Gambia៖ យ៉ាងហោចណាស់ស្ថានីយវិទ្យុឯករាជ្យចំនួន៣ទៀត ត្រូវបានលោកប្រធានាធិបតីចាញ់ឆ្នោត Yahya Jammeh នៃប្រទេស Gambia បានបញ្ជាឱ្យបិទការផ្សាយជាបន្ទាន់នៅថ្ងៃនេះ ដោយសារតែវិទ្យុទាំងនោះ បានធ្វើអត្ថាធិប្បាយនយោបាយ រិះគន់ការដឹកនាំរបស់លោក។
តាមទីភ្នាក់ងារសារព័ត៌មានរយទ័រ ស្ថានីយវិទ្យុទាំងនោះរួមមាន ៖ Teranga FM , The Hill FM និង Afri Radio ។
ស្ថានីយវិទ្យុទាំងបីនេះត្រូវបានបញ្ជាឱ្យបិទជាបន្ដបន្ទាប់គ្នា គឺ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមន្ដ្រីព័ត៌មានរបស់រដ្ឋាភិបាលរកឃើញថា ស្ថានីយវិទ្យុទាំងនេះ ផ្សាយព័ត៌មានញុះញង់អោយពលរដ្ឋ Gambia ប្រឆាំងនឹងលោក Yahya Jammeh។
ប៉ុន្ដែអង្គការសិទ្ធិមនុស្សអន្ដរជាតិ និងអង្គការក្នុងស្រុករបស់ប្រទេសនេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះវិធានការនេះ ដោយចាត់ទុកថា ជាការបំបិទសម្លេងរបស់អ្នកឯករាជ្យ ។
លោក Yahya Jammeh ដែលជាបេក្ខជនចាញ់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ០១ធ្នូ បានប្រកាសថា លោកមិនចុះចេញពីអំណាចដាច់ខាត លើកលែងតែតុលាការកំពូលសម្រេចសេចក្ដីថាលោកពិតជាចាញ់ឆ្នោតមែននោះ។
លោក Yahya Jammeh បានកាន់អំណាចរយៈពេល ២២ឆ្នាំ ។
លោកបានកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធានៅឆ្នាំ ១៩៩៤។ ប៉ុន្ដែអំឡុងរយៈពេល ២២ឆ្នាំនេះ លោកបានឈ្នះឆ្នោតតាមរយៈការបោះឆ្នោត ដែលបក្សប្រឆាំងចោទថា ឈ្នះឆ្នោតដោយការបន្លំសន្លឹកឆ្នោត។
យ៉ាងណាក៏ដោយ បេក្ខជនឈ្នះឆ្នោត Adama Barrow បានព្រមានលោក Jammeh អោយប្រុងប្រយ័ត្នធ្លាក់ខ្លួនជាមេដឹកនាំទ័ពឧទ្ទាម បើលោកមិនព្រមចាកចេញពីអំណាចមុនថ្ងៃ ១៨មករា នោះ។
ករណីដែលលោក Yahya Jammeh មិនព្រមចុះចេញពីអំណាចនោះ នាំអោយកងទ័ពសហភាពអាហ្វ្រិកព្រមានថា នឹងចូលអន្ដរាគមន៍បណ្ដេញលោកចេញពីអំណាច៕