រ៉ង់ហ្គួន៖ពួកមន្ដ្រីភូមានិយាយថា សេចក្ដីព្រាងច្បាប់មួយដែលរៀបរៀងដោយរដ្ឋាភិបាលថ្មីនឹងត្រូវដាក់ឲ្យសភាពិភាក្សានិងអនុម័តនៅពេលឆាប់ខាងមុខនេះ ដែលសេចក្ដីព្រាងច្បាប់នេះសំដៅដល់ការការពារសិទ្ធិស្ដ្រីដែលមានផ្ទៃពោះហើយត្រូវបានដៃគូបោះបង់ចោល។
តាមពួកមន្ដ្រីភូមាបុរសទាំងឡាយណាដែលធ្វើឲ្យស្ដ្រីមានផ្ទៃពោះហើយបែរជាគេច វេះមិនទទួលខុស ត្រូវចំពោះទារកដោយមិនព្រមរៀបការនឹងត្រូវប្រឈមមុខការផ្តន្ទាទោសឲ្យមានទោស ៧ឆ្នាំ។
បទបញ្ញត្ដនេះត្រូវបានមើលឃើញថាជាផ្នែកមួយពង្រឹងសិទ្ធិរបស់ស្ដ្រីភូមាដែលធ្លាប់ត្រូវបានពួកបុរសជិះជាន់កាលពីក្នុងការគ្រប់គ្រងរបស់ពួកយោធា។ លោក Naw Tha Wah អ្នកជំនាញកិច្ចការច្បាប់នៅក្រសួងសង្គមកិច្ចកិច្ចការនារីនិយាយថា ច្បាប់ថ្មីនេះនឹងត្រូវដាក់ទោសទណ្ឌទៅលើបុរសណាដែលប្រើប្រាស់អំពើហិង្សាទៅលើស្ដ្រីជាដៃគូរបស់ខ្លួន។ ហើយមិនតែប៉ុណ្ណោះប្រសិនបើច្បាប់នេះត្រូវបានសភាអនុម័តវានឹងក្លាយទៅជាវិធានច្បាប់ថ្មីមួយសម្រាប់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អង់ សានស៊ូជី សំដៅដល់ការការពារសិទ្ធិសេរីភាពរបស់ស្ដ្រី។ ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះស្ដ្រីអាចប្ដឹងដៃគូរបស់ខ្លួនទៅកាន់តុលាការប្រសិនបើបុរសនោះប្រើអំពើហិង្សាហើយគេចវេះការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានប្រព្រឹត្ដលើស្ដ្រី។ ប្រភព:AFP