en     km
en     km

​កូនលោក​ណៃ​វង់​ដា​៖​ខ្ញុំ​ស្រក់​ទឹកភ្នែក​នៅ​ពីមុខ​ផ្លូវ​ចូល​ពន្ធនាគារ​ព្រៃ​ស​ព្រោះ​គេ​កំពុង​សប្បាយ​ឪពុក​ខ្ញុំ​ដេក​គុក​

Share

ភ្នំពេញ​៖​ កូនប្រុស​ លោក​ ណៃ​ វង់​ ដា​ ឈ្មោះ​ ណៃ​ សូ​វី​លី​  បាន​និយាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឱ​ពុក​របស់​ខ្លួន​ ថា​ថ្ងៃ​ទី​១​មក​រា​គឺ​គ្រប់​ក្រុម​គ្រួសារ​ទាំងអស់​ក្នុង​ពិភពលោក​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រកបដោយ​សុភមង្គល​ និង​ស្នាមញញឹម​ ដែល​ខុស​ពី​គ្រួសារ​របស់​ខ្លួន​ គឺ​ អាច​ត្រឹមតែ​សម្រក់​ទឹកភ្នែក​ នៅ​ពីមុខ​ផ្លូវ​ចូល​ពន្ធនាគារ​ព្រៃ​ស​។​ ការ​រៀបរាប់​របស់​កូនប្រុស​ លោក​ណៃ​វង់​ដា​ ដូចនេះ​ នៅ​ពេល​ដែល​គេ​និង​ម្ដាយ​ បាន​ទៅ​សួរ​ទុក្ខ​ឪពុក​ នៅ​ក្នុង​ពន្ធ​ធនាគារ​ព្រៃ​ស​ កាលពី​ថ្ងៃអាទិត្យ​ទី​១​មក​រា​ ហើយ​ឆ្មាំ​គុក​មិន​អនុញ្ញាត​។​មន្ត្រី​អះអាង​ថា​ ពេល​ខ្លះ​ដែល​មិន​អនុ​ញ្ញ​ត​គឺ​ដោយសារ​ម៉ោង​សម្រាក​។​តែ​អ្នក​ចិត្តសាស្ត្រ​ សោកស្ដាយ​ ការ​ដែល​កេ្ម​ង​ប្រុស​ស្វែង​ជួប​ឪពុក​តែ​មិន​ បាន​ដូច​បំណង​។​​ព័ត​មាន​នេះ​ជូន​សេចក្ដី​ពិស្ដារ​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​៖

រូបលោក ណៃ វង់ដា និងកូនស្រី​ ពីហ្វេសប៊ុក Jayavarman Vii VII

សារ​របស់​កេ្ម​ង​ប្រុស​ណៃ​ សូ​វី​លី​បាន​រៀបរាប់​ថា​ នៅ​ពេល​កូន​លឺ​ថា​ឪពុក​មាន​ជំងឺ​គឺ​នឹក​ពុក​ភ្លាម​ ហើយ​ រួត​រះ​ ទៅ​ជួប​ក្រែង​បាន​ជួប​ ហើយ​ណាមួយ​ចង់​ជូនពរ​ ឪពុក​សម្រាប់​ឆ្នាំ្ម​ថ្មី​តែ​ជា​អកុសល​ សន្តិសុខ​មិន​អនុ​ញ្ញ​ត​ឡើយ​។​ណៃ​ សូ​វី​លី​និង​ម្ដាយ​ត្រូវ​ត្រឡប់​មក​វិញ​ដោយ​ក្ដី​សោកស្ដាយ​។​

​សារ​របស់​លោក​ ណៃ​ សូ​វី​លី​ កូនប្រុស​ លោក​ ណៃ​ វង់​ ដា​ បាន​រៀបរាប់​ដូចនេះ​ថា​៖ «ម្តាយ​របស់ខ្ញុំ​ទទួល​ទូរ​សព្ទ័​ពី​ឱ​ពុក​របស់ខ្ញុំ​នៅ​ម៉ោង​២​រសៀល​។​ឱ​ពុក​របស់ខ្ញុំ​និយាយ​ថា​គាត់​មាន​ជំងឺ​រាគ​ចាប់តាំងពី​យប់​ម្សិលមិញ​គឺ​មួយ​ថ្ងៃមុន​នេះ​។​ ហើយ​គាត់​បាន​សម្រេច​ទូរ​សព្ទ័​ទៅ​ផ្ទះ​រហូត​ដល់​ពេល​រសៀល​ដោយសារ​តែ​ស្ថានភាព​ជំងឺ​របស់​គាត់​ធ្ងន់ធ្ងរ​។​ ភ្លាមៗ​នោះ​ ដោយសារ​ទឹកចិត្ត​ម្តាយ​របស់ខ្ញុំ​ យើង​ក៏​បាន​ចេញដំណើរ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​ភ្លាម​ដោយ​យក​ទៅ​ជាមួយ​នូវ​ថ្នាំ​ បបរ​និង​ត្រីងៀត​និង​ភេសជ្ជៈ​មួយ​ចំនួន​។​ ប៉ុន្តែ​ឆ្មាំ​គុក​មិន​អនុញ្ញាត​ឲ្យ​យើង​ចូល​ក្នុង​នោះ​ទេ​ដោយ​និយាយ​ថា​គឺជា​ថ្ងៃអាទិត្យ​។​ ម្តាយ​របស់ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំងអស់​ក្រៅពី​យំ​ដោយសារ​គាត់​មិន​អាច​ជួយ​អ្វី​ដល់​ឱ​ពុក​របស់ខ្ញុំ​បាន»​។​

