en     km
en     km

បក្ស​កាន់​អំណាច​នៅ​តែ​ប្រកាន់​ជំហរ​មិន​យកពន្ធ​ដី​កសិកម្ម​ តែ​ CNRP​ ថា​ខ្លួន​ក៏​មាន​ជំហរ​ដូចនេះ​ដែរ​

Share

​ភ្នំពេញ​៖​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​សភា​ពេញអង្គ​កាលពី​ថ្ងៃ​ទី​ ២៦​ ធ្នួ​ ថា​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​តែ​ពី​ឆ្នាំ​ ១៩៩១​ មក​ គឺ​មិន​យកពន្ធ​ដី​កសិកម្ម​នោះ​ទេ​ ហើយ​តទៅ​ថ្ងៃ​មុខ​ក៏​នៅ​តែ​មិន​យកពន្ធ​លើ​ដី​កសិកម្ម​ដែល​។​

ជុំវិញ​រឿង​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មាន​គោលនយោបាយ​របស់​ខ្លួន​មិន​យកពន្ធ​ដី​កសិកម្ម​ដូច​គ្នា​ដែរ​ ក៏​ប៉ុន្ដែ​បក្ស​នេះ​អះអាង​ថា​ ប្រសិនបើ​ខ្លួន​បាន​ដឹកនាំ​ប្រទេស​ក្នុង​ឆ្នាំ​ ២០១៨​ ខ្លួន​នឹង​រៀបចំ​ការងារ​កសិកម្ម​ឲ្យ​បាន​ល្អ​ប្រសើ​ ស្រប​តាម​ឈ្មោះ​ជា​ប្រទេស​កសិកម្ម​។​ ប៉ុន្តែ​បើ​តាម​អ្នក ជំនាញ​ផ្នែក​កសិកម្ម​វិញ​យល់​ឃើញ​ថា​ រាជរដ្ឋាភិបាល​គួរតែ​យកពន្ធ​ដី​កសិកម្ម​ ព្រោះ​មាន​អត្ថប្រយោជន៍​ទាំង​ពលរដ្ឋ​ និង​បង្កើន​ថវិកាជាតិ​។​

រូបកសិករកំពុងប្រមូលផលស្រូវ។រូបភាពពីCEDAC
រូបកសិករកំពុងប្រមូលផលស្រូវ។រូបភាពពីCEDAC
ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​ឡើង​នៅ​ពេល​ សភា​ប្រជុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ហើយ​ក្នុង​កិច្ចប្រជុំ​នោះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រកាស​មិន​អោយ​ពលរដ្ឋ​ធ្វើ​ កាត​គ្រី​បើកបរ​ លើ​ទោច​ក្រ​យាន្ត​ក្រោម​កម្លាំង​ម៉ាស៊ីន​ ១២៥​សេ​សេ​។​

​ទំនង​ចង់​អះអាង​រឿង​ខាងលើ​នេះ​ហើយ​ ដែល​នាយក​រដ្ឋមន្ត្រី​ចូល​វ័យ​ ៦៥​ឆ្នាំ​ ជា​អ្នកនយោបាយ​ជើង​ចាស់​កាន់​អំណាច​អស់​រយៈពេល​ជាង​ ៣០​ឆ្នាំ​ អះអាង​មិន​យកពន្ធ​ដី​ពី​កសិករ​។​ សម្ដេច​ ហ៊ុន​ សែន​៖«​នៅ​ក្នុង​ក្រប​ខណ្ឌ​គោលនយោបាយ​របស់​ខ្លួន​តាំងពី​សន្និបាត​ឆ្នាំ​ ៩១​ នឹង​រហូត​មក​ដល់​ពេល​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​មិន​យកពន្ធ​ដី​កសិកម្ម​ ដដែល​»​។​

កម្ពុជា​គឺជា​ប្រទេស​កសិកម្ម​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រហូត​ដល់​ទៅ​ជាង​ ៨០​ភាគរយ​ ប្រកប​របប​កសិកម្ម​។​ ក៏​ប៉ុន្ដែ​រយៈពេល​ជាង​ប៉ុន្មាន​ឆ្នាំ​មកនេះ​ កសិករ​ខ្មែរ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ជុំវិញ​ការ​ធ្វើ​កសិកម្ម​ មាន​ទាំង​បញ្ហា​កង្វះ​ទឹក​ បញ្ហា​កង្វះ​ទុន​ បញ្ហា​កង្វះ​បច្ចេកទេស​ និង​កង្វះ​ការ​យកចិត្ដទុក ដាក់​ពី​រាជរដ្ឋាភិបាល​ចំពោះ​ការ​ផ្ដល់​ទីផ្សារ​ផលិតផល​កសិកម្ម​។​

