ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និយាយថា ការជួសជុលស្ពានជ្រោយចង្វារមិនទាន់អាចកំណត់ពេលវេលាជាក់លាក់បាន ព្រោះស្ថិតនៅក្នុងនីតិវិធីរបស់ប្រទេស ជប៉ុននៅទ្បើយ។ តាមគម្រោងការជួសជុលស្ពានជ្រោយចង្វារត្រូវចាប់ផ្តើម នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែង នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ កាលព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ថា ស្ពានជ្រោយចង្វារនឹងចាប់ផ្តើមឱ្យជួសជុលទ្បើងវិញនៅអំទ្បុង ខែមករា ឆ្នាំ២០១៧។ តែ រហូតមកដល់ពេលនេះស្ពានជ្រោយចង្វារនៅតែមិនទាន់មានការជួសជុលនៅទ្បើយ។
អគ្គនាយករងនិង ជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក នូ វឌ្ឍនៈ បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា ការងារជួសជុលស្ពាននេះស្ថិតក្នុងនីតិវិធីរបស់ប្រទេសជប៉ុននៅឡើយ។
លោក នូ វឌ្ឍនៈ ៖«បាទការងារហ្នឹងវាទាក់ទងនឹងភាគីខាងជប៉ុនពីព្រោះថាការងារអនុវត្តហ្នឹងវាមិនមែនដេញថ្លៃនៅត្រឹមយើងទេគឺជាការដេញថ្លៃនៅប្រទេសជប៉ុន ហើយក្រុមហ៊ុនម៉ៅការក៏ជាក្រុមហ៊ុនរបស់ជប៉ុនដែរ បើនិយាយទៅថវិកាហ្នឹង ថវិកាខាងជប៉ុនដល់អញ្ចឹងនីតវិធីគេហ្នឹងមិនទាន់ច្បាស់ រហូតដល់ខែ០២ហ្នឹងក៏មិនទាន់អាចដឹងថានីតិវិធីវារុញចុះរុញទ្បើងវាម៉េចដល់អញ្ចឹងយើងវាពិបាកកំណត់ការផ្អាកជួសជុលស្ពានជ្រោយចង្វារបណ្តោះអាសន្ន»។
បើតាមការឱ្យដឹងពីលោក ស៊ុន ចាន់ថុល មានប្រសាសន៍ថាបើមានការជួសជុលស្ពាននេះគឺត្រូវប្រើពេល ២២ខែ ហើយនឹងត្រូវផ្អាកឱ្យដំណើរការជាបណ្តោះអាសន្នសិន ដោយជំនួសដោយសាទ្បាងវិញ។
សូមជម្រាបថាស្ពានជ្រោយចង្វារដែលត្រៀមនឹងជួសជុលនេះធ្វើទ្បើងតាំងពីសម័យសង្គមរាស្ត្រនិយម ។ ស្ពានដ៏មានសារសំខាន់នេះ ត្រូវបានដាក់គ្រាប់បែកកំទេច ដាច់មួយកំណាត់ ដោយទ័ពព្រៃខ្មែរក្រហម កាលពីសង្គ្រាម ស៊ីវិល ទសវត្ស១៩៧០។ ប៉ុន្តែត្រូវបានតងភ្ជាប់វិញ នៅទសវត្ស ១៩៩០ ដោយម្ចាស់ជំនួយចាស់របស់ស្ពាននេះគឺប្រទេសជប៉ុន៕