ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសរសេរសាររម្លឹកខួបអាពាហ៍ពិពាហ៍របស់លោកកាលពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលសម្ដេចថា នៅថ្ងៃទី០៥ មករា នេះ ជាខួបអាពាហ៍ ពិពាហ៍ ៤១ឆ្នាំ នៃ ភរិយារបស់សម្ដេច។
សាររបស់សម្ដេច ហ៊ុន សែន រៀបរាប់ថា ៖ “ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤១ឆ្នាំ របស់ខ្ញុំ (៥ មករា ១៩៧៦ - ៥ មករា ២០១៧)។ ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្គ្រាម គឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ”។
សម្ដេច ហ៊ុន សែន បានសរសេរបន្ដទៀតថា ជីវិតជាយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះ ដែលជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការ គ្មានទេដែលហៅថាសេចក្តីសុខ។
សាររបស់សម្ដេចរៀបរាប់បន្ថែមថា ៖ “ខ្ញុំបានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល ២ខែ។ ទាំងនេះគឺសុទ្ធ តែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ”។
បើជនណាបានឆ្លងកាត់ របបកម្ពុជាប្រជាធិបតេយ្យ ពិតជាវេទនាបំផុត លើកលែងជននោះ ជាកម្មា ភិបាល ជាន់ខ្ពស់នៃរបបអាវខ្មៅនេះ។ របបនេះ ពង្រាត់កូនពីម្ដាយ ប្ដីពីប្រពន្ធ ប្អូនពីបងហើយបើព្រាត់ហើយសឹងគ្មានថ្ងៃជួបគ្នាឡើយ។ ត្រងនេះហើយដែលសម្ដេច ហ៊ុន សែន និយាយពី “ទុក្ខស្រីប្តីព្រាត់”។
សម្ដេចបន្ដថា៖ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះយើងមានកូន និង ចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។
គូស្វាមីភរិយាទាំងពីរនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺ ជាគូទី១៣ ដែលកម្មាភិលបាលខ្មែរក្រហមរៀបចំអោយ។ នេះបើយោងតាមប្រសាសន៍សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កន្លងមក។ សូមជម្រាបដែរថា មុននឹងសម្ដេចរត់ទៅតស៊ូនៅប្រទេសវៀតណាមដើម្បីរំដោះ ប្រជាជនពីរបបខ្មែរក្រហមសម្ដេច គឺជាមេបញ្ជាការកងទ័ពនៅភាគខាងកើតប្រទេសនៃរបបកម្ពុជាប្រជាធិបតេយ្យនេះ ៕