ក្រុងអ៊ីស្តង់ប៊ុល ៖ យ៉ាងហោចណាស់មនុស្ស ៣៥ នាក់ស្លាប់និង ៤០ នាក់ទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅឯក្លឹបរាត្រីមួយនៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល កាលពីរាត្រីថ្ងៃសៅរ៍ទី៣១ មុនថ្ងៃចូលឆ្នាំថ្មី។ អភិបាលក្រុងនេះគឺលោក Vasip Sahin បានហៅឧប្បត្តិហេតុនេះ ថាជាការវាយប្រហារភេរវកម្ម។
ទូរទស្សន៍ក្នុងស្រុកបានបង្ហាញរូបភាពរថយន្តសង្គ្រោះបន្ទាន់ និង រថយន្តប៉ូលីសចតនៅលើចិញ្ចើមផ្លូវនៅខាងក្រៅក្លិបរាត្រី នៅស្រុក Ortakoy នៃទីក្រុងធំបំផុតរបស់ប្រទេសទួកគីនេះ។
មន្ត្រីប៉ូលីសបានឱ្យដឹងថា មនុស្សប្រហែល ៥០០ ទៅ ៦០០ នាក់ដែលស្ថិតនៅក្នុងក្លឹបពេលនោះ បានលោតចូលក្នុងទឹកដើម្បីគេចចេញពីការបាញ់ប្រហារនោះ ហើយអ្នករងរបួសត្រូវបានប៉ូលីសជួយសង្គ្រោះ ។
ទីក្រុងនេះ តែងតែរងការវាយប្រហារភេរវកម្មជាច្រើន កាលពីឆ្នាំមុនដោយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម និងក្រុមឧទ្ទាមឃឺដ។ មន្ត្រីប៉ូលីសបានឱ្យដឹងថា យ៉ាងហោចណាស់មានកងកម្លាំង ១៧០០០ នាក់ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងនេះដើម្បីអបអរឆ្នាំថ្មីនេះ៕ប្រភព៖ CNA