en     km
en     km

វិភាគ​៖​តើ​តុលាការ​ខ្មែរ​ដែល​គេ​ថា​ជា​ឧបករណ៍​នយោបាយ​អាច​បញ្ចប់ជីវិត​នយោបាយ​លោក​ សម​ រ​ង្ស៊ី​ បាន​ដែរ​ឬទេ​?(មានសំឡេង)

Share

​ភ្នំពេញ​៖​ ថ្មីៗ​តុលាការ​កម្ពុជា​ទើបតែ​បញ្ចប់​សាលក្រម​ផ្ដន្ទាទោស​លោក​ សម​ រ​ង្ស៊ី​ ជា​ថ្មី​នូវ​ករណី​ផ្សេង​មួយទៀត​ដែល​ផ្តន្ទាទោស​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​មានទោស​ ៥​ឆ្នាំ​ពី​បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​ជាមួយ​រឿង​សមាជិក​ព្រឹទ្ធសភា​ ហុង​ សុខ​ហួរ​ ករណី​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម​។​

syy
លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីឆ្នាំ ២០១៣

​បើ​សរុប​សំណុំរឿង​នៅ​តុលាការ​ទាំងអស់​ដែល​លោក​ សម​ រ​ង្ស៊ី​ ជាប់​គឺ​មាន​ចំនួន​ប្រាំ​ហើយ​។​ ជុំវិញ​រឿង​នេះ​អ្នកវិភាគ​យល់​ឃើញ​ថា​ តុលាការ​ខ្មែរ​មិន​អាច​បញ្ចប់ជីវិត​នយោបាយ​របស់​លោក​ សម​ រ​ង្ស៊ី​ បាន​ទេ​បើ​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​និង​អនុប្រធាន​នៅ​តែ​ពួតដៃគ្នា​តស៊ូ​ដើម្បី​ជាតិ​ពិតប្រាកដ​។​ ក៏​ប៉ុន្ដែ​បក្ស​កាន់​អំណាច​មិន​យល់​ដូច​ការ​អះអាង​របស់​អ្នកវិភាគ​ទេ​ ដោយ​បញ្ជាក់​ថា​ លោក​ សម​ រ​ង្ស៊ី​ គ្មាន​ថ្ងៃ​បាន​ដើរ​ចូល​ឆាកនយោបាយ​ជា​ថ្មី​ឡើយ​ទោះជា​មានការ​សម្របសម្រួល​នយោបាយ​ក៏​ដោយ​ ព្រោះ​លោក​ ជា​ទណ្ឌិត​។​ ​តើ​តុលាការ​ខ្មែរ​ដែល​គេ​ថា​ជា​ឧបករណ៍​នយោបាយ​ពិតជា​អាច​បញ្ចប់ជីវិត​នយោបាយ​របស់​លោក​ សម​ រ​ង្ស៊ី​ បាន​មែនដែរ​ឬទេ​?

sam-rang-sy
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បើ​គិត​មក​ដល់​ចុងឆ្នាំ​២០១៦​ នេះ​លោក​ជា​ប់ណ្ដឹង​ចំនួន​ប្រាំ​ហើយ​។​ ករណី​បណ្ដឹង​ទាំងអស់​រួម​មាន​ករណី​បរិហា​កេរ្ដិ៍​លោក​ ហោ​ ណាំ​ហុង​ ករណី​បង្ហោះ​ផែនទី​ក្លែងក្លាយ​ ករណី​បរិហា​កេរ្ដិ៍​សម្ដេច​ ហេង​ សំ​រិ​ន​ ករណី​បរិហា​កេរ្ដិ៍​សម្ដេច​ ហ៊ុន​ សែន​ ថា​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត​ កែម​ ឡី​ និង​ករណី​ចោទ​សម្ដេច​ ហ៊ុន​ សែន​ ថា​បាន​ទិញ​ចំនួន​ Likes​ លើ​ហ្វេ​ស​ប៊ុ​ក​។​ ករណី​ទាំង​អស់នេះ​គឺ​ត្រូវ​បាន​តុលាការ​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ ស្ថិត​ក្រោម​អំណាច​អ្នកនយោបាយ​ប្រកាស​សាលក្រម​អស់ហើយ​ដែល​ទំនងជា​ការ​បិទផ្លូវ​មិន​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ មានឱកាស​វិល​ចូល​កម្ពុជា​វិញ​បាន​ឡើយ​។​ ករណី​មេ​បក្ស​ប្រឆាំង​មានទោស​នេះ​អ្នកវិភាគ​បង្ហាញ​ជា​ទស្សន​ថា​ លោក​ សម​ រ​ង្ស៊ី​ នៅ​តែ​អាច​វិល​ចូល​ឆាកនយោបាយ​វិញ​បាន​ដដែល​បើ​ទោះជា​លោក​មានទោស​ត្រូវ​ប្រកាស​កាល​ក្រម​ហើយ​ក៏​ដោយ​។​

