ភ្នំពេញ៖ ក្រុមស្ត្រីរងគ្រោះដីធ្លីមកពីខេត្តកោះកុងជិត២០០នាក់ ព្រមានថានឹងទៅតវ៉ាដល់ផ្ទះសម្តេច ហ៊ុន សែន ប្រសិនបើក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត មិនអាចរកអន្តរាគមន៍ជូនពួកគាត់បានក្នុងសំណុំរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនដែលពួកគាត់ថា «បាត់បង់ដីគឺដូចជាយើងបាត់បង់ជីវិត»។ ការថ្លែងដូចនេះធ្វើទ្បើងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងបរិវេណវត្តសាមគ្គីរង្សី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦នេះ។ លោក ជួន សារ៉េត រាយការណ៍៖
៖ ក្រុមស្រ្តីរងគ្រោះដីធ្លីមកពីខេត្តកោះកុងជិត២០០នាក់ ព្រមានថានឹងទៅតវ៉ាដល់ផ្ទះសម្តេច ហ៊ុន សែន[/caption]បញ្ហាជម្លោះដីធ្លីបានធ្វើឱ្យក្រុមស្ត្រី ក្មេង ចាស់ ដែលមកពីខេត្តកោះកុងជាច្រើននាក់សម្រេចចិត្តចំណាកស្រុក ចេញមកតវ៉ានៅទីក្រុងភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ។ តែការចេញតវ៉ានេះមិនត្រឹមតែមិនទាន់ទទួលបានជោគជ័យនោះទេ ប៉ុន្តែថែមទាំងមានបន្ទុកគ្រួសាថែមទៀត ជាពិសេសការឃ្លាតឆ្ងាយពីផ្ទះសម្បែងបានបង្កើតឱ្យមានអំពើហិង្សាក្នុងគ្រួសារកើតទ្បើងផងដែរ។ ករណីនេះក្រុមស្ត្រីរងគ្រោះដីធ្លីបានលើកទ្បើងថា ប្រសិនបើក្រសួងស្ថាប័នពាក់ព័ន្ធនៅតែពន្យាពេលរកដំណោះស្រាយជូនពួកគាត់ទៀតនោះ គឺពួកគាត់នឹងទៅដល់ផ្ទះសម្តេច ហ៊ុន សែន ឱ្យជួយអន្តរាគមន៍។
តំណាងឱ្យក្រុមស្ត្រីរងគ្រោះដីធ្លី១៧១នាក់ អ្នកស្រី ផាវ ញ៉ឺង មានប្រសាសន៍ថា គោលបំណងសំខាន់ដែលធ្វើសន្និសីទកាសែតនៅថ្ងៃនេះ គឺដើម្បីទទូចឱ្យក្រសួងដែនដីនគូរបនីយកម្ម និងសំណង់ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតពន្លឿនការដោះស្រាយរឿងទំនាស់ដីធ្លីរបស់ពួកគាត់។ អ្នកស្រី ផាវ ញ៉ឺង បន្តថាបន្ទាប់ពីដីធ្លីរបស់ក្រុមអ្នកស្រីដែលទ្បើងមកតវ៉ានេះ ត្រូវបានក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ និងក្រុមហ៊ុនធ្វើស្ករអំពៅរបស់លោក ឱកញ៉ា លី យ៉ុងផាត់ រំលោភបំពានយកហើយនោះធ្វើឱ្យក្រុមស្ត្រីរងគ្រោះដីធ្លី ខេត្តកោះកុងចាប់ផ្តើមធ្លាក់ខ្លួនក្រ និងជំពាក់បំណុលគេ ហើយថែមទាំងបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារកើតទ្បើងថែមទៀតផង។
ស្ត្រីរងគ្រោះដីធ្លីរូបនេះស្នើសម្តេច ហ៊ុន សែន អន្តរាគមន៍ពីករណីនេះមិនដូច្នេះទេ ពលរដ្ឋរងគ្រោះដីធ្លីរឹតតែបន្តរងគ្រោះបន្តទៅមុខទៀតមិនខាន។
