ភ្នំពេញ ៖ សាលារាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃម្សិលមិញដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី២៥ ធ្នូនេះ ស្តីពីការកំណត់ពេលវេលាហាមឃាត់សម្រាប់ការធ្វើចរាចរណ៍ និងការបញ្ឈររថយន្តចាក់បេតុងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ការជូនដំណឹងនេះ គឺបន្ទាប់ពីសាលាក្រុងពិនិត្យឃើញថា រយៈពេលកន្លងមកនេះមានរថយន្តដឹកជញ្ជូនបេតុងលាយស្រាប់ បានចរារច និងឈប់បញ្ឈររថយន្តបាញ់បេតុងបន្តកន្ទុយគ្នានៅលើចិញ្ចើមផ្លូវលើទ្រូងផ្លូវយ៉ាងអនាធិបតេយ្យ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយសា ធារណៈ និងធ្វើឱ្យរំខានដល់ការធ្វើដំណើរ ព្រមទាំងបង្កឱ្យកកស្ទុះចរាចរទៀតផង។
សេចក្តីប្រកាសជូនដំណឹងដដែលនេះ ក៏សូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសរកស៊ីផ្គត់ផ្គង់បេតុងលាយស្រាប់ទាំងអស់ ឱ្យបានជ្រាបពីពេលវេលាហាមឃាត់សម្រាប់ការចរាចរ និងបញ្ឈរឡានចាក់បេតុង គឺនៅពេលព្រឹកចាប់ពីម៉ោង ៦:០០ ដល់ម៉ោង ៩:០០ព្រឹក ។ ចំណែកនៅពេលល្ងាចចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ៨ យប់។
ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ កាត់បន្ថយការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ សាលាក្រុងភ្នំពេញសង្ឃឹមថា ម្ចាស់អាជីវកម្មរកស៊ីលើការផ្គត់ផ្គង់បេតុងលាយស្រាប់ទាំងអស់ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជាការគត់សម្គាល់ដាច់ដោយឡែក គេសង្កេតឃើញថា ប្រជាពលរដ្ឋដែលធ្វើដំណើរក្នុងរាជធានីភ្នំពេញ តែងតែរអ៊ូរទាំពីការកក់ស្ទុះចរាចរ ខណៈការដ្ឋានសាងសង់ និងជួលជុលផ្លូវ តែងតែចាប់ផ្តើមការងាររបស់ខ្លួន ចំពេលដែលប្រជាពលរដ្ឋសម្រុកចេញដំណើរទៅធ្វើការនៅពេលព្រឹក និងនៅពេលល្ងាច ដែលជាហេតុធ្វើឱ្យស្ទុះចរាចរ៕