em-h
លោក ឯម សុវណ្ណារ៉ា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ត្រា​វិទ្យាសាស្ដ្រ​នយោបាយ​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ ធ្នូ​ នេះ​បង្ហាញ​ការ​យល់​ឃើញ​ថា​ តុលាការ​ពិតជា​មាន​ឥទ្ធិពល​អាច​បញ្ចប់ជីវិត​នយោបាយ​របស់​លោក​ សម​ រ​ង្ស៊ី​ បាន​ព្រោះ​តុលាការ​នេះ​ស្ថិត​ក្រោម​អ្នកនយោបាយ​។​ តែ​យ៉ាងណា​លោក​គិត​ថា​ នៅ​មុន​ការ​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់​គណបក្សប្រឆាំង​និង​គណបក្សកាន់អំណាច​ច្បាស់​ជា​រក​វិធី​ចរចា​គ្នា​ដូច​កាលពី​ពេល​មុន​ជាក់​ជា​ពុំខាន​។​ លោក​ថាបើ​បក្ស​កាន់​អំណាច​មិន​មាន​ចេតនា​សម្របសម្រួល​ ក៏​សហគមន៍​អន្តរជាតិ​រក​វិធី​ជួយ​លោក​សមរ​ង្ស៊ី​វិល​មក​កម្ពុជា​វិញ​ទាល់តែ​បាន​។

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​ជា​ការ​ពិត​គណបក្សកាន់អំណាច​មិន​ចង់​ឲ្យ​មាន​វត្ដមាន​ឯក​ឧម​ សម​ រ​ង្ស៊ី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ក្នុង​ការ​បោះ​ឆ្នោត​ ២០១៧​ ២០១៨​ ប៉ុន្ដែ​ចង់​មិន​ចង់​មិនមែន​ស្ថិត​លើ​បក្ស​កាន់​អំណាច​ទេ​ គឺ​ស្ថិត​លើ​សម្ពាធ​អន្ដរជាតិ​ជម្រុញ​ឲ្យ​មានការ​ដោះស្រាយ​ឬ​ក៏​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ បាន​ចូល​ស្រុក​ គណបក្ស​ប្រជាជន​មិន​អាច​រឹងទទឹង​នោះ​ទេ​ ព្រោះ​ទី​ផ្សាយ​កម្ពុជា​ពឹងផ្អែក​លើ​ទី​ផ្សាយ​អន្ដរជាតិ​ច្រើន​»​។​

