ហ្វីលីពិន៖ រដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពិន ដែលមានប្រជាជនរស់នៅរាប់លាននាក់ប្រឈមមុខនឹងការវាយប្រហារដោយព្យុះ Nock-Ten នៅប៉ុន្មានម៉ោងខាងមុខនេះ។ ពួកមន្ដ្រីឧតុនិយមនៃប្រទេសហ្វីលីពិនដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន BBC បាននិយាយថា គេបានប្រាប់ដំណឹងនេះទៅដល់ប្រជាជនរស់នៅក្នុងទីក្រុងអស់ហើយ ជាពិសេសពលរដ្ឋដែលរស់នៅចំមុខព្យុះដែលត្រូវបក់បោកវាយលុក។
តាមប្រភពដដែលព្យុះនេះមានល្បឿន ១៤០គីឡូម៉ែត្រក្នុងមួយម៉ោងដោយវាបក់បោកមកពីសមុទ្រភាគខាងត្បូងប្រទេសហ្វីលីពិន ហើយនៅទីនោះវាបានធ្វើឲ្យដំណាំកសិកម្មរបស់ប្រជាជនរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។
ស្ដ្រីអ្នកនាំពាក្យ Mina Marasigan នៃក្រុមប្រឹក្សា ឃ្លាំមើលគ្រោះមហន្ដរាយ បាននិយាយថា គេបានត្រៀមដើម្បីជួយប្រជាជនរួចរាល់ហើយ។
ប្រទេសហ្វីលីពិនជាដែនកោះ។ ប្រទេសនេះមានកោះចំនួន ៧ពាន់កោះ ដែលធ្វើឲ្យរងគ្រោះដោយសារព្យុះខ្លាំងក្លាជាងគេបង្អស់ បើធៀបនឹងប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ីអាគ្នេយ៍៕ប្រភព BBC