អ្នកស្រី ផាវ ញ៉ឺង ដែលបានមកតវ៉ារឿងដីធ្លី[/caption]
«ពេលដែលយើងបាត់បង់ដីគឺដូចជាយើងបាត់បង់ជីវិតយើង អញ្ចឹងរស់នៅពិបាកណាស់រស់នៅក្នុងសង្គមមួយដែលគេឯងគ្រប់គ្នាសប្បាយរីករាយ ពេលខ្ញុំទៅពេទ្យ ពេទ្យគេរើសអើងគេភ័យខ្លាចខ្ញុំអត់មានលុយឱ្យគេ បើសិនជាអត់មានដំណោះស្រាយអីខ្ញុំទៅផ្ទះសម្តេចហើយ ។ ពួកយើងអត់មានជំរើសទេខ្ញុំធ្វើដើម្បីកូនខ្ញុំ សម្តេចអើយជួយកូនផងជួយដោះស្រាយដីឱ្យកូនឱ្យលឿនបានកូនត្រទ្បប់ទៅផ្ទះវិញ»។
ចំណែកស្ត្រីរងគ្រោះដីធ្លីមួយរូបទៀត គឺអ្នកស្រី ណុំ វណ្ណារី បានលើកទ្បើងថា មូលហេតុដែលអ្នកស្រីសម្រេចចិត្តទ្បើងមកតវ៉ារឿងដីធ្លីនេះ គឺដើម្បីជំរុញឱ្យក្រសួងពាក់ព័ន្ធពន្លឿនការដោះស្រាយរឿងទំនាស់ដីធ្លី ជាពិសេសគឺអំពាវនាវរកកិច្ចអន្តរាគមន៍ពីសម្តេច ហ៊ុន សែន ឱ្យជួយជំរុញទៅដល់ស្ថាប័នពាក់ព័ន្ធដោះស្រាយរឿងដីធ្លីនេះឱ្យបានឆាប់។ អ្នកស្រី វណ្ណារី សង្កត់ធ្ងន់ថា ក្រុមអ្នកស្រីនឹងមិនត្រទ្បប់ទៅផ្ទះវិញទ្បើយប្រសិនបើគ្មានដំណោះស្រាយជូនពួកគាត់ មានន័យថាពួកគាត់នឹងបន្តតវ៉ាទៅតាមស្ថាប័នពាក់ព័ន្ធផ្សេងទៀតរហូតទាល់តែមានដំណោះស្រាយ។
«ខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀតសូមឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកប្រមុខអ្នកដឹកនាំនៅប្រទេសកម្ពុជារបស់យើង។ សូមលោកពន្លឿនជំរុញធ្វើយ៉ាងណាឱ្យក្រសួងដែនដីហ្នឹងជួយរកដំណោះស្រាយ ឱ្យប្រជាពលរដ្ឋ ពួកបងមកតវ៉ានេះ តវ៉ាដល់ជោគជ័យបានពួកបងឈប់ បើសិនមិនទាន់មានប័ណ្ណកម្មសិទ្ធិកាន់កាប់ដល់ដៃពួកយើងគ្រប់ៗគ្នាទេពួកយើងនឹងនៅតែបន្តការតវ៉ាហូរហែរហូត»។
ទាក់ទងនឹងបញ្ហានេះវិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយតបពីក្រុមហ៊ុនរបស់លោក ឧកញ៉ា ហេង ហុយ និងក្រុមហ៊ុន របស់លោក ឧកញ៉ា លីយ៉ុងផាត់ បាននៅទ្បើយទេនៅថ្ងៃនេះ។
បើតាមការឱ្យដឹងពីពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តកោះកុងថាទំនាស់ដីធ្លីដែលបានកើត ទ្បើងនេះគឺចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ហើយពួកគាត់ក៏បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធរួចហើយដែរ ប៉ុន្តែដោយសារតែពុំទាន់មានការឆ្លើយតបទើបពួកគាត់សម្រេចទ្បើងមកភ្នំពេញជាថ្មីទៀត ដើម្បីតាមដានញាត្តិរបស់ពួកគាត់។ ហើយបច្ចុប្បន្នអ្នករងគ្រោះដីធ្លីទាំងនេះស្នាក់នៅវត្តសាមគ្គីរង្សីជាបណ្តោះអាសន្ន រង់ចាំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលរឿងទំនាស់ដីធ្លីរបស់ពួកគាត់៕