​យ៉ាងណា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​នយោបាយ​រូប​នេះ​ក៏​រម្លឹក​ផង​ដែ​ថា​ បើ​បក្ស​កាន់​អំណាច​នៅ​តែ​មាន​ជំហរ​ចង់​សម្លាប់​ជីវិត​នយោបាយ​លោក​ សម​ រ​ង្ស៊ី​ ឲ្យ​ខាន​តែ​បាន​ គឺ​វា​គ្មាន​ផល​ចំណេញ​អ្វី​ទេ​ ផ្ទុយ​ទៅ​វិញ​បាន​ត្រឹមតែ​បង្កើន​ឲ្យ​មាន​វប្បធម៌​គុំកួន​ នឹង​ស្អប់ខ្ពើម​ គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ​។​ ជា​ជំនឿ​ចិត្ដ​របស់​អ្នកវិភាគ​រូប​នេះ​ គឺ​បញ្ហា​នេះ​ នឹង​ត្រូវ​ដោះស្រាយ​តាម​រយៈ​នយោបាយ​ដែល​តុលាការ​ចាំ​ដើរ​តាមតែ​ពីក្រោយ​ប៉ុណ្ណោះ​។

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ ក៏​ព្រមាន​ផង​ដែរ​ថា​ បើ​កម្ពុជា​រង​សម្ពាធ​ពី​អន្ដរជាតិ​ព្រោះតែ​ភាព​រឹងរូស​របស់​បក្ស​កាន់​អំណាច​ដែល​ប្រឆាំង​មិន​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ បាន​វិល​ចូល​ប្រទេស​ដើម្បី​បន្ដដំណើ​នយោបាយ​របស់​លោក​ទៀត​នោះ​ពលរដ្ឋ​ច្បាស់​ជា​មិន​នៅ​ស្ងៀម​នោះ​ទេ​ ព្រោះ​ផល​ប៉ះពាល់​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាន់តែ​ជួប​វិបត្តិ​បញ្ហា​សេដ្ឋកិច្ច​។​ លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​បើ​មាន​សម្ពាធ​ពលរដ្ឋ​កម្ពុជា​អ្នក​ទទួល​រង​ផល​មុនគេ​ យើង​អាច​មើល​ភូមា​ជា​ឧទាហរណ៍​២០​ឆ្នាំ​ក្រោយ​នៅ​តែ​មានការ​ផ្លាស់​ប្ដូរ​ អ​ញ្ចឹ​ង​អនាគត​ត​កាល​ (​បើ​មាន​សម្ពាធ​ពិតមែន​)​ ពលរដ្ឋ​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ ហើយ​ពលរដ្ឋ​នៅ​អត់​ស្ងៀម​ទេ​ ហើយ​ក៏​នឹង​មានការ​ប្រឆាំង​ការ​ដឹកនាំ​រដ្ឋាភិបាល​ដូច​គ្នា​ ទស្សន​ពលរដ្ឋ​កម្ពុជា​គឺ​ខុស​ពី​ទស្សន​ពលរដ្ឋ​ភូមា​ បើ​មានការ​ប្រឆាំង​ខ្លាច​តែ​ទប់​កំហឹង​ពលរដ្ឋ​មិន​បាន​»​។​

​ថ្វីបើ​អ្នកវិភាគ​បង្ហាញ​ទឡ្ហីករណ៍​ពី​បញ្ហា​ដែល​កម្ពុជា​អាច​នឹង​ជួ​ប្រទះ​ប្រសិនបើ​លោក​ សម​ រ​ង្ស៊ី​ មិន​អាច​ចូល​មក​កម្ពុជា​ក្នុង​នាម​ជា​អ្នកនយោបាយ​ទៀត​ព្រោះ​អំណាចតុលាការ​ក៏​ដោយ​ តែ​សម្រាប់​បក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហ​ថា​កម្ពុជា​ ជា​រដ្ឋ​អធិបតេយ្យ​ឯករាជ្យ​គ្មាន​បរទេស​ណា​អាច​មក​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​បាន​ឡើយ​។​

