ចិន៖ ពួកមន្ដ្រីកងទ័ពប្រទេសចិន និយាយថា កងនាវាចម្បាំងដែលផ្ទុកដោយយន្ដហោះជាច្រើនគ្រឿង គឺ នាវា Liaoning បានចាកចេញទៅកាន់សមុទ្រប៉ាស៊ីហ្វិច ដោយកាត់តាមច្រកសមុទ្រនៃកោះតៃវ៉ាន់ ដែលត្រូវបានគេមើលឃើញថាគឺជាការគំរាមរដ្ឋការក្រុងតៃប៉ិ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ដែលស្រង់ព័ត៌មានប្រទេសចិនមកចុះផ្សាយថា Liaoning បានចាកចេញពីមូលដ្ឋានរបស់ខ្លួន ដោយសំដៅទៅសមុទ្រភាគខាងលិច ជាផ្នែកមួយក្នុងប្រតិបត្តិការសមយុទ្ធទ្រង់ទ្រាយធំនៃការបើកនាវាចម្បាំង ផ្ទុកដោយយន្ដហោះ ទៅកាន់ទីគ្រប់កន្លែងទាំងអស់នៃសមុទ្រអាស៊ីប៉ាស៊ីហ្វិក។
តែយ៉ាងណាក៏ដោយគឺជារូបភាពនៃការគំរាមកំហែងទៅលើរដ្ឋាភិបាលទីក្រុងតៃប៉ិ ដឹកនាំដោយប្រធានាធិបតីនិយមអាមេរិក គឺ លោកស្រី តាយ អ៊ិងវ៉េន។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បានប្រកាសថា ខ្លួនបានតាមដានសកម្មភាពនាវាចម្បាំងរបស់ចិនយ៉ាងប្រុងប្រយ័ត្នបំផុត។
ការបញ្ចេញនាវាចម្បាំងដ៏ធំជាលើកដំបូងនេះ គឺបន្ទាប់ពីក្រុងប៉េកាំងបានសម្ដែងការខកចិត្តយ៉ាងខ្លាំងដោយសារតែលោកស្រី តាយ អ៊ឹងវ៉េន បានភ្ជាប់ទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ត្រាំ និយាយអំពីការពង្រឹងចំណងទាក់ទងទ្វេភាគីដែលក្រុងប៉េកាំងព្រមានក្រុងតៃប៉ិ កុំព្យាយាមភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសអាមេរិក៕ប្រភព៖ BBC