ភ្នំពេញ ៖ ខណៈដែរបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល និងមានខ្យល់ត្រជាក់នៃរដូវរងារ ដែលនាំឱ្យកើតមានជំងឺដង្កាត់ណាមួយជាយថាហេតុ ក្រសួងសុខាភិបាល បានចេញនូវសេចក្ដីណែនាំ អំពីវិធីសាស្ដ្រសាមញ្ញមួយចំនួន ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យចេះការពារ និងថែរក្សាសុខភាព នារដូវត្រជាក់នេះ។
សេចក្តណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៩ ធ្នូ បានឱ្យដឹងថា ជំងឺដែលគេតែងជួបប្រទះជាញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នៅចន្លោះខែកមរា នៃឆ្នាំនិមួយៗ គឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើម ឬប្រភេទជំងឺអាល់លែកហ្ស៊ី ដែលបណ្តាលមកពីវីរុស និងមេរោគស្រ៊ីបកូក ដែលបង្កឱ្យមានជំងឺគ្រុនផ្តាសាយ ហៀរសំបោរ រលាក់បំពង់ក និងរលាកក្រពះ ពោះវៀន ដោយពពួកវីរុស។ ដើម្បីការពារជំងឺនេះ ក្រសួងបានណែនាំឱ្យពលរដ្ឋ៖
- ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និង ស្រោមដៃរងា ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅ ក្នុងខ្លួនជាធម្មតា។
- ចូរស្វែងរកការព្យាបាលវេជ្ជសាស្ដ្រ នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្ដៅ ក្អក ឈឺក និងឈឺសាច់ដុំ ឬ មានបញ្ហាសុខភាពផ្សេងៗទៀត។
- ចូរចាំថា គួរធ្វើដំណើរតែនៅពេលដែលលោកអ្នកមានសុខភាពល្អ ហើយប្រសិនបើលោកអ្នកគិតថា លោកអ្នកមានជំងឺផ្ដាសាយ ឬមិនស្រួលខ្លួន (ឈឺ) គួរពន្យារផែនការធ្វើដំណើររបស់លោកអ្នក រហូតដល់មានស ភាពស្រួលបួល យ៉ាងហោចណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថប្រភេទអង់ទីប៊ីយូទិក ដោយគ្មានវេជ្ជបញ្ជានោះឡើយ។
- ពេលលោកអ្នក ក្អក ឬកណ្ដាស សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ឬកន្សែង សូមក្អក ឬកណ្ដាស់ដោយយកអាវខ្ចប់មាត់ មិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះឡើយ។
-លាងសម្អាតដៃរបស់លោកអ្នក ឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ហើយជៀសវាងយកដៃលោកអ្នកទៅប៉ះពាល់ ភ្នែក ច្រមុះ និងមាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។
- បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួន កុំឲ្យមានការចម្លងរោគ ដោយមិនត្រូវជិតស្និទ្ធពេក។
- សម្រាប់ទារក កុមារ និងមនុស្សវ័យចំណាស់ គឺមានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្ដាលមកពីអាកាសធាតុត្រជាក់ ដូច្នេះទារកដែលមានអាយុតិចជាង ១ ឆ្នាំមិនគួរឲ្យដេក ក្នុងបន្ទប់ត្រជាក់នោះឡើយ។ ការផ្ដល់សម្លៀកបំពាក់កក់ក្ដៅ និងដណ្ដប់ភួយសម្រាប់ទារកឲ្យបានត្រឹមត្រូវ ដើម្បីព្យាយាមរក្សាសីតុណ្ហភាព ឲ្យបានកក់ក្ដៅសម្រាប់ខ្លួនប្រាណពួកគេ ក៏ដូចជានៅក្នុងបន្ទប់របស់ទារក។
- មនុស្សវ័យចំណាស់ ជាញឹកញប់មានកម្តៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិច ឬចុះថយដែលអាចធ្វើឲ្យសីតុណ្ហភាព ក្នុងរាយកាយថយចុះជាងធម្មតា។ ដូច្នេះមនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលបណ្ដាលឲ្យមានគ្រោះ ថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតប យឺតរបស់រាងកាយជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
- កុមារ និងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់ ឬក្រាស់ៗពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្ដៅក្នុងខ្លួនគាត់។ ជៀសវាងសម្លៀកបំពាក់តឹង ពីព្រោះ វាអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្ដាលឲ្យបាត់បង់កំដៅរាងកាយ។
- កុមារ និងមនុស្សវ័យចំណាស់គួរពាក់មួក និងស្រោមជើង នៅពេលចេញក្រៅក្នុងពេល មានអាកាសធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលអាចបាត់បង់តាមរយៈដៃ ក្បាល និងជើង។
- ពិសាទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក និងពេលសរីរាង្គខិតខំទប់ទល់នឹងភាពត្រជាក់។