ភ្នំពេញ៖នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០១៧នេះ អ្នកនយោបាយមួយចំនួនបានបង្ហាញពីសាររបស់ខ្លួនទៅកាន់ពលរដ្ឋដែលជាម្ចាស់ឆ្នោត។
សារផ្ដោតសំខាន់របស់អ្នកនយោបាយនៃបក្សនិមួយៗ ជារួមគឺបានផ្ដោតសំខាន់ទៅលើការដាស់តឿន ឱ្យពលរដ្ឋយល់ច្បាស់ពីការតាមដាន មុននឹងធ្វើការរសម្រេចចិត្ត ហើយការដែលអាចធ្វើអោយប្រទេសជាតិរីកចំរើនទៅបាន គឺ ការចូលរួមពីប្រជាពលរដ្ឋគ្រប់សកម្មភាពទាំងបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយ ។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បាននិយាយថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាចូលឆ្នាំសកល ដាច់ឆ្នាំ ២០១៦ ចូលដល់ ឆ្នាំ ២០១៧នេះ លោក សូមជូនពរឱ្យពលរដ្ឋខ្មែរនៅក្នុងប្រទេសទាំងអស់មានកំលាំពលាំមាំមួនគ្រប់ៗគ្នា ដើម្បីរើបំរះអំពីអំណាចផ្ដាច់ការ។
បើតាម លោក សួន សេរីរដ្ឋា ដដែលលោកមានប្រសាសន៍ថា ឆ្នាំ២០១៧ខាងមុខនេះ គឺជាការបោះឆ្នោតឃុំសង្កាត់ ហើយក៏ជាឱកាសដែលពលរដ្ឋខ្មែររួបរួមគ្នា ដើម្បីប្ដូររដ្ឋាភិបាលមូលដ្ឋាន ប្ដូរមេឃុំចៅសង្កាត់ទាំងអស់គ្នា ដើម្បីជោគជ័យឆ្នាំថ្មី ហើយឈានទៅដល់ការប្ដូរក្បាល់ម៉ាស៊ីនដឹកនាំថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខ។
លោក សួន សេរីរដ្ឋា៖ «ខ្ញុំសូមជូនពរឱ្យខ្មែរនៅក្នុងប្រទេសខ្មែរទាំងអស់គឺ មានកំលាំងពលាំមាំមួនគ្រប់ៗគ្នា ដើម្បីយើងរើបំរះអំពីអំណាចផ្ដាច់ការតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ គឺជាពិសេសឆ្នាំ ២០១៧ខាងមុខនេះ គឺជាការបោះឆ្នោតឃុំសង្កាត់ គឺជាឱកាសដែលពលរដ្ឋខ្មែរយើងត្រូវតែរួបរួមគ្នាដើម្បី ប្ដូររដ្ឋាភិបាលមូលដ្ឋាន ប្ដូរមេឃុំចៅសង្កាត់ទាំងអស់គ្នា ដើម្បីជោគជ័យឆ្នាំថ្មី ហើយឈានទៅដល់ការប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្នាក់ជាតិឆ្នាំ ២០១៨ខាងមុខ។ ដូច្នេះហើយ សូមឱ្យឆ្នាំថ្មី គំនិតថ្មី បញ្ញាថ្មី កំលាំងថ្មី គឺ កើតមានដល់ពលរដ្ឋខ្មែរទូទាំងប្រទេស ដើម្បីរួបរួមគ្នាឱ្យរួចខ្លួនពីអំណាចផ្ដាច់ការតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ដើម្បីសិទ្ធិ សេរីភាព និងប្រជាធិបតេយ្យ»។
ទន្ទឹមនឹងនេះដែរ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានផ្ញើសារជូនពរទៅកាន់ពលរដ្ឋខ្មែរ ប៉ុន្តែអ្វីដែលបក្សរបស់លោកចង់បានគឺ ភូមិឃុំមានការអភិវឌ្ឍន៍ និងការជានាគ្នាដើម្បីជាតិ។
លោក សាម អ៊ីន ៖ «បាទ៎ អរគុណច្រើន ខ្ញុំគិតថា ឆ្នាំថ្មី ឆ្នាំ ២០១៧នេះ ជាឆ្នាំមួយមានសារៈសំខាន់សម្រាប់នយោបាយនៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយជារឿងសំខាន់បើប្រជាពលរដ្ឋខ្មែរយើងលោកចង់បានឱ្យមានប្រទេសរីកចំរើន មានសុខសន្ដិភាព មានប្រជាធិបតេយ្យពិតប្រាកដ មានការចូលរួមរបស់ប្រជាពលរដ្ឋ ការស្វែងយល់របស់ប្រជាពលរដ្ឋទាក់ទងនឹងអ្នកនយោបាយ។ហើយការយល់ដឹងការតាមដាន ការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ជារឿងសំខាន់ដើម្បីមានការរីកចំរើន អភិវឌ្ឍន៍នៅតាមភូមិឃុំរបស់គាត់»។
