en     km
en     km

សារ​ជូនពរ​ឆ្នាំ​ថ្មី​ ៖​ មេ​បក្ស​ប្រឆាំង​ចង់ឱ្យ​អ្នកនយោបាយ​ឈប់​ឈ្លោះ​គ្នា​ ហើយ​ជន​រង​គ្រោះ​ត្រូវ​ទទួល​បាន​យុត្តិធម៌​

Share

​ភ្នំពេញ​ ៖​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ ២០១៧​ មេដឹកនាំ​គណបក្សប្រឆាំង​គឺ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​  បាន​អំពាវនាវ​ឱ្យ​អ្នកនយោ បាយ​កម្ពុជា​ និង​អ្នកដឹកនាំ​ទាំងអស់​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ដោយ​សន្តិវិធី​ ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​រស់នៅ​ប្រ កប​របរ​ចិញ្ចឹមជីវិត​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ ការ​គម្រាមកំហែង​ និង​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ដើម្បី​កសាង​ជាតិ​ឲ្យ​កាន់តែ​រុងរឿង​ល្អ​ប្រសើរ​ឡើង​។​ បែប​ក្តី​នេះ​លោក​ គឹ​ម​ សុខ​ អ្នកវិភាគ​បញ្ហា​សង្គម​យល់​ថា​ អ្នកនយោបាយ​ខ្មែរ​ឈប់​ឈ្លោះ​គ្នា​ទៅ​បាន​ លុះត្រាតែ​អ្នក​ទាំងនោះ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​។​

លោក សម រង្ស៊ី(ស្តាំ) និងលោក កឹម សុខា(ឆ្វេង)
លោក សម រង្ស៊ី(ស្តាំ) និងលោក កឹម សុខា(ឆ្វេង)
សារ​ជូនពរ​ដែល​បង្កប់​ដោយ​ន័យ​នយោបាយ​ផង​នោះ​ លោក​ កឹ​ម​ សុខា​ បាន​អំពាវ​ពា​វ​ឱ្យ​អ្នកនយោបាយ​ខ្មែរ​ទាំងអស់​រួបរួម​គ្នា​ ធ្វើ​ឱ្យ​មាន​បរិយា កាស​នយោបាយ​ល្អ​ប្រសើរ​ សម្រាប់​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ​។​

​ជាមួយនឹង​ការ​ចង់ឱ្យ​អ្នកនយោបាយ​ខ្មែរ​រួម​គ្នា​ លោក​ កឹ​ម​ សុខា​ ក៏​បាន​ឧទ្ទិស​ឱ្យ​ហេតុការណ៍​អាក្រក់​ទាំងឡាយ​ដែល​បាន​កើតឡើង​នៅ​លើ​ទឹកដី​កម្ពុជា​កន្លង​មក​ រលាយ​សាបសូន្យ​ផង​ដែរ​។​

ចំណែក​លោក​ សម​ រ​ង្ស៊ី​ មេ​បក្ស​ប្រឆាំង​កំពុង​រស់នៅ​ក្រៅប្រទេស​ ក៏​បាន​សរសេរ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​។​ ក្នុង​សារ​ជូនពរ​នោះ​ ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក​ ព្រម​ជាមួយនឹង​ការ​ប្តេជ្ញា​របស់​ខ្លួន​ ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​គ្រប់​គណបក្ស​ នយោបាយ​ បាន​ជានា​គ្នា​ ស្រុះស្រួល​គ្នា​ និង​ពួតដៃគ្នា​ជាម​ហា​គ្រួសារ​ខ្មែរ​តែ​មួយ​ ដើម្បី​ការពារ​ និង​ថែរក្សា​ជាតិ​មាតុភូមិ​ឱ្យ​បាន​នៅ​គង់វង្ស​ជា​និ​រ​ន្តិ៍​។​ ជាង​នេះ​ទៀត​លោក​ថា​ អ្នកនយោបាយ​ខ្មែរ​ត្រូវ​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​ ដើម្បី​កសាង​ជាតិ​ឲ្យ​កាន់តែ​រុងរឿង​ល្អ​ប្រសើរ​។​

ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​បាន​ជូនពរ​អ្នក​ដែល​កំពុង​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌​គ្រប់​បែប​យ៉ាង​ មាន​ដូច​ជា​ការ​រឹបអូស​យក​ដីធ្លី​ ផ្ទះសម្បែង​ជាដើម​ និង​ពី​ការ​ធ្វើទុក្ខបុកម្នេញ​តាម​រូបភាព​ផ្សេងៗ​ ចាប់ផ្តើម​ឃើញ​ពន្លឺយុត្តិធម៌​ក្នុង​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០១៧​ នេះ​។​

