ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកពិចារណាលុបបំណុលដែលកម្ពុជាជំពាក់កាលពីសម័យសង្គ្រាមស៊ីវិលសម័យសាធារណៈរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់។ ជុំវិញការអំពាវនាវឲ្យអាមេរិកលុបបំណុលនេះ អ្នកវិភាគសម្តែងការគាំទ្រ។ តែយ៉ាងណាក៏ដោយ អ្នកវិភាគថាបើកម្ពុជាចង់ឱ្យអាមេរិលលុបបំណុលគឺអាមេរិក ធ្វើបានតែកម្ពុជាគួរធ្វើឱ្យប្រទេសធំនេះទុកចិត្តឡើងវិញ។ លោក ធូ វិរៈ រាយការណ៍ព័ត៌មាននេះ៖
សម្តេច ហ៊ុន សែន [/caption]សម្តេច ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ កាលយប់ថ្ងៃទី ២៤ ខែធ្នូ ដោយសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកគឺ លោក ដូណាល់ត្រាំ ដែលនឹងស្បថចូលកាន់ដំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៥ នៅខែមករា ខាងមុខនេះ នឹងលុបបំណុលទាំងអស់ដែលកម្ពុជាជំពាក់កាលពីសម័យសង្គ្រាមស៊ីវិលក្នុងអំឡុងទសវត្ស ៧០។
សម្តេច ហ៊ុន សែន បានបន្ទោសសហរដ្ឋអាមេរិកថា បានទម្លាក់សម្តេច នរោត្តមសីហនុ នៅពេលព្រះអង្គមានព្រះជន បាននាំសង្គ្រាមស៊ីវិលមកប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន៖«ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលរបស់លោក ដូណាល់ត្រាំ និងពិចារណាអំពីបំណុល ដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកក្នុងជំនាន់សារធារណរដ្ឋខ្មែរ របស់សេនាប្រមុខ លន់ នល់ តើត្រូវគួរលុបចោលបំណុលនេះ ឬទេ។ យើងខ្ញុំពិបាកនិងការពន្យល់ប្រជាជនកម្ពុជា ដើម្បីឲ្យទទួលស្គាលបំណុលដែលទិញគ្រាប់បែក និងគ្រាប់កាំភ្លើងមកសម្លាប់ប្រជាជនកម្ពុជា»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ចាន់ វិបុល បានគាំទ្រការអំពាវរបស់សម្តេចនាយករដ្ឋមន្ត្រីថា ជាប្រយោជន៍ជាតិ។ ក៏ប៉ុន្តែលោកហាក់ដូចគ្មានជំនឿថា មេដឹកនាំថ្មីអាមេរិក និងពិចារណាលុបបំណុល ឡើយ ព្រោះលោក ដូ ណាល់ត្រាំ បានប្រកាសឲ្យថា លោកគិតគូរតែសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិក ហើយនឹងគិតគូរអំពីកិច្ចការក្រៅប្រទេសឡើយ។
លោក ចាន់ វិបុល៖«មានការលំបាកនៅក្នុងការធ្វើយ៉ាងណាឲ្យប្រធានាធិបតី កាត់ឲ្យការយកប្រាក់សង់នៅក្នុងកាត់បំណុលរបស់គាត់ ប៉ុន្តែនៅក្នុងចន្លោះនិងក៏យើងឃើញចរិកមួយដែរគឺ លោក ដូ ណាល់ត្រាំ ចង់ធ្វើការបដិសេធនៅរាល់ទង្វើអាក្រក់ទាំងឡាយណារបស់អតីតប្រធានាធិបតី របស់អាមេរិក ហើយប្រហែលចំនុចនឹងក៏អាចជាជម្រើសឲ្យលោក ដូណាល់ត្រាំ ធ្វើរឿងផ្សេងទទៃ ខុសពីអារម្មណ៍របស់គាត់ដែរ»។
ដូចគ្នានេះដែរ លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ ក៏បានគាំទ្រឲ្យអាមេរិកលុបបំណុលកម្ពុជាដែរ។ តែលោក គឹម សុខ ក៏អំពាវនាវឲ្យសម្តេច ហ៊ុន សែន ក៏ស្នើទៅរុស្ស៊ីឲ្យលុបបំណុល កម្ពុជាក្នុងសង្គ្រាមដូចនេះដែរ។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម[/caption]លោក គឹម សុខ៖«ការស្នើរបស់គាត់ត្រឹមត្រូវ តែរឿងដែលសំខាន់កុំប្រើវោហារស័ព្ទបែបក្តៅក្រហាយរបៀបស្នើ ដើម្បីគ្រាន់តែបង្ហាញអារម្មណ៍មិនពេញចិត្តអាមេរិកកាំងវាអត់ចំនេញទេ។ ហើយបានស្នើទៅអាមេរិកហើយគួរស្នើទៅរុស្ស៊ីដែរ ១៥០០លានដុល្លារដែលជំពាក់រុស្ស៊ីក្នុងបុព្វហេតុសង្គ្រាមដូចគ្នា ស្នើទៅរុស្ស៊ី ដើម្បីឲ្យទម្លាក់ចោលនៅបំណុលនឹងផងដែរទៅ»។
ពាក់ព័ន្ធទៅនិងបំណុលក្រៅប្រទេសនេះ កន្លងមកប្រទេសចិនបានលុបចោល កម្ពុជាជំពាក់ក្នុងឆ្នាំ ២០១៥ ប្រមាណ ៩០ លានដុល្លារអាមេរិក ដែលគេថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា ចិន។
កាលពីថ្មីនេះ រដ្ឋាភិបាលបានអះអាងថា កម្ពុជាជំពាក់បំណុលបរទេសប្រមាណ ១ ម៉ឺនលានដុល្លារ នៅក្នុងចំណោមនេះ បំណុលក្នុងវិស័យឯកជនបានជំពាក់បរទេសចំនួន ៤ ពាន់លានដុល្លារ។ តែនៅក្នុងនោះកម្ពុជា ជំពាក់អាមេរិក ក្នុងសម័យសង្គ្រាម មាន ប្រហែល៥០០លានដុល្លារ ហើយ រុស្ស៊ី ប្រហែល១៥០០លាន ដុល្លារ។នេះ បើតាមការស្រាយជ្រាវរបស់អ្នកសិក្សាពីបញ្ហាសង្គម ៕