ខេត្តស្វាយរៀង៖ ពលរដ្ឋក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ប្រមាណជា៤៤០គ្រួសារ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានលើកគ្នា ទប់ស្កាត់ការឈូសឆាយដីពីសំណាក់ក្រុមហ៊ុន អឹនខេ វ៉ិនឆឺ ដែលពលរដ្ឋអះអាងថា ក្រុមហ៊ុនបានធ្វើខុសសន្យារំលោភយកដីធ្លីរបស់ពួកគេ។
អ្នកស្រី ម៉ន ស៊ីណា ពរដ្ឋរងផលប៉ះពាល់ចំពោះការឈូសឆាយដីបានឱ្យដឹងថា ដើមហេតុនៃការទប់ស្កាត់ការឈូសឆាយដីពីក្រុមហ៊ុនអឹនខេវ៉ិនឆឺ ដោយសារតែក្រុមហ៊ុនមួយនេះបានយកដីរបស់ពួកគេទៅវិនិយោគ ។
អ្នកស្រី ម៉ន ស៊ីណា ៖ «មូលហេតុមកពីក្រុមហ៊ុនយកគ្រឿងចក្រឈូសឆាយលើទឹកដីពួកខ្ញុំ ហើយពួកខ្ញុំតវ៉ាវិញ កុំអោយក្រុមហ៊ុនយកដីបង្ករបង្កើនផល »។
តាមអ្នកស្រីម៉ន ស៊ីណា គឺ រឿងនេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនធ្វើការឈូសលើដី បង្កបង្កើនផលរបស់ពួកគាត់។ អ្នកស្រីម៉ន ស៊ីណា ៖ និយាយទៅក្រុមហ៊ុនគេមកឈូសផ្ទាល់តែម្ដង ប្រាំឆ្នាំនឹងហើយ…។
ទន្ទឹមនឹងនេះដែរលោក ចាន់ ផន តំណាងសហគមន៍អ្នកភូមិរងផលប៉ះពាល់ពីការឈូសឆាយដីដែលវិទ្យុស្ដ្រីបានសុំធ្វើការបញ្ជាក់បានឱ្យដឹងដែរថា ការតវ៉ា និងការទប់ស្កាត់មិនអោយគ្រឿងចក្រក្រុម ហ៊ុន អឹនខេ វ៉ិនឆឺ ធ្វើការឈូសឆាយនេះ គឺ បន្ទាប់ពីក្រុមហ៊ុននេះបានប្រើគ្រឿងចក្រពីរគ្រឿងធ្វើការឈូសឆាយលើដីរបស់អ្នកភូមិធ្លាប់បង្ករបង្កើនផលពីមុនមក។
លោក ចាន់ ផន តំណាងសហគមន៍អ្នកភូមិរងផលប៉ះពាល់ពីការឈូសឆាយដីដដែល សំនូមពរដល់អ្នកពាក់ព័ន្ធ ជួយដោះស្រាយចំពោះរឿងនេះ។
ចាន់ ផន៖ «ខ្ញុំជាប្រជាពលរដ្ឋ ហើយខ្ញុំក៏ជាតំណាងសហគមន៍នៅកន្លែងនេះមួយដែរ ខ្ញុំចង់បានណាស់ ចង់ឃើញរដ្ឋាភិបាលគាត់ជួយដោះស្រាយបញ្ហាដីធ្លីនេះឱ្យប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋគាត់មានដីធ្លីបង្កបង្កើនផល រស់នៅមានជីវភាពសមរម្យនឹងគេ»។
លោក ចាន់ ផន តំណាងសហគមន៍អ្នកភូមិរងផលប៉ះពាល់ពីការឈូសឆាយដីដដែល សំនូមពរដល់អ្នកពាក់ព័ន្ធ ជួយដោះស្រាយចំពោះរឿងនេះ។«ខ្ញុំជាប្រជាពលរដ្ឋ ហើយខ្ញុំក៏ជាតំណាងសហគមន៍នៅកន្លែងនេះមួយដែរ ខ្ញុំចង់បានណាស់ ចង់ឃើញរដ្ឋាភិបាលគាត់ជួយដោះស្រាយបញ្ហាដីធ្លីនេះឱ្យប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋគាត់មានដីធ្លីបង្កបង្កើនផល រស់នៅមានជីវភាពសមរម្យនឹងគេ»។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយបតបពីក្រុមហ៊ុនអឹនខេវ៉ិនឆឺបានទេដោយគ្មានប្រភពទាក់ទង តែជុំវិញរឿងនេះ លោក ញក់ ថែន មេឃុំ នៅ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានឱ្យ ថា ដីដែលពលរដ្ឋខាងលើកំពុងតែទាមទារ គឺជា ដីរបស់រដ្ឋដែលរដ្ឋបានវិនិយោគទៅឱ្យក្រុមហ៊ុន អឹនខេ វ៉ិនឆឺ ។
មេឃុំ លោក ញក់ ថែន ៖ «ដីនឹងដីរបស់រដ្ឋវិនិយោគទុនអោយទៅខាងក្រុមហ៊ុន ដីនឹងមិនមែនជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទេដែលប្រជាពលរដ្ឋចង់បាននឹងជាដីរបស់រដ្ឋ ដែលវិនិយោគទៅឱ្យក្រុមហ៊ុនទេ»។
តែបើតាមលោក ចាន់ ផន តំណាងពលរដ្ឋ៤៤០គ្រួសារដែលស្នើសុំឱ្យក្រុមហ៊ុនសងដីធ្លីរបស់ពួកគេត្រឡប់មកវិញ គឺដំបូងឡើយ ប្រជាពលរដ្ឋបានចូលមកកាន់កាប់និងដាំដុះតាំងពីឆ្នាំ ១៩៧៩ ហើយរហូតដល់ឆ្នាំ ១៩៨៧ រដ្ឋក៏បានយកដីនេះ ទៅដាំកូនអាកាសស្យា រហូតដល់ឆ្នាំ១៩៩៨ ដើមអាកាសស្យានោះក៏បានកាប់អស់ ហើយប្រជាពលរដ្ឋក៏ចូលទៅដាំដុះ ដំឡូងមី និងស្វាយចន្ទី នៅលើដីនោះម្ដងទៀត។ រហូតមកដល់ឆ្នាំ ២០១០ រដ្ឋបានប្រកាសថា ដីដែលពលរដ្ឋកំពុងតែដាំដុះនោះបានវិនិយោគទៅអោយក្រុមហ៊ុនហើយ។ បន្ទាប់ពីការប្រកាសនោះហើយ ក្រុមមហ៊ុមួយនេះ ក៏បានចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋដោយសន្យាថាធ្វើផ្លូវថ្នល់ តបណ្ដាញទឹកភ្លើង និងផ្ដល់ការងារឱ្យប្រជាពលរដ្ឋធ្វើ តែការសន្យាទាំងនោះ បានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ទើបប្រជាពលរដ្ឋដែលខ្វះខាតដីបង្ករបង្កើនផល សម្រេចចិត្តធ្វើការតវ៉ាយកដីនោះមកវិញ។ បើតាមលោក ចាន់ ផន ដដែល ក្រោយពីរដ្ឋកាត់ដីនោះទៅឱ្យក្រុមហ៊ុនធ្វើការវិនិយោគ គឺ ប្រជាពលរដ្ឋបានធ្លាក់ខ្លួនក្រីក្រ និងដើរស៊ីឈ្នួលគេ៕