ភ្នំពេញ ៖ រយៈពេលមួយឆ្នាំកន្លងមកនេះ គ្មានអ្វីដែលនយោបាយខ្មែរបានជានាគ្នាដើម្បីប្រទេសជាតិទេ គឺមានតែហែកហួរគ្នា យកឈ្នះរៀងៗខ្លួន។ បក្សប្រឆាំង ខិតខំបង្កើនកម្លាំងគាបសង្កត់បក្សកាន់អំណាចឱ្យទទួលស្គាល់ថា កម្លាំងរបស់ខ្លួនដែលមានពលរដ្ឋគាំទ្រច្រើននឹងធ្វើឱ្យមានតុល្យភាពអំណាច។ តែបក្សកាន់អំណាចវិញ ខិតខំប្រើអំណាចរបស់ខ្លួន តាមរយៈប្រព័ន្ធតុលាការ និង តាមកងសន្តិសសុខគាបសង្កត់ចោទ ប្រកាន់ សកម្មជន និងមេដឹកនាំបក្សប្រឆាំង រហូតមានការផ្តន្ទាទោស។ ទាំងនេះធ្វើពករដ្ឋមានការភ័យខ្លាចពីការរស់នៅមួយដែលមិនមានសុវត្ថិភាពគ្រប់គ្រាន់។
អ្នកវិភាគយល់ឃើញថា មួយឆ្នាំមកនេះគណបក្សធំៗពីរនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជារបស់សម្ដេចហ៊ុន សែន និងគណបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី មិនបានធ្វើឱ្យជាតិមានកិត្តិយសខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិនោះទេ គឺមានតែអាប់អោន។
តាមអ្នកវិភាគអ្វីដែលនាំឱ្យអ្នកនយោបាយខ្មែរ បែកបាក់គ្នាគឺមកពីប្រព័ន្ធតុលាការ និងសភានៅតែជាឧបករ ណ៍របស់បក្សកាន់អំណាច។
អ្នកវិភាគមួយចំនួនបានបង្ហាញទស្សនៈថា អ្នកនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភាខិតខំប្រឹងប្រែងធ្វើកិច្ចការសម្រាប់ប្រយោជន៍ប្រជា ពលរដ្ឋ និងប្រទេសជាតិបានតិចតួច ក្រៅពីអ្វីដែលអ្នកវិភាគថា មានតែការហែកហួរគ្នាប៉ុណ្ណោះ។
អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម លោក កឹម សុខ យល់ឃើញថា អ្នកនយោបាយកម្ពុជា នៅក្នុងឆ្នាំ ២០១៦ បានធ្វើកិច្ចការសម្រាប់ប្រយោជន៍បានតិចតួច។
តាមលោក កឹម សុខ អ្វីនាំឱ្យមានការបែកបាក់គ្នាដ៏ធ្ងន់ធ្ងរនៅឆ្នាំ ២០១៦ នេះ គឺដោយសារគណបក្សកាន់អំណាចបានប្រើយុទ្ធសាស្ត្របំបែក បំបាក់ដោយប្រើប្រព័ន្ធយុត្តិធម៌ សភា សម្រាប់តែបក្សពួកខ្លួន។ លោក កឹម សុខ៖«យើងត្រូវពង្រឹងការអនុវត្តច្បាប់ តុលាការជាតុលាការមែនតែន មិនតុលាគាប តុលាកាង បានន័យថា មិនតុលាគាបប្រជារាស្ត្រតូចតាច អ្នកទន់ខ្សោយ ហើយកាង ការពារអ្នកកាន់អំណាច។ សភាជាតិមែនតែន មិនសភាកូនជឹង សភាជឹង ដែលជួយសម្រួសការងារដល់ គណបក្សកាន់អំណាច ហើយស្ថាប័នរដ្ឋផ្សេងៗទៀតជាស្ថាប័នរដ្ឋដែលបំរើប្រជារាស្ត្រមែនតែន»។
បើនិយាយពីប្រព័ន្ធយុត្តិធម៌នេះ គឺពិតជាគេលើកឡើងពីការប្រើប្រាស់ស្តង់ដាទៅលើសំនុំរឿងតែមួយ ឬប្រហាក់ប្រហែលគ្នា។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា បានបង្ហាញទស្សនៈយល់ស្របការលើកឡើងនេះ។ លោកសាស្ត្រាចារ្យ យល់ថា តុលាការកម្ពុជាមិនទាន់ផ្តល់សេចក្តីទុកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធនៅឡើយ។ លោកថា ប្រជាជនខ្មែរត្រូវការអ្នកនយោបាយខ្មែរមានការឯកភាពគ្នា លើគោលការណ៏ធំ ២ នេះ៖ «ទី១ គិតអំពីបញ្ហាយុត្តិធម៌ក្នុងសង្គម ទី២ ពាក់ព័ន្ធតម្រូវការរបស់ពលរដ្ឋ តម្រូវការប្រជាពលរដ្ឋមានសិទ្ធិសេរីភាព សិទ្ធិនយោបាយ មានជីវភាពរស់នៅសមរម្យ ប្រាក់ចំណូលទាំងអ្នករាជការ ទាំងពលរដ្ឋសមញ្ញ ហើយរក្សាបូរណភាពទឹកដី»។
