ភ្នំពេញ៖លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សប្រឆាំងដែលតម្រូវឲ្យនាំខ្លួនឡើងសវនការជំនុំជម្រះក្ដីនៅសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ត្រូវបានខកខានដោយសារតែមេធាវីសុំលើកពេល។
តាមអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ដ្រីបានឲ្យដឹងថា ការពិតសវនការសាលាឧទ្ធរណ៍នេះត្រូវជំនុំជម្រះក្ដី សំណុំរឿងលោក ហុង សុខហួរ នៅព្រឹកនេះដោយសារតែមេធាវីប្ដឹងជំទាស់សាលក្រមរបស់តុលាការរាជធានីភ្នំពេញដែលសម្រេចផ្ដន្ទាទោសសមាជិកព្រឹទ្ធសភារូបនេះអោយមានទោស ៧ឆ្នាំ ករណី ក្លែងឯកសារសន្ធិសញ្ញាព្រំដែន កម្ពុជា -វៀតណាម។
តាមប្រភពដដែល ការដែលមិនបាននាំខ្លួនជនជាប់ចោទមកកាន់សាលាឧទ្ធរណ៍គឺដោយសារតែមេធាវីរបស់ជនជាប់ចោទសុំលើកពេលសវនការ ក្នុងមូលហេតុក្រុមមេធាវីជនជាប់ចោទទាមទារឲ្យមានអ្នក ជំនាញម្នាក់ចូលខ្លួន មកបកស្រាយនៃការប្រើប្រាស់ឯកសារដែលបង្ហោះនៅលើប្រព័ន្ធអ៊ីនធីណែត។
តាមព័ត៌មានសវនការករណីលោក ហុង សុខហួរ ដដែលនេះនឹងធ្វើឡើងនៅខែ កុម្ភៈ ឆ្នាំ២០១៧។
លោក ហុង សុខហួរ ត្រូវបានតុលាការ ចោទប្រកាន់ចំនួន ៣បទល្មើស ក្នុងនោះមាន ៖ “ បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ”។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃុំខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះនូវឯកសារមួយស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា - វៀតណាម លើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាជាឯកសារក្លែងក្លាយ។
ក្នុងសំណុំរឿងនេះលោក សម រង្ស៊ី ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស ៥ឆ្នាំ ហើយជំនួយការហ្វេសប៊ុករបស់លោក ២រូបទៀតមានទោសម្នាក់ ៣ឆ្នាំ៕