sok-eysan
លោក សុខ ឥសាន្ដអ្នកនាំពាក្យបក្សកកាន់អំណាច

​ទំនង​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​វិល​មក​ប្រទេស​វិញ​ចំនួន​ ៤​លើក​មក​ហើយ​ករណី​លោក​មានរឿង​ក្ដី​ត្រូវ​បាន​បក្ស​កាន់​អំណាច​ប្ដឹង​ទៅ​តុលាការ​។​ ក្នុង​សំណុំរឿង​មួយ​ជា​ប្រវត្ដិសាស្ដ្រ​ករណី​លោក​ទៅ​ដក​តម្រុយ​ព្រំដែន​នៅ​ខេត្ដស្វាយរៀង​កាលពី​ឆ្នាំ​២០១០​ តុលាការ​បាន​កាត់ទោស​លោក​មានទោស​រហូត​ដល់​ ២០​ឆ្នាំ​។​ តែ​ករណី​នេះ​ធ្វើ​ឲ្យ​សាលក្រម​របស់​តុលាការ​សាបរលាប​ដោយសារ​តែ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ប្ដេជ្ញា​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ទោះបីជា​ប្រឈម​មុខ​នឹង​ការ​ចាប់ខ្លួន​ក៏​ដោយ​។​ នៅ​ឆ្នាំ​ ២០១៣​ គឺ​មុន​ការ​បោះ​ឆ្នោត​តែ​ពី​រស​ប្ដា​ហ៍​ប៉ុណ្ណោះ​លោក​បាន​ វិល​ចូល​ប្រទេស​វិញ​ហើយ​ភ្លាម​នោះ​ស្រាប់តែ​ទាំង​ប្រមុខ​រដ្ឋាភិបាល​និង​ព្រះមហាក្សត្រ​ប្រញាប់ប្រញាល់​ចេញ​លិខិត​លើកលែងទោស​ដែល​អ្នកវិភាគ​មើល​ថា​ ជា​ការ​ចង់​ផ្សះផ្សា​ជាមួយ​លោក​ សម​ រ​ង្ស៊ី​ ឲ្យ​ទាន់សភាពការណ៍​ ខណៈ​ដែល​ពលរដ្ឋ​គាំទ្រ​លោក​ សម​ រ​ង្ស៊ី​ រាប់​ម៉ឺន​ សែន​នាក់​ប្រកាស​ទៅ​ទទួល​លោក​ពេល​ដែល​លោក​ត្រឡប់​មក​វិញ​។​ ករណី​នេះ​នាំ​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ ឡើង​ប្រជាប្រិយភាព​ខ្ពស់​បំផុត​ហើយ​លោក​បន្ដជីវិត​នយោបាយ​របស់​លោក​បាន​ឡើង​វិញ​។​ តែ​លើក​នេះ​អាច​លំបាក​ជាង​លើក​មុន​បន្ដិច​ដោយសារ​តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​គេ​ហៅ​ថា​បុរស​ខ្លាំង​បាន​ស្បថ​ថា​មិន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ ជា​ដាច់ខាត​បើ​លោក​យល់ព្រម​គឺ​មាន​តែ​កាត់​ដៃ​លោក​ក្រ​វែង​ចោល​។​ ប្រហែលជា​គិត​ថា​ ពេល​នេះ​នាយក​រដ្ឋមន្ដ្រី​លែង​អនុគ្រោះ​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ ទៀត​ហើយ​នោះ​ ដោយ​ម្យ៉ាងទៀត​សំណុំរឿង​លោក​កាន់តែ​ច្រើ​នៅ​តុលាការ​គឺ​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ព្យាករណ៍​ថា​ជីវិត​នយោបាយ​របស់​លោក​ សម​ រ​ង្ស៊ី​ ពិតជា​ចប់​ហើយ​។​

