ប្រធានាធិបតីចាញ់ឆ្នោតនៅប្រទេស Gambia បញ្ជាឱ្យបិទស្ថានីយ៍វិទ្យុឯករាជ្យមួយចំនួនដែលបានផ្សាយអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសរបស់លោក បន្ទាប់ពីវិទ្យុនេះ ផ្សាយអំពីការឡើងកាន់អំណាចឆាប់ៗនេះរបស់មេដឹកនាំបក្សប្រឆាំងដែលឈ្នះឆ្នោត ។
តាមទីភ្នាក់ងារសារព័ត៌មានAFP ស្ថានីយ៍ឯករាជ្យដែលហ៊ាននិយាយរឿងពិតនៃបញ្ហានយោបាយ Gambia គឺ ស្ថានីយវិទ្យុ FM Teranga ត្រូវបានបញ្ជាអោយបិទការផ្សាយរបស់ខ្លួនដោយសារហេតុផលប៉ះពាល់ដល់សន្ដិសុខជាតិ ។
បុគ្គលិករបស់ស្ថានីយ៍វិទ្យុនេះបាននិយាយថា មនុស្សស្លៀកពាក់ឯកសណ្ឋានជាប៉ូលីស និងឯកសណ្ឋានស៊ីវិលបានមកកាន់ស្ថានីយ៍របស់ពួកគេ ដោយប្រាប់ឱ្យផ្អាកការផ្សាយជាបន្ទាន់ ។
តាមប្រភពដដែលអ្នកគ្រប់គ្រងស្ថានីយ៍វិទ្យុនេះ ត្រូវបានចាប់ខ្លួនតាំងពីឆ្នាំ ២០១៥ ដោយសារតែស្ថានីយ៍មួយនេះហ៊ាននិយាយអំពីការរំលោភបំពានសិទ្ធិអំណាចរបស់ប្រធានាធិបតី Yahya Jammeh ហើយអ្វីដែលឈានទៅដល់ការបិទវិទ្យុនេះទៀត គឺ ដោយសារតែស្ថានីយ៍នេះ បាននិយាយជាច្រើនអំពីកំហុសរបស់លោក Jammeh ដោយសារការឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារឆ្នាំ ១៩៩៤ ។ ករណីនេះនាំអោយ លោក Jammeh ចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ០១ ធ្នូ ឆ្នាំ២០១៦ ។
របាយការណ៍របស់អង្គការ Reporters Without Borders នៅក្នុងឆ្នាំ២០១៦ បានចាត់ចំណាត់ថ្នាក់ប្រទេស Gambia ជាប់ចំណាត់ថ្នាក់ទី១៤៥ ក្នុងចំណោម ១៨០ប្រទេសដែលមានការរំលោភបំពានលើប្រព័ន្ធសារព័ត៌មានធ្ងន់ធ្ងរ៕ ប្រភព:AFP