សេអ៊ូល៖ប្រជាជនកូរ៉េខាងត្បូងជាច្រើនពាន់នាក់ដែលស្លៀកសម្លៀកបំពាក់ Santa Claus បានចេញដើរតាមដងផ្លូវនានានៅក្នុងទីក្រុងសេអ៊ូលដើម្បីអបអរសាទរបុណ្យណូអែលខណៈពួកគេបានតវ៉ាឲ្យតុលាការទម្លាក់ចោលសំណុំរឿងប្រឆាំងលោកស្រី ប៉ាក គុនហេ ប្រធានាធិបតីដែលមានរឿងអាស្រូវ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC អ្នកតវ៉ាទាំងនោះបានលើកបដាព្រោងព្រាតហើយបាននិយាយថា ត្រូវតែផ្ដល់អំណាចឲ្យលោកស្រី ប៉ាក គុនហេ ឡើងវិញ។
តាមប្រភពដដែលបាតុករដែលតវ៉ារឿងនេះមានគ្នារហូតដល់ទៅដល់ ៥ សែន ៥ម៉ឺននាក់។ លោកស្រី ប៉ាក គុនហេ ត្រូវបានតុលាការរដ្ឋធម្មនុញ្ញប្រទេសនេះកោះហៅឡើងសវនាការនៅថ្ងៃ ២៧ ធ្នូ ក្នុងសំណុំរឿងដែលលោកស្រីពាក់ព័ន្ធការបណ្ដោយឲ្យមិត្ដភក្ដិលោកស្រីម្នាក់គឺ លោកស្រី ឆយ ស៊ុនស៊ីល ប្រើប្រាស់អំណាចលោកស្រីក្នុងការប្រព្រឹត្ដអំពើពុករលួយ។ ដោយសារករណីនេះលោកស្រី ប៉ាក គុនហេ ត្រូវបានសមាជិកសភាដកហូតតំណែងជាប្រធានាធិបតីដោយផ្ទេរអំណាចទាំងអស់ទៅឲ្យនាយករដ្ឋមន្ដ្រី។ ករណីរឿងអាស្រូវនេះប្រសិនបើតុលាការរដ្ឋធម្មនុញ្ញរកកំហុសឃើញលោកស្រី ប៉ាក គុនហេ នឹងត្រូវបង្ខំឲ្យចាកចេញពីតំណែង៕