សភាថៃដែលភាគច្រើនមកពីកងទ័ព បាន ផ្ដល់អនុសាសន៍ឱ្យរដ្ឋាភិបាល ធ្វើការបោះឆ្នោត សភា ជាថ្មីម្ដងទៀតនៅ ពាក់កណ្ដាល ឆ្នាំ២០១៨ ខណៈនាយករដ្ឋមន្ដ្រី ប្រាយុទ្ធចាន់អូចា ស្ទាក់ស្ទើរ ថាតើត្រូវធ្វើនៅពេលណានោះទេ។
តាមសារព័ត៌មានថៃ The Nation សមាជិកសភារបស់ពួកយោធា បានស្នើថារយៈពេល ១៥ខែយ៉ាងយូរក្រោយពីច្បាប់បោះឆ្នោតថ្មីចូលជាធរមាន គឺត្រូវមានការបោះឆ្នោតនៅពាក់កណ្ដាលឆ្នាំ ២០១៨។
យ៉ាងណាក៏ដោយ នៅពេលអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលសួរ អំពីពេលវេលាជាក់លាក់ណាមួយសម្រាប់ការបោះឆ្នោត ឧត្តមសេនីយប្រាយុទ្ធចាន់អូចាមិនបានឆ្លើយតបដោយភាពជាក់លាក់ឡើយ។ លោកគ្រាន់តែអះអាងថា ត្រូវរង់ចាំ ច្បាប់រៀបចំការបោះឆ្នោត ថ្មី ចូលជាធរមានសិន។ លោកប្រាយុទ្ធបានបញ្ជាក់ដូចនេះថា ៖ ខ្ញុំ សន្យាធ្វើអោយប្រជាជនថៃមានសន្ដិភាពជាមុនសិន ឬឆាប់ៗនេះនឹងមានការបោះឆ្នោត ហើយអ្វីដែលយើងរងចាំគឺច្បាប់រៀបចំការបោះឆ្នោតថ្មី។
នាយករដ្ឋមន្ដ្រីឡើងកាន់អំណាចដោយសារការធ្វើរដ្ឋប្រហាររូបនេះ ធ្លាប់អះអាងថា ការបោះឆ្នោតសភាជាថ្មីម្ដងទៀតតាមគោលការណ៍ប្រជាធិបតេយ្យអាចធ្វើឡើងនៅខែកក្កដា ឆ្នាំ ២០១៧ ៕