ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសជ្រើសរើសសិស្សស្រី ដើម្បីចូលរួមប្រកួតប្រជែងមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងគម្រោងធុរកិច្ចអន្តរជាតិក្នុងកម្មវិធី Technovation។
ការជ្រើសរើសតែសិស្សស្រីឱ្យចូលរួមក្នុងកម្មវិធី ក្នុងគោលបំណងបង្កើនចំនួនស្រី្តក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពឱ្យកាន់តែច្រើនបន្ថែមទៀត។
សម្រាប់សិស្សស្រីដែលអាចចូលរួមប្រកួតប្រជែងបាន គឺមានអាយុពី១០ ទៅ១៨ឆ្នាំកំពុងសិក្សានៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋ និងឯកជន។ ជាមួយគ្នានេះ ត្រូវយល់ព្រមចូលរួមប្រកួតជាក្រុម និងត្រូវចំណាយពេល៤ទៅ៥ម៉ោងក្នុងមួយសប្តាហ៍។
កម្មវិធីប្រកួតប្រជែងនេះ នឹងធ្វើការជ្រើសរើស ១០ក្រុមចុងក្រោយ ដែលឈ្នះដល់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីទៅធ្វើបទបង្ហាញនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។ ក្រុមជ័យលាភីពីរក្រុមចុងក្រោយនឹងទទួលរង្វាន់មួយម៉ឺនដុល្លារក្នុងមួយក្រុម។
Technovation គឺជាកម្មវិធីអប់រំ ពីសហគ្រិនភាពក្នុងវិស័យបច្ចេកវិទ្យា សម្រាប់ការប្រកួតប្រជែងអន្តរជាតិ៕