រូបកសិករសេដាកកំពុងប្រមូលផលស្រូវសរីរាង្គរបស់ខ្លួន។រូបភាពពីCEDAC
រូបកសិករសេដាកកំពុងប្រមូលផលស្រូវសរីរាង្គរបស់ខ្លួន។រូបភាពពីCEDAC
លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ មាន​ប្រសាសន៍​ថា​ គណបក្ស សង្គ្រោះជាតិ​ គ្មាន​គោលការណ៍​យកពន្ធ​ដី​កសិកម្ម​ពី​ប្រជាពលរដ្ឋ​ដែល​ជា​កសិករ​នោះ​ទេ​។​

​លោក​ពន្យល់​ថា​ ការ​មិន​យកពន្ធ​ពី​ដី​កសិកម្ម​នេះ​ ព្រោះតែ​គណបក្ស​សង្គ្រោះ​ជាតិ​មើលឃើញ​ចំណុច​មួយ​ចំនួន​ ដូច​ជា​ កសិករ​នៅ​ក្រ​ កសិកម្ម​កម្ពុជា​នៅ​អន់​ថយ​ ហើយ​មិនតែប៉ុណ្ណោះ​វិស័យ​កសិកម្ម​នេះ​ជា​វិស័យ​រីក​ចម្រើន​ក្រោយ​គេ​។​ អ្នកនាំពាក្យ​បន្ដ​ថា​ កសិករ​សព្វថ្ងៃ​រក​ចំណូល​ពី​កសិកម្ម​របស់​ខ្លួន​បាន​តិច​តូច​ណាស់​ ហើយ​ស្ទើ​តែ​មិន​រួច​ថ្លៃ​ចំណាយ​របស់​ខ្លួន​ផង​។​ លោក​ យឹ​ម​ សុវណ្ណ​៖«​មិនមែន​មាន​ន័យ​ថា​ មិន​យកពន្ធ​ហើយ​ជួយ​បាន​ទេ​គឺ​មិនមែន​អ​ញ្ចឹ​ង​ទេ​ គឺ​យើង​ត្រូវ​មាន​គោលនយោបាយ​អត្រា​ការ​ប្រាក់​ ដែល​គាត់​ខ្ចី​យក​មក​ប្រកប​រប​កសិកម្ម​ហ្នឹង​មិន​ត្រូវ​ឲ្យ​លើស​ពី​ ១ ​ភាគរយ​ក្នុង​មួយ​ខែ​ដែរ​»​។​

តែ​ជាមួយ​គ្នា​នេះ​លោក​ យឹ​ម​ សុវណ្ណ​ សង្កត់ធ្ងន់​ថា​ បើ​ការ​បោះ​ឆ្នោត​ខាង​មុខ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គណបក្ស​នឹង​សិក្សា​ពី​ដី​សិ​កម្ម​ពិត ប្រាកដ​ និង​ដី​កសិកម្ម​សិប្ប​និ​មិ្ម​ត​ដែល​មាន​គម្លាត​ឆ្ងាយ​ពេក​ពីរ​វាង​កសិករ​ក្រីក្រ​និង​ឈ្មួញ​ដែល​មាន​ដី​ច្រើន​រយ​ហិច​តា​។​

ទោះជា​គណបក្ស​នយោបាយ​ធំៗ​នៅ​កម្ពុជា​ដែល​មាន​អាសន​ក្នុង​រដ្ឋសភា​ បាន​អះអាង​ថា​ មិន​យកពន្ធ​ដី​កសិកម្ម​ពី​ប្រជាពលរដ្ឋ​នេះ​ក៏​ត្រូវ​បាន​អ្នក ជំនាញ​ផ្នែក​កសិកម្ម​សម្ដែង​ក្ដី​សាទរ​ដែរ​ ក៏​ប៉ុន្ដែ​អ្នកជំនាញ​បញ្ជាក់​ថា​ ការ​មិន​យកពន្ធ​ក៏​មាន​ផល​ល្អ​ និង​ការ​យកពន្ធ​ក៏​មាន​ផល​ដែរ​។​