រីឯ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មិន​បាន​អំពាវនាវ​អ្វី​ទេ​ ដោយ​គ្រាន់តែ​ជូនពរ​ ដល់​ជនរួមជាតិ​គ្រប់​ស្រទាប់វណ្ណៈ​ ទាំង​ក្នុង​ និង​ក្រៅប្រទេស​ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ រាប់​ទាំង​កងកម្លាំង​ដែល​កំពុង​បំពេញភារកិច្ច​រក្សា​សន្តិភាព​ នៅ​ប្រទេស​នានា​ ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ផង​ សូម​ប្រកបដោយ​សេចក្តីសុខ​ និង​ សេចក្តីចំរើន​គ្រប់ៗ​គ្នា​។​

ជុំវិញ​សារ​ជូនពរ​របស់​មេដឹកនាំ​គណបក្សប្រឆាំង​ លោក​ គឹ​ម​ សុខ​ អ្នក​តាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​ លើក​ឡើង​ថា​ អ្នកនយោបាយ​ខ្មែរ​ឈប់​ឈ្លោះ​គ្នា​ទៅ​បាន​ លុះត្រាតែ​អ្នក​ទាំងនោះ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​ មាន​ស្មារតី​ជាតិ​ដូច​គ្នា​ នោះ​ទើប​អាច​ឈប់​ឈ្លោះ​គ្នា​ និយាយ​គ្នា​ដោយ​ស្រួល​។​

​តែ​យ៉ាងណាមិញ​ លោក​មើលឃើញ​ថា​ អ្នកនយោបាយ​កម្ពុជា​បច្ចុប្បន្ន​ មិន​បាន​គិត​ពី​បញ្ហា​ជាតិ​នោះ​ទេ​ ជា​ពិសេស​គណបក្សកាន់អំណាច​ ដែល​ធ្វើ​អ្វីៗ​ដើម្បី​តែ​រក្សា​អំណាច​របស់​ខ្លួន​ និង​បង្កើន​ឥទ្ធិពល​បក្សពួក​និយម​។​ លោក​ គឹ​ម​ សុខ​៖​ «​ប៉ុន្តែ​អ្វី​ដែល​លោក​កឹ​ម​ សុខា​អំពាវនាវ​នេះ​ វា​អត់​ខុស​ទេ​ វា​ជា​ផ្លូវ​ល្អ​តែ​មួយ​គត់​សម្រាប់​ធ្វើ​នយោបាយ​ឬ​ឈរ​ជំហរ​នយោបាយ​ឱ្យ​កាន់តែ​រឹង​មាំ​ ហើយ​ប្រកបដោយ​យុទ្ធសាស្ត្រ​ទន់ភ្លន់​នៅ​ក្នុង​ការ​ប្រកួត ប្រជែង​ពីព្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បើ​ធ្វើ​ក្តុងក្តាំង​គឺ​អត់​ទៅ​រួច​ទេ​ ធ្វើ​ក្តុងក្តាំង​គុក​ ធ្វើ​ក្តុងក្តាំង​ច្រ​វ៉ា​ក់​ហើយ​ ពីព្រោះ​វា​ស្ថិត​នៅ​ក្រោម​អំណាច​របស់​គេ​ដែល​គេ​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ពេញដៃ​ក្នុង​ការ​បំភ្លៃ​ច្បាប់​ធ្វើបាប​អ្នកប្រឆាំង​ ដូច្នេះ​អ្នកប្រឆាំង​ត្រូវ​និយាយ​អំពី​យុទ្ធ​សា​សាស្ត្រ​នយោបាយ​វិញ​ ហើយ​យុទ្ធសាស្ត្រ​នយោបាយ​គឺ​របៀប​ដែល​លោក​កឹ​ម​ សុខា​ធ្វើ​ហ្នឹង​គឺ​អត់​ខុស​ទេ»​។​

​ទោះជា​យ៉ាងណា​ អ្នកវិភាគ​បញ្ហា​សង្គម​រូប​នេះ​ បាន​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​ ក្នុង​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០១៧​ ងាក​មើល​គិត​ពី​ការ​ប្រកួតប្រជែង​គ្នា​ ដោយ​អហឹ​ង្សា​ទាំង​ពាក្យ​សម្តី​ និង​សកម្មភាព​ ហើយ​នាំ​គ្នា​គិត​ពី​ប្រយោជន៍​ជាតិ​វិញ​៕

Share

ព័ត៌មានទាក់ទង

Image