តាមន័យរបស់លោក សាម អ៊ីន បើប្រជាពលរដ្ឋចង់ឱ្យប្រទេសជាតិមានការរីកចំរើន មានសុខសន្ដិភាព មានប្រជាធិបតេយ្យពិតប្រាកដ ត្រូវតែមានការចូលរួម និងស្វែងយល់ពីអ្វីដែលទាក់ទងនឹងអ្នកនយោបាយឱ្យបានច្រើន។ លោកថា ការយល់ដឹង ការតាមដាន គឺជាការចូលរួមមួយដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ហើយក៏ជារឿងសំខាន់ ដើម្បីឱ្យប្រទេសជាតិររីកចំរើន ។
ក្រៅពីសារនយោបាយរបស់បក្សទាំងពីរខាងលើ ក៏មានសារជូនពរពីបក្សនយោបាយចំនួនពីរដែល មានអាសនៈនៅក្នុងរដ្ឋសភាផងដែរ ។
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនបានរៀបរាប់ច្រើនទេ ចំពោះ ការឯកភាពជាតិ សម្រាប់ឆ្នាំ២០១៧ ។ លោកគ្រាន់តែ ប្រាប់ទៅពលរដ្ឋឱ្យទៅពិនិត្យឈ្មោះរបស់ខ្លួនមានក្នុង បញ្ជីឈ្មោះបោះឆ្នោត ។
លោក សុខ ឥសាន្ដ៖ «ឥលូវយើងទើបតែចុះឈ្មោះបោះឆ្នោតប្រកបដោយជោគជ័យថ្មីៗនេះ ចឹងទៅក្នុងឆ្នាំថ្មីហើយចាប់ផ្ដើមឆ្នាំដើមខែមករា ២០១៧តទៅ សូមអញ្ជើញបងប្អូនទៅមើលឈ្មោះដែលបានចុះរួចហើយ តើវាត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណ និងបញ្ជីឈ្មោះបោះឆ្នោតដូចគ្នាដែលឬទេ បើខុសយើងការបានទាន់ពេលវេលា កុំអោយមានការខូចខាតនៅពេលដែលទៅបោះឆ្នោតបោះមិនបាន»។
ចំណែកលោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានចាប់អារម្មណ៍នឹងឆ្នាំនេះដែរ។ លោក យ៉ែម បុញ្ញាឬទ្ធិសង្កត់ធ្ងរថា ការផ្សះផ្សាជាតិ ការរួបរួមជាតិ សន្ដិភាព និងការរក្សាស្ថេរភាព ដើម្បីឱ្យបរិយាកាសនយោបាយ នឹងការបោះឆ្នោតដំណើរការបានទៅល្អប្រសើរ ហើយនិងមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្ដិធម៌ គឺជារឿងសំខាន់បំផុត។
លោក យ៉ែម បុញ្ញាឬទ្ធិ ៖ « គឺ ឯកឧត្ដមប្រធាន សម រង្ស៊ី ហើយនិងឯកឧត្ដម កឹម សុខា គាត់ជូនពរដល់ប្រជាពលរដ្ឋនៅពេលដែលឆ្លងឆ្នាំសកល ក៏ប៉ុន្ដែខ្លឹមសាររួមដែលយើងអាចសង្ខេបបានក្នុងនាមជំហរគណបក្សសង្គ្រោះជាតិ គឺ ការផ្សះផ្សាជាតិ ការរួបរួមជាតិ និងរក្សាសេ្ថរភាព សន្ដិភាព ដើម្បីឱ្យបរិយាកាសនយោបាយនឹងបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្ដិធម៌»។
តាមលោក យ៉ែម បុញ្ញាឬទ្ធិដដែល គឺ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគិតគូរពីបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ គឺជារឿងដែលសំខាន់ដើម្បីដោះស្រាយបញ្ហាសង្គមឱ្យកាន់តែល្អប្រសើរ។
រយៈពេលមួយឆ្នាំ នៃឆ្នាំ២០១៦នេះ គេសង្កេតឃើញអ្នកនយោបាយខ្មែរមានការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនហែកហួរគ្នាយ៉ាងខ្លាំងក្នុងសង្គ្រាមវោហោសាស្ដ្រ ។ គណបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា អះអាងលើកម្លាំងប្រជាជន រីឯគណបក្សប្រជាជនកម្ពុជាប្រើរូបភាពនៃអំណាចរបស់ខ្លួនតាមរយៈប្រព័ន្ធតុលាការ។ ប៉ុន្ដែគណបក្សតូចៗមិនមានសកម្មភាពលេចធ្លោ ក្នុងជម្លោះនយោបាយទេ សូម្បីតែសម្ដេចក្រុមព្រះនរោត្ដមរណឬទ្ធិ ប្រធានគណបក្សហ៊ុន ស៊ិន ប៉ិច ក៏មិនឃើញមានជម្លោះនយោបាយអ្វីជាមួយគណបក្សកាន់អំណាចដែរ៕