en     km
en     km

របាយការណ៍​ឆ្នាំ​ ២០១៦​ ៖​ អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មាន​ប្រមាណ​ ២​ ពាន់​នាក់​

Share

​ភ្នំពេញ​ ៖​ របាយការណ៍​បូក​សរុប​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​ ២០១៦​ បាន​បង្ហាញ​ថា​ ករណី​គ្រោះថ្នាក់​បាន​កើតឡើង​ ៣៧០០​លើក​ បណ្តាល​ឲ្យ​ស្លាប់​ចំនួន​ ១៧១៧​នាក់​ និង​របួស​៦៦០៧​នាក់​ ក្នុង​នោះ​របួសធ្ងន់​មាន​ ៥៩​ ភាគរយ​។​ នេះ​បើ​តាម​របាយការណ៍​ដែល​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​ ២០១៦​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៧​។ កិច្ចប្រជុំនេះ ​ធ្វើនៅ សណ្ឋាគារសូហ្វីតែលភូគីត្រា ក្រុងភ្នំពេញ។ ​

កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ ២០១៧។រូបភាពwmc
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ ២០១៧។រូបភាពwmc
កិច្ចប្រជុំ​ដែល​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២​ ខែមករា​ ឆ្នាំ​២០១៧​ នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ភូមិសាស្ត្រ​ដែល​កើត​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ​រយៈពេល​ ១២​ ខែ​កន្លង​មក​ គឺ​រាជធានី​ភ្នំពេញ​ មាន​៣៨៨​លើក​ ខេត្ត​ព្រះ​សីហ​នុ​ មាន​ ២៨៧​លើក​ និង​ខេត្តកំពត​ មាន​ ២៣៨​ លើក​។​

យោង​តាម​របាយការណ៍​នេះ​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ ការ​បើកបរ​លើស​ល្បឿន​កំណត់​ ៤៤​ភាគរយ​ មិន​ប្រកាន់​ស្តាំ​ ១២​ភាគរយ​ ស្រវឹង​ ១២​ភាគរយ​ មិន​គោរព​សិទ្ធិ​ ៩​ ភាគរយ​ វ៉ា​ជែង​ ១២​ភាគរយ​ បត់​ ៧​ ភាគរយ​ កត្តា​យានយន្ត​ ៣​ ភាគរយ​ និង​ងងុយ ដេក​ ២​ ភាគរយ​។​ ចំនួន​គ្រោះថ្នាក់​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៥​ គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចំនួន​ ៤៤៣​លើក​ ស្មើ​១១​ភាគរយ​ អ្នក​ស្លាប់​ថយ​ចំនួន​ ២៧១​នាក់​ ស្មើ​ ១៤​ ភាគរយ​ និង​អ្នក​របួស​ថយ​ចំនួន​ ៥៤២​ នាក់​ស្មើ​ ៨​ ភាគរយ​។​

​របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​ភាគច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​ដែល​មាន​ចំនួន​ ១២៧៤​ នាក់​ ស្មើ​ ៧៤​ ភាគរយ​ ក្នុង​នោះ​ មិន​ពាក់មួក​សុវត្ថិ​មាន​ចំនួន​ ៩៧៦​នាក់​ស្មើ​ ៥៧​ ភាគរយ​។​

ចំណែក​វិធាន​ការណ៍​រឹត​បណ្តឹង​ និង​អនុវត្ត​ច្បាប់​វិញ​ សមត្ថកិច្ច​បាន​ពិនិត្យ​យានយន្ត​សរុប​ចំនួន​ ៩.៦១៨.៤០៩​ គ្រឿង​(​ម៉ូតូ​៦១%)​។​ ពិនិត្យ​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ១.៤៨១.៣៧៨​ គ្រឿង​(​ម៉ូតូ​ចំនួន​៦២%)​។​ បាន​ធ្វើការ​អប់រំ​ចំនួន​ ៦១៨.៦៩១​ គ្រឿង​ស្មើនឹង​៤៤%​។​ បាន​ពិន័យ​លើ​យានយន្ត​ចំនួន​ ៨៦២.៦៩១​គ្រឿង​ ក្នុង​នោះ​ម៉ូតូ​ចំនួន​ ៦៨%​ ដោយ​អនុវត្ត​ការ​បង់ប្រាក់​ពិន័យ​តាម​ស្នាក់​ការ​ដែល​បាន​កំណត់​ទទួល​បាន​ប្រាក់​ពិន័យ​សរុប​ចំនួន​ ២០.៤៩៦.១៩៥.០០០​រៀល​។​

ក្នុង​នោះ​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ឃាត់​អប់រំ​ និង​ពិន័យ​រថយន្ត​ដឹក​ដី​មិន​គ្រប​ជ្រុះ​រាយ​ប៉ាយ​ និង​ដឹក​ទំនិញ​សំពីងសំពោង​ចំនួន​ ១៥១​គ្រឿង​។​ បាន​ត្រួតពិនិត្យ​រក​ឃើញ​យានយន្ត​ល្មើស​ល្បឿន​ចំនួន​ ៣៥៩.៨៨១​គ្រឿង​ និង​ល្មើស​ជាតិ​ស្រវឹង​ ២៧៨.២១៨​នាក់​ អប់រំ​និង​ពិន័យ​តាម​ច្បាប់​ ក្នុង​នោះ​ឃាត់ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​៦០៤​នាក់​(​អ្នកបើកបរ​រង​យន្ត​ ១៣៤​នាក់​ (​ស្ត្រី​៤​នាក់​)​ និង​អ្នកបើកបរ​ម៉ូតូ​ ៤៧១​នាក់​)​ ចំណែក​ការ​ត្រួត ពិនិត្យ​សារធាតុ​ញៀន​លើ​អ្នកបើកបរ​រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​ ឬ​ដឹក​ទំនិញ​ ចំនួន​៦៦៥​នាក់​ រក​ឃើញ​អ្នកបើកបរ​យានយន្ត​មាន​សារធាតុ​ញៀន​ចំនួន​ ១២៩​នាក់​ស្មើនឹង​២០%៕​

Share

ព័ត៌មានទាក់ទង

Image