ភ្នំពេញ ៖ គណបក្សប្រឆាំងរកឃើញថា មានជនបរទេសប្រមាណ ៥០០០នាក់ ដែលភាគច្រើនជាជនជាតិវៀតណាម បានចុះឈ្មោះបោះឆ្នោត។ នេះបើតាមការឱ្យដឹងពី លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ។
តំណាងគណបក្សប្រឆាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានដូចនេះ បន្ទាប់ពីលោកស្រីបានចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅទី ស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិលោកស្រី ម៉េង សុភារី បានឱ្យដឹងថា ជនជាតិវៀតណាមដែលបានចុះឈ្មោះបោះឆ្នោត គឺនៅរាជធានីភ្នំពេញ រកឃើញមានច្រើនជាងគេរហូតដល់ ៣ ពាន់នាក់ ក្រៅពីនោះ នៅខេត្តស្វាយរៀងមានប្រមាណ ៩ រយនាក់ និងនៅខេត្តផ្សេងៗទៀត។
លោកស្រីបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងត្រៀមប្តឹងទៅ គ.ជ.ប ចំពោះករណីជនជាតិវៀតណាមដែលបានចុះឈ្មោះរួចរាល់ ដើម្បីពិនិត្យថា តើជនជាតិវៀតណាមទាំងនោះ មានអត្តសញ្ញាណប័ណ្ណស្របតាមច្បាប់ ឬក៏អត់។ បើមិនស្របច្បាប់ទេនឹងប្តឹងឱ្យលុបឈ្មោះ។ លោកស្រី ម៉េង សុភារី៖«យើងឃើញថាជនទាំងអស់នោះ គាត់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរប៉ុន្តែយើងសង្កេតឃើញថាអត្តសញ្ញាណប័ណ្ណរបស់គាត់ហ្នឹងថាតើគាត់បានមកដោយត្រឹមត្រូវស្របច្បាប់ដោយសញ្ញាតូបនីយកម្មដែលមានព្រះរាជក្រិត្យត្រឹមដែរឬមួយក៏អត់ ប៉ុន្តែយើងឃើញថាភាគច្រើនភ្នាក់ ងារគណបក្សនយោបាយដែលគាត់សង្កេតការ គឺគាត់នៅក្នុងមូលដ្ឋាននឹងស្រាប់ដូច្នេះហើយគាត់អាចដឹងថាតើពលរដ្ឋហ្នឹងមានសញ្ញាតិខ្មែរ ពិត ប្រាកដឬអត់ គាត់អាចដឹង។»
គ.ជ.ប បានបញ្ចប់ការផ្ទៀងផ្ទាត់ទិន្នន័យរួចហើយ ដោយរងចាំតែការចុះហត្ថលេខាដើម្បីត្រៀមយកទៅបិទនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីឱ្យពលរដ្ឋទៅពិនិត្យឈ្មោះតែប៉ុណ្ណោះ។ គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំសង្កាត់នីមួយៗ នឹងធ្វើឡើងព្រមគ្នាទូទាំងប្រទេសនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៧។
លោក ហ៊ីង ធីឬទ្ធិ សមាជិក គ.ជ.ប បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោត ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធក្នុងបញ្ជីបោះឆ្នោតដំបូងដែល គ.ជ.ប បានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ដើម្បីប្រាកដថា ឈ្មោះរបស់ខ្លួនពិតជាមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត និងមានទិន្នន័យត្រឹមត្រូវ។ បើមិនត្រឹមត្រូវ ត្រូវដាក់ពាក្យបណ្តឹងតវ៉ាអំពីការបាត់ឈ្មោះ ឬមានខុសទិន្នន័យដោយប្រការណាមួយ។ ម្យ៉ាងទៀតប្រជាពលរដ្ឋទាំងអស់ ក៏មានសិទ្ធិប្តឹងជំទាស់ទៅលើជនទាំងឡាយណាដែលមានលក្ខខណ្ឌត្រឹមត្រូវទៅតាមផ្លូវច្បាប់ បែរជាមាន ឈ្មោះដំបូងទៅវិញផងដែរ។
គ.ជ.ប បានទុករយៈពេល១០ថ្ងៃជនណាកើតទុក្ខមិនសុខចិត្តទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ប្តឹងទៅសាលាឃុំ សង្កាត់ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីដែល គ.ជ.ប បានបិទផ្សាយនៅតាមសាសាឃុំ សង្កាត់។ រយៈពេលចុងក្រោយនៃថ្ងៃបញ្ចប់ការប្តឹងតវ៉ា ឬ ប្តឹងជំទាស់ គឺនៅថ្ងៃទី១៤ ខែកមរា ឆ្នាំ២០១៧។
ការចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះធ្វើឡើងតាមប្រព័ន្ធថ្មី គឺទិន្នកុំព្យូទ័រ ។ ការចុះបោះឆ្នោត ដោយផ្ដិតស្នាមមេដៃ មានពលរដ្ឋចុះឈ្មោះបានជិត ៨ លាននាក់ ៕