ទាក់ទង​នឹង​រឿង​នេះ​ អ្នកនាំពាក្យ​ពន្ធនាគារ​ព្រៃ​ស​ លោក​ នុ​ត​ សាវ​នា​ មាន​ប្រសាសន៍​ថា​ លោក​ក៏​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​អំពី​រឿង​នេះ​ដែរ​ ប៉ុន្ដែ​លោក​គ្រាន់តែ​និយាយ​បាន​ថា​ ការ​ទៅ​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​ គឺ​ធ្វើ​ទៅ​តាម​ការ​កំណត់​របស់​ពន្ធនាគារ​។​

​លោក​ នុ​ត​ សាវ​នា​ ៖ ​«ចំពោះ​ម៉ោង​ពេល​សួរសុខទុក្ខ​វា​កំណត់​ដោយ​ពន្ធនាគារ​មួយៗ​ ហើយ​ខ្ញុំ​អត់​ដឹង​យ៉ាងម៉េច​ ចាំ​មើល​ខ្ញុំ​សួរ​ទៅ​សិន​ ហួស​ម៉ោង​កំណត់​ ឬ​យ៉ាងម៉េច​។​ព្រោះ​ជាក់ស្ដែង​ថ្ងៃអាទិត្យ​ ម៉ោង​ ៣​អ៊ឹ​ង​ចឹ​ង​ ភាគច្រើន​ ឆ្មាំ​គាត់​ត្រូវការ​សម្រាក​ដែរ​ ...»​។

​មន្ត្រី​អា​ដ​ហុ​ក​ចំនួន​ ៤​រូប​ រួម​មាន​ លោកស្រី​ លឹ​ម​ មុន្នី​ លោក​ នី​ សុខា​ លោក​ យី​ សុខ​សាន​ លោក​ណៃ​ វង់​ដា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ រង​ការ​ចោទប្រកាន់​ពី​បទ​ សូកប៉ាន់​សាក្សី​ ទាក់ទិន​នឹង​សំណុំរឿង​របស់​អ្នក​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ កាលពី​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ។​ ចំណែក​ លោក​ នី​ ចរិយា​ ត្រូវ​បាន​ជាប់​ឃុំ​ជា​បណ្ដោះអាសន្ន​នៅ​ស្នងរ​ដ្ឋា​ន​នគរបាល​រាជធានី​ ក្នុង​សំណុំរឿង​ខាងលើ​នេះ​ផង​ដែរ​ ដោយ​ចោទ​ពី​បទ​ «​សមគំនិត​សូកប៉ាន់​សាក្សី។​

​ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ មាន​សេចក្តី​រំពឹង​ទុក​ថា​ នឹង​បាន​ជួប​ក្រុម​គ្រួសារ​របស់​ខ្លួន​ទ្បើ​ង​វិញ​នៅ​ឆ្នាំ​ថ្មី​នេះ​។

​អ្នកស្រី​ ភាវ​ ម៉ី​ ប្រពន្ធ​របស់​លោក​ ណៃ​ វ៉ង់​ដា​ ធ្លាប់​មាន​ប្រសាសន៍​ថា​ អ្នកស្រី​មាន​ជំនឿ​ចិត្ត​ថា​ ក្នុង​ឆ្នាំ​ថ្មី​ ២០១៧​នេះ​ មន្ត្រី​សិទ្ធិ​មនុស្ស​នឹង​ត្រូវ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្តិ​ខុសច្បាប់​នោះ​ទេ​។​ អ្នកស្រី​ ភាវ​ ម៉ី​ ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​កម្ពុជា​ ស្នើ​ឱ្យ​តុលាការ​ព​ន្លឿ​ន​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​ដើម្បី​ឱ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ ឆាប់​មាន​សេរីភាព​ទ្បើ​ង​វិញ​។​

​អ្នកស្រី​ ភាវ​ ម៉ី​ ៖ «សំណូមពរ​ឱ្យ​ភាគី​ទាំង​ពីរ​ទាំង​ខាង​រដ្ឋាភិបាល​ ទាំង​គណបក្សប្រឆាំង​ហ្នឹង​សូម​ឱ្យ​លោក​ទាំង​ពីរ​ហ្នឹង​ច​ចារ​គ្នា​ ហើយ​ព​ន្លឿ​ន​ការ​ដោះ​លែង​ខាង​មន្ត្រី​សិទ្ធិ​មនុស្ស​ហ្នឹង​ឱ្យ​បាន​ឆាប់​ព្រោះ​គ្រួសារ​ម្នាក់ៗ​រង់ចាំ​ទន្ទឹង​ទាំង​អន្ទះសារ​ខា​តុលាការ​ក៏​ត្រូវ​ព​ន្លឿ​ន​នីតិវិធី​របស់​ខ្លួន​ដែរ​ព្រោះ​ក្រុម​គ្រួសារ​កំពុង​រង់ចាំ​ ឪពុក​ម្តាយ​ ប្តី​ដែល​ជា​ជំហរ​គ្រួសារ​និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​គ្រួសារ»​។​

