ភ្នំពេញ៖ ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ចំនួន បី នៅកម្ពុជាត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញលិខិតព្រមានពីការធ្វេសប្រហែសដែលបានបង្កឱ្យមានគ្រោះថ្នាក់ច្រើន។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលបានចេញផ្សាយកាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧។ លោក ជួន សារ៉េត រាយកាណ៍៖
រូបតំណាងគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។[/caption]ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរទាំង៣នេះមានក្រុមហ៊ុន វីរៈ ប៊ុនថាំ ក្រុមហ៊ុន រិទ្ធ មុនី និងក្រុមហ៊ុន 15 SH ដែល ក្រុមហ៊ុនទាំង បីនេះ បានបង្កគ្រោះថ្នាក់ច្រើនបំផុតក្នុងឆ្នាំ២០១៥។
រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មឹន មាណវី បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីដឹងនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៧នេះថា លិខិតបានព្រមានបានប្រគល់ឱ្យក្រុមហ៊ុននោះហើយ។ តែលោកស្រីថាលិខិតព្រមាននោះគ្រាន់តែណែនាំទៅដល់ម្ចាស់ក្រុមហ៊ុនឱ្យយកចិត្តទុកដាក់អប់រំទៅដល់អ្នកបើកបរ ឱ្យមានក្រមសីលធម៌ពេលបើកបរ និងត្រូវប្រុងប្រយ័ត្នគ្រប់ពេលបើកបរ។ យ៉ាងណា លោកស្រីថា ក្រុមហ៊ុនទាំង៣នេះ បានធ្វើការណែនាំច្រើនហើយ។
លោកស្រី មឹន មាណវី៖«ឃើញថា២០១៦គាត់មានការថយចុះ គាត់យកចិត្តទុកដាក់ច្រើនជាងមុនថយចុះគ្រោះថ្នាក់អីហ្នឹង បើសិនគាត់នៅតែមិនមានការកែប្រែបង្ករគ្រោះថ្នាក់ទេនឹងមានការដកហូតអាជីវកម្មគឺពិតជាមាន»។
ទាក់ទងនឹងករណីនេះដែរ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ លោក រុន រ័ត្នវាសនា បាននិយាយថា ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរទាំងទ្បាយណាដែលបើកបរ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរនឹងទទួលិខិតព្រមានជាលាយលក្ខណ៍អក្សរ ឬដកហូតអាជីវកម្ម។
លោក បន្តថាដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះក្រសួងមហាផ្ទៃបានចូលរួមចំណែកដូចជា៖ «យើងឃើញហើយថានៅក្នុងរបាយការណ៏ទៅលើទិសដៅរួមដែលសម្រាប់ឆ្នាំ២០១៧ហ្នឹងគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកហ្នឹងទិសដៅរួមសម្រាប់ឱ្យអនុវត្តតាមរាជធានីខេត្តគឺថា៨ចំនុចហើយក្នុងហ្នឹងម្សិលមិញខាងខ្ញុំក៏បានប្រជុំផ្សព្វផ្សាយមន្ត្រីក្រោមឱវាទ ហើយហ្នឹងជម្រុញទៅលើមន្ត្រីក្រោមឱវាទផ្សេងៗទៀតពាក់ព័ន្ធរាជធានីខេត្ត ជម្រុញឱ្យរាជធានីខេត្តហ្នឹងធ្វើផែនការសកម្មភាពគ្រប់ទីតាំងទាំងអស់ដែលអនុវត្តច្បាប់ចរាចរណ៍ឱ្យប្រសើរទ្បើង»។
ឆ្លើយតបនិងលិខិតព្រមាននោះដែរ ប្រធានរដ្ឋបាលក្រុមហ៊ុនរិទ្ធមុនី លោក សំ វិចិត្រ បាននិយាយថា ករណីខ្លះមិនមែនជាការថ្វេសប្រហេសរបស់អ្នកបើកបរទេ តែជាបញ្ហា ផ្សេងទៀត។ លោកថាករណីឆេះរថយន្តកាលពីឆ្នាំ២០១៥គឺជារឿងអចេតនា។
បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក គ្រោះថ្នាក់ចរាចរណ៏ឆ្នាំ២០១៦ បានកើតឡើងចំនួន ៣៧០០ ករណី បណ្ដាលឱ្យស្លាប់ចំនួន ១៧១៧នាក់ និង របួស ៦៦០៧នាក់៕