឡោះ ។លោកថា មានតែព្រះអាឡោះអាចឃាឃាំងលោកមិនអាចបន្ដកាន់អំណាចបានទៀត៕ប្រភព:DW