ភ្នំពេញ៖ លោក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រាប់ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាឱ្យប្រកាន់ខ្ជាប់នូវការវាយតម្លៃសភាពការណ៍នយោបាយឱ្យបានសុក្រឹត្យ។ ការទទូចឱ្យលោក George Edgar វាយតម្លៃឲ្យបានសុក្រឹត្យនេះធ្វើឡើងក្នុងជំនួបទ្វេភាគីក្នុងកិច្ចប្រជុំ នៅទីស្តីការក្រសួងការបរទេសនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេ[/caption]លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា ដែលស្រង់សម្តីមកចុះផ្សាយដោយគេហទំព័រមួយ បាននិយាយថា ក្នុងជំនួបនេះលោក រដ្ឋមន្ត្រី ប្រាក់ សុខុន បាន បញ្ជាក់ពីដំណើរវិវឌ្ឍន៍ជាប្រក្រតី នៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងកំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះដែលលោកអះអាងថា មានស្ថិរភាពល្អប្រសើរ។
តាមអ្នកនាំពាក្យរូបនេះ លោក ប្រាក់ សុខុន ក៏បានលើកឡើង ពីការព្រះរាជទានទោសពីព្រះមហាក្សត្រខ្មែរ ឱ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមសំណើរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្រៅពីនេះ លោករដ្ឋមន្ត្រីសន្យាថា ដំណើរការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយ គ្មានការលួចបន្លំសន្លឹកឆ្នោតឡើយ។
តាមអ្នកនាំពាក្យ គឺលោក George Edgar បានអះអាងថា សហភាបអឺរ៉ុបនៅតែ រក្សាទំនាក់ទំនងគ្រប់បក្សនយោបាយទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយមិន មានការលម្អៀង នយោបាយណាមួយនោះឡើយ។
រយៈពេលចុងក្រោយនេះ គេសង្កេតឃើញ សហគមន៍អន្តរជាតិ កាន់តែចាប់អារម្មណ៍រឿងនយោបាយនៅកម្ពុជា ក្នុងនោះតំណាងទូតនិងតំណាងក្រសួងការបរទេសប្រទេសលោកខាងលិចជាច្រើន បានចូលជួបលោក កឹម សុខា នៅពេល មេដឹកនាំបក្សប្រឆាំងនេះ សម្ងំនៅស្នាក់ការគណបក្ស ដែលជាភ្នែកមួយដែលគេថាជាការដាក់សម្ពាធលើបក្សកាន់អំណាច។
ក្រៅពីនេះសហគមន៍អន្តរជាតិក៍បានរួមគ្នាថ្កោលទោសការចាប់ខ្លួនបក្សប្រឆាំងនឹងសង្គមស៊ីវិល ខណៈពួកគេដាក់សម្ពាធឱ្យកម្ពុជាអនុញ្ញាតឱ្យលោក សម រង្ស៊ី វិលចូលប្រទេសវិញ ៕