ភ្នំពេញ ៖ ប្រទេសកម្ពុជាត្រូវបានដឹងថា ជាប្រទេសពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ហើយពលរដ្ឋប្រមាណ ៨០%ជាកសិករ។ ចំណែកស កម្មភាពប្រកបរបបកសិកម្មដាំដុះរបស់ពលរដ្ឋខ្មែរវិញ ក៏បានធ្វើឡើងរាប់សតវត្សរ៍មកហើយ។ យ៉ាងណានាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រជាកសិ ករកម្ពុជាក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតបានប្រើប្រាស់ជីគីមី ដើម្បីពន្លឿន និងបង្កើនផលកសិកម្មបានកាន់តែច្រើន និងឆាប់រហ័ស ដែលជាហេតុធ្វើឱ្យដីកសិកម្មត្រូវខូចរេចរឹលខ្សោះជីវជាតិ។
ទាក់ទិនបញ្ហាដីបាត់បង់ជីវជាតិនេះ អង្គការសេដាកដែលធ្វើការងារផ្តោតលើកសិកម្មសរីរាង្គ បានចែករំលែកនូវវិធីសាស្ត្រមួយចំនួន ដែលអាចធ្វើឲ្យដីស្រែមានជីវជាតិឡើងវិញ និងមានជីវជាតិជាប់ជានិច្ច ដើម្បីធានាឲ្យកសិករទទួលបានទិន្នផល និងប្រាក់ចំណេញខ្ពស់ពីមុខរបរធ្វើស្រែចំការនេះ។
ដើម្បីឲ្យកសិករអ្នកធ្វើស្រែអាចបង្កើនជីជាតិដី និងទិន្នផលស្រូវបានល្អប្រសើរ កសិករអាចអនុវត្តវិធីសាស្ត្រ៣ សំខាន់ៗ។
ទី ១ ធ្វើជីកំប៉ុស្ដឲ្យបានច្រើន៖ កសិករគួរប្រមូលនូវកាកសំណល់រុក្ខជាតិ លាមកសត្វ ដីមមោក ភ្ចាប់លើ ដីបាតស្រះ ប្រឡាយ ដីដំបូក ជាដើម មកដាក់លាយគ្នាដើម្បីរលាយក្លាយជាជីកំប៉ុស្ដ សម្រាប់យកទៅដាក់ក្នុងស្រែ។ កសិករគួរស្រោចទឹកបន្ថែមលើកជីកំប៉ុស្តដែលដាក់ពីលើផ្ទៃដីស្រែនោះ ដើម្បីជួយឲ្យសារធាតុទាំងនោះឆាប់ពុក ម៉ត់ បានល្អតែជៀសវាងកុំឲ្យមានភាពជាំទឹក។
ទី ២ កាប់មែកឈើគ្របលើដីស្រែ៖ ជាធម្មតានៅតាមស្រុកស្រែចំការ តែងមានដើមឈើដុះតាមភ្លីស្រែ និងដីទួល ហេតុនេះកសិករគួរកាប់មែក ឈើទាំងនោះយកមករាយគ្របលើដីស្រែទៅតាមទំហំដី ដែលអាចធ្វើបាន។ មែកឈើ និងស្លឹកឈើនឹងជួយការពារដីពីកម្តៅថ្ងៃខ្លាំង ផ្ដល់ជាជម្រកដល់សត្វល្អិតមានប្រយោជន៍ជាច្រើននៅក្នុងដី ហើយស្លឹកឈើរលួយនឹងក្លាយជាជីធម្មជាតិដ៏ល្អ។
ទី ៣ ដាំសណ្ដែកធ្វើជាជី៖ នៅដើមរដូវវស្សាកសិករគួរសាបព្រោះគ្រាប់សណ្ដែកដូចជា សណ្ដែកបាយ សណ្ដែកអង្គុយ ជាដើម ដើម្បីភ្ជួរលប់ធ្វើជាជី ។ ម្យ៉ាងវិញទៀត ពពួកសណ្ដែកទាំងនេះវាជួយស្រូបសារធាតុ ពីបរិយាកាស ផ្ដល់សារធាតុចិញ្ចឹមដល់ដំណាំស្រូវ។ បរិមាណសណ្ដែកដែលគួរប្រើ គឺប្រមាណ ២០ គីឡូក្រាមក្នុង ១ ហិកតា។
ដើម្បីឲ្យដីស្រែរបស់យើងមានជីជាតិជានិរន្ត ទទួលបានទិន្នផលស្រូវល្អ និងចំណាយតិចលើការទិញជីគីមី កសិករគួរងាកមកអនុវត្ដវិធីសាស្ត្រទាំង ៣ ខាងលើឲ្យបានច្រើន។ កសិករគម្បីនាំគ្នាកាត់បន្ថយការអាស្រ័យទាំងស្រុងលើការប្រើប្រាស់ជីគីមី ឬឈានទៅឈប់ប្រើទាំងស្រុង តាមរយៈការអនុវត្ដកសិកម្មតាមគោលការណ៏ធម្មជាតិ ជាពិសេសការគ្រប់គ្រងជីជាតិដី តាមគោលការណ៏ធម្មជាតិ៕
ប្រភពអត្តបទ ៖ អង្គការ សេដាក (រៀបរៀងដោយបណ្ឌិត យ៉ង សាំងកុមារ)