ជាការពិតការបែកបាក់ជាតិ មិនមែនមានតែសម័យនេះទេ គឺមានច្រើនជំនាន់មកហើយ។ ខ្មែរចាប់ផ្ដើមជួបរឿងអាស្រូវជូរចត់ គឺក្រោយ ពីសេនា ប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហាររដ្ឋធម្មនញ្ញទម្លាក់ព្រះមហាក្សត្រសម្ដេចឪនរោត្តមសីហនុ ពីប្រមុខរដ្ឋនៅឆ្នាំ ១៩៧០។ការបែកបាក់ជាតិ បានផ្ដើមឱ្យមានរបបកម្ពុជាប្រជាជធិបតេយ្យ ដែលនាំឱ្យមានរបបប្រល័យពូជសាសន៍។ ការបែកបាក់ជាតិធ្ងន់ធ្ងរនេះ ក៏នៅតែអ្នកបាយខ្មែរមិន តក់ស្លុតឡើយ ។ ពេលនេះ ក៏អ្នកសង្កេតការណ៏ថា ខ្មែរនឹងបែកបាក់គ្នាធ្ងន់ធ្ងរ បើម្នាក់រត់ចោលស្រុក ម្នាក់ប្រើអំណាចលើសលប់។
លោក កឹម សុខ អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម យល់ស្របការលើកឡើងនេះ។ លោកវិភាគឃើញមួយជ្រុងទៀត ដែលនាំឱ្យខ្មែរបន្តបែកបាក់គឺករណីការប្រើអំណាចរបស់បក្សកាន់អំណាច ដែលលោកថារំលោភរដ្ឋធម្មនុញ្ញ។ លោក គឹម សុខ៖«ធ្វើសម្រាប់ប្រទេសមែនតែន ជាផលប្រយោជន៍ជាតិជាក់ស្តែង ខ្ញុំមើលឃើញ..ប៉ុន្តែជាកបង្កបញ្ហាទៅវិញ បង្កបញ្ហាធ្វើឲ្យគណបក្សប្រឆាំងមិនអាចអនុវត្តន៍ការងាររបស់ខ្លួនបាន ស្របទៅតាមរដ្ឋធម្មនុញ្ញ ។ក្នុងនាមគេជាបក្សប្រឆាំងក្នុងសភា គណបក្សកាន់អំណាចដូចជាគ្រាន់ធ្វើអ្វីៗ ដើម្បីបំបាក់ បំបែកគណបក្សប្រឆាំងប៉ុណ្ណឹងទេ ដូចជាអត់បានធ្វើអ្វីប្រយោជន៍ធំដ៏ប្រទេសជាតិសោះ»។
តែបែបនេះក្ដីសម្រាប់អ្នក នាំពាក្យបក្សកាន់អំណាច មិនយល់ស្របនឹងទស្សនៈនេះឡើយ។ លោក សុខឥសាន្ត អ្នកនាំពាក្យបានអះអាងថា បក្សកាន់អំណាចមិនបានប្រើប្រាស់អំណាចឱ្យខុសច្បាប់ទម្លាប់នោះ ឡើយ។ លោកបានហៅការយល់ឃើញរបស់អ្នកវិភាគថា មិនមានមូលដ្ឋានត្រឹមត្រូវ។ លោក សុខ ឥសាន្ត៖«ខ្ញុំសូមបដិសេធទាំងស្រុងហើយ មិនមែនគណបក្សកាន់អំណាចយកតុលាការទៅគាបសង្កត់ដៃគូរគណបក្សផ្សេងៗទេ។ តែធាតុពិតយើងមើលរឿងហេតុគឺជាកើតឡើងពីមន្ត្រីគណបក្សដៃគូរប្រកួតប្រជែកបានព្រឹត្តល្មើលខុសច្បាប់ ដូច្នេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ នេះហើយហៅថា ពង្រឹងនីតិរដ្ឋនោះ»។
យ៉ាងណាក៏ដោយអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ មុននឹងព្រះអង្គសោយទិវង្គត ព្រះអង្គបានផ្ដាំផ្ញើឱ្យខ្មែរជានាគ្នាអោយបានទូលំ ទូលាយ ប្រយោជន៍ដើម្បីការអភិវឌ្ឍប្រទេសជាតិ ជាពិសេសព្រះអង្គមានបន្ទូលថា ការដែលអ្នកនយោបាយខ្មែរបែកបាក់គ្នា អ្នកដែលចំនេញគឺប្រទេសជិតខាងដែលមានមហិ្ឆចតាចង់កេងចំណេញលើប្រទេសកម្ពុជា៕