​ជុំវិញ​រឿង​នេះ​ដែរ​ លោកស្រី​ ធីតា​ ឃិះ​ នាយិការ​អង្គការ​សីល​ការ​មាន​ប្រសាសន៍​ថា​ លោកស្រី​យល់​ច្បាស់​អំពី​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​កូនប្រុស​លោក​ណៃ​វង់​ដា​ ហើយ​លោកស្រី​ ក៏​យល់​ច្បាស់​ពី​អារម្មណ៍​ភរិយា​របស់​លោក​ណៃ​វង់​ដា​ផង​ដែរ​ អំពី​ការ​ព្រាត់ប្រាស់លោកណៃ វង់ ដា ​។​

លោកស្រី ធីតា ឃិះ ៖ «ខ្ញុំយល់ពីអារម្មណ៍អំពីអារម្មណ៍របៀបនេះរបស់ប្រពន្ធកូនគាត់ណាស់ ព្រោះប្រពន្ធព្រាត់ប្រាស់និងប្ដី កូនព្រាត់ប្រាស់និងឱពុក …»។

​ទាក់ទង​នឹង​អារម្មណ៍​ដែល​កូនប្រុស​ និង​ភរិយា​លោក​ ណៃ​ វង់​ដា​ កំពុង​មាន​ គឺ​ លោកស្រី​ ធីតា​ឃិះ​ មាន​តែ​ការ​ជូនពរ​ សុំ​អោយ​ក្រុម​គ្រួសារ​លោក​ ណៃ​ វង់​ ដា​ ឆាប់​បាន​វិល​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​វិញ​ក្នុង​ពេល​ឆាប់ៗ​ ហើយ​ក៏​សុំ​អោយ​ភរិយា​ និង​កូន​របស់​លោក​ ណៃ​ វង់​ដា​ មាន​ភាពរឹងមាំ​ ដើម្បី​ផ្ដល់​ជា​កំលាំងចិត្ត​ទៅដល់លោក ណៃ វង់ដា ​។​

លោកស្រី​ ធីតា​ ឃិះ​ ៖​ ​«ចំពោះ​ខ្លួន​ខ្ញុំ​ បាន​ផ្ញើ​សារ​ជូនពរ​ ដើម្បី​អោយ​បាន​ជួប​អំពើ​យុត្ដិធម៌​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ ជូន​ទៅ​ដល់​ក្រុម​គ្រួសារ​គាត់​ សូម​អោយ​គាត់​ទទួល​បាន​នូវ​សេរីភាព​ឡើង​វិញ​ ហើយ​ដោះស្រាយ​នូវ​បញ្ហា​ដែល​បាន​មានការ​ជ្រុល​ជ្រួល​ទៅ​លើ​ខ្លួន​គាត់​ ដែល​គាត់​អត់​បានដឹង​ខ្លួន​អី​ ។​ចឹ​ង​ទេ​សូម​ផ្ញើ​ក្ដី​នឹករលឹក​ ជូនពរ​សូម​ឲ្យ​គាត់​ឆាប់​បាន​រួចខ្លួន​ ហើយនឹង​សុំ​ឱ្យ​ប្រពន្ធ​ នឹង​កូន​របស់​គាត់​មាន​ភាពរឹងមាំ​ឡើង​ដើម្បី​ផ្ដល់​ជា​កំលាំងចិត្ត​ដល់​ប្ដី​របស់​គាត់​»​។​

​ករណី​គម្រោង​នៃ​ការ​ដោះ​លែង​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក​ ៤​រូប​ និង​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​ ដែល​មក​ដល់​ពេល​នេះ​ បក្ស​កាន់​អំណាច​ ហាក់​ស្ទាក់ស្ទើរ​គ្រាន់តែ​អះអាង​ថា​ រង​ចាំ​នីតិវិធី​របស់​តុលាការ​ ។​ តែ​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា​ បក្ស​កាន់​អំណាច​អាច​កំពុង​តែ​ប្រើ​ល្បិច​មួយទៀត​លើ​បក្ស​ប្រឆាំង​ ទើប​មាន​ដំណោះស្រាយ​ជុំវិញ​ការ​ដោះ​លែង​ ឬ​លែង​ទោស​អ្នក​ជាប់​ឃុំ​ទាំង​ ៥​រូប​នេះ​៕
 

ក្រុមគ្រួសារមន្រ្តីអាដហុក និង មន្រ្តី គ.ជ.ប ទៅឃ្លាំមើលដំណើរការសម្រេចរបស់តុលាការកំពូល។រូបភាពWMC

Share

ព័ត៌មានទាក់ទង

Image