​លោក​ថា​ជា​ការ​ពិត​ ជីវិត​នយោបាយ​របស់​លោក​ សម​ រ​ង្ស៊ី​ បាន​ស្លាប់​បាត់​តាំងពី​យូ​ណាស់​មក​ហើយ​ព្រោះតែ​សាលក្រម​បាន​ចេញ​ជា​ស្ថាពរ​ករណី​បរិហា​កេរ្ដិ៍​លោក​ ហោ​ ណាំ​ហុង​។​ បន្ថែម​ពី​នេះ​លោក​ថា​ តុលាការ​គឺ​ធ្វើ​ការងារ​ស្រប​តាមតែ​តួនាទី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ មិនមែន​ធ្វើ​តាម​ការ​បញ្ជា​របស់​អ្នកនយោ បាយ​នោះ​ទេ​។​ ជាង​នេះ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​សង្កត់ធ្ងន់​ថា​ កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​គ្មាន​បរ ទេស​ណា​មាន​សិទ្ធិ​មក​លូកលាន់​នោះ​ឡើយ​ បើ​ទោះជា​ចង់​ជ្រៀតជ្រែក​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដែរ​ព្រោះ​កម្ពុជា​មានច្បាប់​របស់​ខ្លួន​។​ ​លោក​ សុខ​ ឥ​សាន្ដ​៖«​អត់​មាន​អន្ដរជាតិ​ណា​ដាក់​សម្ពាធ​លើ​រាជរដ្ឋា ភិបាល​កម្ពុជា​ទេ​ ព្រោះ​រឿង​នេះ​យើង​អនុវត្ដន៍​ច្បាប់​របស់​កម្ពុជា​ មិន​អាច​បរទេស​ណា​មក​លូកដៃ​បាន​ទេ​ ទោះជា​លូកដៃ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ​»​។​

kim-sok
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម

​តែ​បែប​នេះ​ក្ដី​ អ្នកវិភាគ​មួយ​រូប​ទៀត​មិន​យល់​ស្រប​ដូច​អ្នកនាំពាក្យ​កាន់​អំណាច​អះអាង​នោះ​ទេ​។​ លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​យល់​ថា​លោក​ សម​ រ​ង្ស៊ី​ នឹង​បាន​ចូល​ប្រទេស​កម្ពុជា​វិញ​ប្រសិនបើ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ចាត់​ទុក​លោក​ជា​បុគ្គល​ជាទី​១​របស់​បក្ស​។​ លោក​ពន្យល់​ថា​យុទ្ធសាស្ដ្រ​នយោបាយ​ដៃគូ​ដែល​ខ្លាំង​គេ​តែង​ប្រឹង​បំបែក​ក្រុមរ​បស់ដៃ​គូប្រកួត​ឲ្យ​បែក​ដើម្បី​ងាយ​បន្ដ​ផែនការ​កម្ទេច​ក្រុម​នោះ​។​ ជាង​នេះ​លោក​បន្ដ​ថា​ អ្នកនយោបាយ​ខ្មែរ​មិន​ថា​ពី​មុន​នឹង​ឥឡូវ​ទេ​ គឺ​មាន​តែ​យុទ្ធសាស្ដ្រ​ដដែលៗ​ប៉ុណ្ណោះ​គឺ​ប្រើ​យន្ដការ​តុលាការ​ដើម្បី​ចង​ក្បាលម៉ាស៊ីន​ក្រុមប្រឆាំង​។​ លោក​ គឹ​ម​ សុខ​ ផ្ដល់​យោបល់​ថា​ ដើម្បី​កុំ​ឲ្យ​អំណាចតុលាការ​ សម្លាប់​ជីវិត​នយោបាយ​របស់​លោក​សម​ រ​ង្ស៊ី​បាន​ គឺ​ថ្នាក់ដឹកនាំ​បក្ស​នេះ​ពិសេស​លោក​ កឹ​ម​ សុខា​ ត្រូវ​តែ​បង្ហាញ​ឲ្យ​មហាជន​ឃើញ​ថា​ លោក​ នឹង​លោក​ សម​ រ​ង្ស៊ី​ នៅ​តែ​ជា​មេដឹកនាំ​កំពូល​របស់​បក្ស​។​ លោក​ គឹ​ម​ សុខ​៖«​ខ្ញុំ​នៅ​តែ​មើលឃើញ​ថា​ បណ្ដឹង​តាម​ផ្លូវ​តុ លាការ​អស់ហ្នឹង​ពិតជា​មាន​ឥទ្ធិពល​ធំធេង​មែន​នៃ​គូប្រកួត​របស់​អ្នកដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ​។​បាន​ន័យ​ថា​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ប៉ុន្ដែ​ស្ថានភាព​ទាំង​ជាតិ​អន្ដរជាតិ​ វិ​វន្ត​ន៍​ដែល​បង្ហាញ​ឲ្យ​មតិ​សាធារណៈ​ទាំង​ជាតិ​ និង​អន្ដរជាតិ​មើលឃើញ​ថា​ នេះ​គឺ​ល្បិច​របស់​បក្ស​កាន់​អំណាច​ ដូច្នេះ​ខ្ញុំ​មើលឃើញ​ថាបើ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រួមដៃគ្នា​មិន​បែកបាក់​គ្នា​ អំណាចតុលាការ​នេះ​បាន​ត្រឹមតែ​បង្អាក់​គឺ​មិន​អាច​សម្លាប់​ជីវិត​នយោបាយ​លោក​ សម​ រ​ង្ស៊ី​ ដូច​ព្រះ​អង្គ​ម្ចាស់​ឬ​ណ​រិ​ទ្ធ​នោះ​ទេ​»​។

