ភ្នំពេញ ៖ ដើម្បីឲ្យកសិករទទួលបានទិន្នផលស្រូវខ្ពស់ជាប់ជានិច្ច និងកាត់បន្ថយនូវចំណាយក្នុងការទិញជីពីខាងក្រៅ កសិករគម្បីប្រើប្រាស់ឡើងវិញនូវអនុផលស្រូវ ដើម្បីប្រើធ្វើជាជីធម្មជាតិ ដែលមានដូចជាចំបើង ជញ្ជ្រាំងស្រូវ និងអង្កាម ជាដើម។
ក្នុងចំណោមស្រូវដែលមាននៅក្នុងដីស្រែបន្ទាប់ពីការច្រូតកាត់របស់កសិករ ជញ្ជ្រាំងស្រូវ គឺជាធនធានមួយដែលមានសារៈប្រយោជន៍ និងប្រកប ដោយសក្តានុពុលខ្ពស់បំផុតសម្រាប់កសិករ ជាពិសេសជញ្ជ្រាំងស្រូវក៏ជាជីធម្មជាតិដ៏ល្អ ដែលជួយឲ្យដីផុស និងផ្តល់ជីជាតិបន្ថែមដល់ស្រូវថែមទៀតផង។
ទោះយ៉ាងនេះក្តី ជញ្ជ្រាំងស្រូវនៅតែមិនត្រូវបានទទួលការថែរក្សាប៉ុន្មាននោះទេ ក្នុងចំណោមប្រជាកសិករជាច្រើន រហូតដល់មានការដុតបំផ្លាញចោលដោយចេតនា ឬអចេតនា ទៀតផង ។
ការដុតជញ្ជ្រាំងចោលដោយ ចេតនា ឬអចេតនាបែបនេះ នាំមកនូវគុណវិបត្តិជាច្រើនដូចជា បាត់បង់នូវសារធាតុសរីរាង្គសម្រាប់ប្រើជាជីជំនួយដល់ដី បាត់បង់នូវគម្របការពារដីពីកម្តៅថ្ងៃ ហើយចំហេះជញ្ជ្រាំងស្រូវនាំមកនូវកម្តៅ និង ឩស្ម័នផ្សេងៗ ជាពិសេសឧស្ម័នកាបូនិច ដែលអាចបង្កការបំពុលដល់បរិយាកាស និងបង្កើតឲ្យមានអាកាសធាតុក្តៅទៀតផង ។
ដោយមើលឃើញពីអត្តប្រយោជន៍នៃជញ្ជ្រាំងស្រូវ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនដល់កសិករ សេដ្ឋកិច្ច និងបរិស្ថាន បែបនេះ អង្គការសេដាក សូមអំពាវនាវដល់កសិករ និងអ្នកពាក់ព័ន្ធ ជាពិសេស គ្រូបង្រៀន និងអាជ្ញាធរមូលដ្ឋាន ជួយចាត់វិធានការណ៍ការពារធនធានធម្មជាតិដ៏សំ ខាន់នេះ ដោយជំរុញឲ្យកសិករភ្ជួរជញ្ជ្រាំងលុបទៅតាមលទ្ធភាពដែលអាចធ្វើបាន។ អប់រំឲ្យប្រជាកសិករ ជាពិសេសកុមារ និងយុវជន ឲ្យយល់ពីសារៈប្រយោជន៍នៃជញ្ជ្រាំងស្រូវ និងណែនាំកុំឲ្យពួកគេដុតជញ្ជ្រាំងស្រូវ។ ចំណែកអាជ្ញាធរមូលដ្ឋានវិញ គម្បីមានវិធានការណ៍ផាកពិន័យក្នុងកម្រិតណាមួយ ចំពោះជនណាដែលដុតជញ្ជ្រាំង និងចំបើង ទុកតាមវាលស្រែដោយចេតនា។
តាមបទពិសោធន៍ជាក់ស្តែងរបស់កសិករ លឹម ហួន រស់នៅភូមិត្រពាំងត្នោត ឃុំសូសែន ស្រុក ព្រៃឈ ខេត្តកំពង់ចាម និយាយថា ៖«សព្វថ្ងៃខ្ញុំស្តាយជាងគេគឺ ជញ្ជ្រាំងស្រូវតែម្តង ពីព្រោះជញ្ជ្រាំងស្រូវ បានធ្វើឲ្យដីស្រែធូ ដីផុសល្អ និងមានជីជាតិគ្រប់គ្រាន់ ទោះបីជាខ្ញុំមានជីធម្មជាតិដាក់ស្រែតិចតួចក៏ដោយ។ ជាក់ស្តែងក្នុងផ្ទៃដីចំនួន ០,៥ ហិកតា ខ្ញុំអាចទទួលផលស្រូវបានប្រមាណជា ៣ពាន់ គីឡូក្រាម ដែលពីមុនមិនទាន់មានការភ្ជួរលុបគល់ជញ្ជ្រាំង គឺលើដីដដែលអាចទទួលផលបានត្រឹមតែ ២២០០ គីឡូក្រាម»។ កសិកររូបនេះសូមអំពាវនាវដល់កសិករទាំងអស់ សូមភ្ជួរលុបជញ្ជ្រាំងស្រូវដោយកុំដុតចោល ។
ចំណែកអ្នកស្រី វង្ស ស៊ីធន រស់នៅភូមិត្នោតទ្រេត ឃុំតាកោ ស្រុកពោធ៌រៀង ខេត្តព្រៃវែង អ្នកស្រីតែងតែធ្វើការភ្ជួរលុបគល់ជញ្ជ្រាំងស្រូវក្រោយពេលច្រូតកាត់រួចជានិច្ច ហើយអ្នកស្រីបានអនុវត្តបែបនេះបានចំនួន ៤ ឆ្នាំ កន្លងមក ។ ជាលទ្ធផលអ្នកស្រីសង្កេតឃើញថា ទិន្នផលស្រូវបានបន្តកើនឡើង និងដីស្រែប្រែជាដីមមោកកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ និងសំបូរទៅដោយសត្វល្អិតក្នុងដីដូចជាជន្លេន ដែលជួយឲ្យដីធូរជាងមុន និងមិននឿយហត់ក្នុងការប្រមូលជីដាក់ស្រែឡើយ។ ចំពោះទនិ្នផលស្រូវវិញ អ្នកស្រីថា គាត់បានទទួលបានផលច្រើន។
ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកកសិកម្ម និងជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់បន្ថែមថា ការថែរក្សា និងប្រើប្រាស់ជញ្ជ្រាំងស្រូវដើម្បីភ្ជួរលុបជាជីសរីរាង្គ គឺធ្វើឲ្យដី ស្រែអាចរក្សាជីជាតិបានយូរអង្វែង ទទួលបានទិន្នផលស្រូវខ្ពស់ និងកាត់បន្ថយការចំណាយលើការទិញជីពីខាងក្រៅបន្ថែម។ លោកបន្តថា នៅពេលដីមានសារធាតុសរីរាង្គច្រើន ធ្វើឲ្យដីស្រែមានសមត្ថភាពរក្សាសំណើមបានយូរ ទប់ទល់នឹងភាពរាំងស្ងួតបានល្អផងដែរ៕
ប្រភពអត្តបទ ៖ អង្គការ CEDAC