បន្ទាប់ពីលោក ម៉ង់ ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងជាមន្ត្រីគណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ជូនទៅតុលាការកាល ពីរសៀលថ្ងៃទី ២៣ ធ្នូ គឺនៅថ្ងៃទី ២៤ ធ្នូ នេះ សមាជិកសមាគម ដែលគាំទ្រ លោក ម៉ង់ ពុទ្ធី ប្រមាណ ១០០នាក់ បានទៅឃ្លាំមើលនៅមុខតុលាការខេត្តបន្ទាយមានជ័យ ដើម្បីជួយលើកទឹកចិត្តដល់ប្រធានសមាគមរូបនេះ។ ករណីរបស់លោក ម៉ង់ ពុទ្ធី គឺជាប់ពាក់ព័ន្ធនឹងប៉ូលិសស័ក្ដបួនម្នាក់ គឺលោក ឈាន ពិសិដ្ឋ ត្រូវគេថាបានដួលដោយសារលោក ម៉ង់ ពុទ្ធី បើកឡានបុកហើយដួលគ្រេចក តែករណីនេះអ្នកខ្លះថា ជាល្បិចរបស់លោកស័ក្ដបួនរូប ធ្វើពុតដើម្បីចាប់ខ្លួនលោក ម៉ង់ ពុទ្ធី។
រឿងរ៉ាវរបស់ប៉ូលិសស័ក្ដបួនរូបនេះ បាននាំឱ្យមានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក ថាតើជាការពិត ឬជាការធ្វើពុតរបស់ប៉ូលិសរូបនេះ។ តាមអ្នក លេងហ្វេសប៊ុក គឺជាល្បិចរបស់លោកប៉ូលិស ឈាន ពិសិដ្ឋ។
តែយ៉ាងណាក៏លោក ម៉ង់ ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាត្រូវបាននាំខ្លួនឡើងតុលាការ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ត បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បានឱ្យវិទ្យុស្ត្រីដឹងថា មនុស្សប្រហែល ១០០នាក់ បានប្រមុខផ្ដុំគ្នានៅមុខតុលាការនៅព្រឹកថ្ងៃសៅទី ២៤ ធ្នូនេះ ដើម្បីលើកទឹកចិត្តក៏ដូចជាការសម្តែងការមិនពេញចិត្ត ចំពោះចំណាត់ការរបស់សមត្ថកិច្ចលើលោក ម៉ង់ ពុទ្ធី។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានឱ្យដឹងផងដែរថា ក្រោយពីលោកបានសាកសួរសាក្សី និងអង្កេតលម្អិតលើរឿងនេះ ឃើញថា ករណីនេះគឺផ្តើមចេញពីសមត្ថកិច្ចខ្លួនឯង។ លោកបានសង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួន ដែលអាចជាការរៀបចំទុកជាមុន ដើម្បីធ្វើការចោទប្រកាន់ទៅលើ ម៉ង់ ពុទ្ធី។
លោក ស៊ុំ ច័ន្ទគា បានប្រាប់បន្តថា កន្លងមកសមត្ថកិច្ចធ្លាប់មានបញ្ហាជាច្រើនលើកជាមួយ ប្រធានសមាគមខាងលើ ដោយសារលោក ម៉ង់ ពុទ្ធី បានជួយប្រជាពលរដ្ឋតាមរយៈការតស៊ូមតិឱ្យមានការផ្លាស់ប្តូរអត្តចរិករបស់មន្ត្រីមួយចំនួន និងបញ្ឍប់ការបង់លុយពីប្រជាពលរដ្ឋ អាជីវករ និង អ្នករត់ម៉ូតូឌុបជាមួយសមត្ថកិច្ច និងតែងតែជួយតវ៉ាការពារអត្ថប្រយោជន៍របស់កម្មករស៊ីឈ្នួលអូសរទេះ និងអ្នករត់ម៉ូតូឌុបនៅក្រុងប៉ោយប៉ែត។
ចំណែកលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានឱ្យដឹងថា លោកកំពុងពិភាក្សាជាមួយអង្គការសង្គមស៊ីវិលមួយចំនួន ដើម្បីផ្តល់មេធាវីការពារផ្លូវច្បាប់ដល់លោក ម៉ង់ ពុទ្ធី ។
លោក អាត់ ធន់ យល់ថា ករណីនេះជាការគម្រាមកំហែងដល់សហជីពដទៃទៀត ដែលមានសកម្មភាពលេចធ្លោជួយដល់ប្រជាពលរដ្ឋ និងកម្មករផងដែរ។ លោកថា កន្លងមកមានសកម្មភាពរៀបចំចោទប្រកាន់ទៅប្រធានសហជីព តាមរយៈការបន្លំយកគ្រឿងញៀនទៅដាក់ក្នុងរយន្តដើម្បីចោទប្រកាន់ជាដើម។
លោក ម៉ង់ ពុទ្ធី ហៅ ឌិន ពុទ្ធី ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២២ ធ្នូ បន្ទាប់សមត្ថកិច្ចចោទថា លោកបានបើកឡានបុកនាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ បណ្ដាលឱ្យដួលបោកក្បាលទៅនឹងខឿនថ្មសន្លប់ កាលពីម៉ោងជាង ១០ ព្រឹកថ្ងៃទី២២ ខែធ្នូ នៅក្បែរស្ពានមិត្តភាពកម្ពុជា ថៃ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ខឿន ប៊ុនសុង សមត្ថកិច្ចប៉ូលីស ខេត្តបន្ទាយមានជ័យ ប្រាប់ថា លោកមិនអាចសន្និដ្ឋានបានយ៉ាងណាទេ ដោយសារដំណើររឿងក្តីនេះស្ថិតក្នុងដៃតុលាការ។
តែយ៉ាងណាមិញលោកថា ករណីនេះ លោក ឈាន ពិសិដ្ឋ មិនបានធ្វើពុតនោះទេ គឺលោក ម៉ង់ ពុទ្ធី មានចេតនាជន្លបើកបុកឱ្យប៉ូលីសគេច ប៉ុន្តែដោយសារលោក ឈាន ពិសិទ្ធ មិនគេចទើបបណ្តាលឱ្យបុក។
បែបនេះក្តីសាក្សីនៅកន្លែងកើតហេតុអះអាងថា នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត រូបនេះ បានផ្តួលខ្លួនឯងនៅនឹងមុខឡាន ដោយពេលនោះឡាននៅស្ងៀម៕