​លោក​ សម​ វិទូ​ ប្រធាន​អង្គការ​សេ​ដាក​មាន​ប្រសាសន៍​ថា​ ការ​មិន​យកពន្ធ​ដី​កសិកម្ម​ពី​ប្រជា​កសិករ​គឺជា​ប្រការ​ល្អ​ ក៏​ប៉ុន្ដែ​ការ​យកពន្ធ​ដី​កសិកម្ម​ក៏​មាន​ផល​ល្អ​សម្រាប់​ពលរដ្ឋ​ផង​ដែរ​។​ លោក​ពន្យល់​ថា​ ការ​មិន​យកពន្ធ​ដី​កសិកម្ម​ពី​ប្រជា​កសិករ​ គឺ​ជួយ​សម្រួលការ​ចំណាយ​របស់​កសិករ​។​ចំណែក​ចំណុច​ល្អ​នៃ​ការ​យកពន្ធ​ដី​កសិកម្ម​ គឺ​ជួយ​ឲ្យ​ពលរដ្ឋ​មាន​សុវត្ថិភាព​ផ្នែក​កម្មសិទ្ធិ​ដីធ្លី​។​

លោក សម វិទូ នាយកប្រតិបត្តិអង្គការសេដាក។រូបភាពពីCEDAC
លោក សម វិទូ នាយកប្រតិបត្តិអង្គការសេដាក។រូបភាពពីCEDAC
តែ​ជាមួយ​គ្នា​នេះ​ លោក​ សម​ វិទូ​ បង្ហាញ​ការ​យល់​ឃើញ​ថា​ រាជរដ្ឋាភិបាល​គួរ​យកពន្ធ​ដី​កសិកម្ម​ទើប​ជា​ការ​ប្រសើរ​ព្រោះ​ការ​យកពន្ធ​ដី​កសិកម្ម​ គឺ​អាច​បង្កើន​ចំណូល​រដ្ឋ​ ជា​ពិសេស​គឺ​នឹង​ធ្វើ​ឲ្យ​ឈ្មួញ​ដែល​ទិញ​ដី​យក​ទៅ​ទុក​ នឹង​មិន​បន្ដ​ទិញ​ដី​ទុក​បន្ថែម​ទៀត​នោះ​ទេ​។​ លោក​ សម​ វិទូ​៖«​ការ​បង់ ពន្ធ​កសិករ​គឺ​ចំណាយ​ប៉ុន្ដែ​ជា​ទូទៅ​ប្រសិនបើ​ជម្រុញ​ឲ្យ​មានការ​បង់ពន្ធ​ដី​កសិកម្ម​ សម្រាប់​រាជរដ្ឋាភិបាល​គឺ​មាន​ចំណុច​ល្អ​ច្រើន​ដែរ​ ទី​១​ រាជរដ្ឋា ភិបាល​រក​ចំណូល​ ទី​២​គឺ​ធ្វើ​ឲ្យ​អ្នក​ ទិញ​ដី​កសិកម្ម​យក​ទៅ​ទុក​បញ្ឈប់​ការ​ធ្វើ​បែប​នេះ​ទៀត​ ព្រោះ​ការ​ទិញ​ដី​កសិកម្ម​យក​ ទៅ​ទុក​គឺ​ធ្វើ​ឲ្យ​រាជ​រដ្ឋា ភិបាល​ខាត​ទៅ​វិញ​ទេ​»​។​

​មិន​ថា​ឡើយ​គណបក្ស​ធំ​ពីរ​នេះ​ទេ​ ដែល​ប្រកាស​មិន​ហូតពន្ធ​ដី​កសិកម្ម​ពី​កសិករ​ សូ​ម្បី​បក្សនយោបាយ​ជា​ច្រើន​ទៀត​ ដែល​មិន​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ ក៏​មិន​បាន​ចែង​ពី​គោលនយោបាយ​នេះ​ដែរ​  ព្រោះ​ជា​ប្រយោជន៍​នៃ​ការ​ទាក់ទាញ​សន្លឹក​ឆ្នោត​ ។​ ប៉ុន្តែ​ជា​រឿយៗ​ កសិករ​តែងតែ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​ ពី​រឿង​ដីធ្លី​ដំណាំ​របស់​ពួក​គេ​ត្រូវ​បាន​ពួក​អ្នកមាន​ និង​ ក្រុមហ៊ុន​កសិកម្ម​រឹបអូស​យក​ដី​ពួក​គេ​៕​​

Share

ព័ត៌មានទាក់ទង

Image