​គ្មាន​អ្វី​ដែល​ទៀងទាត់​នោះ​ទេ​ ន​ណា​ទៅ​ដឹង​ថា​ នៅ​សុខ​មិន​សុខ​ស្រាប់តែ​មានការ​លើកលែងទោស​លោក​ កឹ​ម​ សុខា​ ទោះជា​អនុប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ទទួល​សាលក្រម​ផ្តន្ទាទោស​ក៏​ដោយ​។​ អ្វី​ដែល​នាំ​ឲ្យ​មាន​ដំណោះស្រាយ​ដូចនេះ​ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ថា​ មាន​កត្ដា​ច្រើន​យ៉ាង​នៅ​ពី ក្រោយ​ឆាក​។​ ទី​១​ សម្ពាធ​អន្ដរជាតិ​។​ ទី​២​ ភាព​ទាល់ច្រក​នៃ​នយោបាយ​របស់​បក្ស​កាន់​អំណាច​។​ ទី​៣​ ចង់​ព្រ​លែង​មួយ​ចាប់​មួយ​ មាន​ន័យ​ថា​ ចង់​ប្រាប់​សហគមន៍​អន្ដរជាតិ​ថា​កម្ពុជា​ចេះ​ដោះស្រាយ​ទំនាស់​នយោបាយ​ដោយ​ខ្លួនឯង​តែ​ ន​ណា​ក៏​ដឹង​ដែរ​ថា​ ពេល​លោក​ កឹ​ម​ សុខា​ សំងំ​នៅ​ស្នាក់​ការ​បក្ស​មន្ដ្រី​ទូត​ជា​ច្រើន​ជា​ពិសេស​ទូ​តប​ច្ចឹ​ម​ប្រទេស​នឹង​ប្រមុខ​ការទូត​ប្រទេស​ទាំងនោះ​តែងតែ​ទៅ​ជួប​លោក​ផ្ទាល់​នៅ​ស្នាក់​ការ​បក្ស​។​ នេះ​គឺជា​សម្ពាធ​មួយ​របស់​សហគមន៍​អន្ដរជាតិ​។​ អ្នកវិភាគ​មើលឃើញ​ថា​ ករណី​លោក​ សម​ រ​ង្ស៊ី​ អាច​ធ្វើ​ឲ្យ​អន្ដរជាតិ​ចាត់វិធានការ​ណ៍​ជាក់ស្ដែង​លើ​កម្ពុជា​ក្នុង​ទម្រង់​ណាមួយ​ជា​មិន​ខាន​គឺ​នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​សភា​ចូល​មក​ដល់​នៅ​ឆ្នាំ​ ២០១៨​ ពេល​នោះ​ហើយ​គេ​ថា​ លោក​ សម​ រ​ង្ស៊ី​ នឹង​បន្ដជីវិត​នយោបាយ​របស់​លោក​នៅ​កម្ពុជា​ឡើង​វិញ​៕

Share

ព័ត៌មានទាក់ទង

Image