en     km
en     km

មន្ត្រី​ CNRP​ សោកស្តាយ​រដ្ឋសភា​បដិសេធ​សំណើរ​កោះហៅ​សម្តេច​ ស​ ខេ​ង​ មក​សួរ​ករណី​ឃាតកម្ម​លើ​លោក​ កែម​ ឡី​

Share

ភ្នំពេញ៖ ​ប្រធាន​គណៈកម្មាធិការ​ទី​ ១​ រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​អ្នក​ផ្ដើម​ស្នើ​សុំ​រដ្ឋមន្ត្រី​មហាផ្ទៃ​ មក​បំភ្លឺ​ករណី​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ ប្រធានរដ្ឋសភា​សម្តេច​ ហេង​ សំ​រិ​ន​បដិសេធ​សំណើរ​សុំ​កោះហៅ​រដ្ឋមន្ត្រី​ មក​ឆ្លើយ​បំភ្លឺ​ ។​

លោក អេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់ម្នាក់របស់គណបក្សសង្រ្គោះជាតិ
លោក អេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់ម្នាក់របស់គណបក្សសង្រ្គោះជាតិ
​រដ្ឋសភា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ ធ្នូ​ បាន​បញ្ជាក់​ថា​ ប្រធានរដ្ឋសភា​ សម្តេច​ ហេង​ សំ​រិ​ន​ បាន​សម្រេច​មិន​បញ្ជូន​លិខិត​របស់​គណៈកម្មាធិការ​ទី​ ១​ រដ្ឋសភា​ទៅ​រាជរដ្ឋាភិបាល​ ដោយ​មូលហេតុ​ថា​ ករណី​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​ បាន​ធ្លាក់​ទៅ​ដល់​ដៃ​សម​ត្ថិ​កិច្ច​របស់​តុលាការ​ទៅ​ហើយ​ ជា​ហេតុ​ធ្វ​ឱ្យ​ស្ថាប័ន​រដ្ឋសភា​ និង​ រាជរដ្ឋាភិបាល​មិន​អាច​ជ្រៀត​ជ្រែកចូល​ក្នុង​កិច្ចការ​របស់​តុលាការ​ ឡើយ​។​

​ការ​បដិសេធ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ដាក់​លិខិត​កាលពី​ថ្ងៃ​ទី​ ២១​ ធ្នូ​ ស្នើ​សុំ​កោះហៅ​សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មក​សាកសួរ​ករណី​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​ ។​

​ជុំវិញ​ការ​បដិសេធ​នេះ​ ប្រធាន​គណៈកម្មាធិការ​ទី​១​ រដ្ឋសភា​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​បាន​សម្តែង​ការ​សោកស្តាយ​ ខណៈ​ក៏​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ស្ថាប័ន​រដ្ឋសភា​ បាន​ចេញ​មុខ​ឆ្លើយ​បដិសេធ​ជំនួស​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅ​វិញ​។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​៖«​គណៈកម្មាធិការ​ទី​១​ បាន​ឯកភាព​គ្នា​កោះហៅ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ដើម្បី​បំភ្លឺ​ករណី​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​របស់​លោក​បណ្ឌិត​ កែម​ ឡី​ ហើយ​សម្រាប់​ថ្ងៃនេះ​ ខ្ញុំ​ឃើញ​ប្រកាស​ព័ត៌មាន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ថា​អះអាង​ជំនួស​ទៅ​វិញ​ វា​ជា​ចំនុច​មួយ​សោកស្តាយ​ ហើយ​មិន​គួរ​មាន​ហេតុការណ៍​បែប​និង​ទេ​គឺ​ ហេតុការណ៍​បែប​ហ្នឹង​ រឿង​បែប​និង​ ចម្លើយ​បែប​និង​គឺ​ ត្រូវ​តែ​ខាត​នីតិប្រតិបត្តិ​អ្នកឆ្លើយ​ពេល​ដែល​លិខិត​ទៅ​ដល់​»​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ទេ​ នៅ​ថ្ងៃ​ ជុំវិញ​ការ​ រិះគន់​របស់​លោក​ អេ​ង​ឆៃ​អ៊ា​ង​។​
​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​បញ្ហា​សង្គម​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ ឆ្នាំ​ ២០១៦​ នៅ​ក្នុង​ផ្សារ​ម៉ាត​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​កាល​តិច​ ក្បែរ​ភ្លើងស្តុប​បូកគោ​។​ រហូត​មក​ដល់​ពេល​នេះ​សម​ត្ថិ​កិច្ច​ចាប់​បាន​ជនសង្ស័យ​ម្នាក់​គត់​ ឈ្មោះ​ ជួប​ សម្លាប់​។​ សំណុំរឿង​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​ធ្វើ​ស៊ើបអង្កេត​នៅឡើយ​៕

Share

Image
Image
Image