ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់ចំពោះបញ្ហាបំណុលដែលកម្ពុជា ជំពាក់បរទេសជិតមួយម៉ឺនលានដុល្លារ នៅថ្ងៃទី២២ ធ្នូនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លើយបំភ្លឺថា បំណុលក្រៅប្រទេសគឺ គិតត្រឹមឆ្នាំ ២០១៥ មានចំនួនជិត ១ ម៉ឺនលានដុល្លារ ក្នុងនោះគឺរដ្ឋជំពាក់តែជាង៥ពាន់លានដុល្លារតែប៉ុណ្ណោះ ក្រៅពីនេះគឺឯកជនជំពាក់ជិត៤ពាន់លានដុល្លារ។
ការបំភ្លឺរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាការឆ្លើយតបនឹងបណ្ដាញផ្សាយព័ត៌មានក្នុងស្រុកបានចុះផ្សាយដោយស្រង់ របាយការណ៍ធនាគារពិភភពលោកមកចុះផ្សាយថា ប្រទេសកម្ពុជាជំពាក់បំណុលបរទេសជិតមួយម៉ឺន លានដុល្លា(៩៣១៨លានដុល្លារ ) គិតត្រឹមឆ្នាំ២០១៥។ តែបែបនេះក្តី អ្នកតាមដាន ស្ថានការណ៍សង្គមលើកឡើងថា បើទោះបីជាវិស័យឯកជនខ្ចីក៏ដោយ ប៉ុន្តែលុយដែលខ្ចីនោះ គឺក្នុងនាមរដ្ឋាភិបាល ដូច្នេះរដ្ឋាភិបាលក៏ជាអ្នកទទួលខុសត្រូវដែរ។ តែអ្នកជំនាញសេដ្ឋកិច្ច បកស្រាយផ្សេងពី អ្នកវិភាគបន្តិច។ កញ្ញា ឆេង ណាតា រាយការណ៍៖
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា បំណុលដែលកម្ពុជាជំពាក់បរទេស មានជិត១ម៉ឺនលានដុល្លារ ក្នុងនោះបន្ទុករដ្ឋដែលត្រូវសងមានចំនួនតែជាង៥ពាន់ដុល្លារប៉ុណ្ណោះ ចំណែកជិត៤ពាន់លានដុល្លារទៀតដែលឯកជនបានខ្ចី គឺជាបន្ទុករបស់ឯកជនដែលត្រូវសង។ តាមសេចក្ដីប្រកាសនេះ រដ្ឋជំពាក់បរទេស ៥ពាន់៦០០លានដុល្លារ ហើយវិស័យឯកជន ៤០០០លានដុល្លារ។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្តរជាតិ បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃនេះថា បើទោះបីជាឯកជនជាអ្នកខ្ចីក៏ដោយ ប៉ុន្តែខ្ចីក្នុងនាមរដ្ឋាភិបាលកម្ពុជា ដូច្នេះរដ្ឋាភិបាលត្រូវទទួលខុសត្រូវនៅក្នុងការទំនាក់ទំនងទ្វេភាគី នូវការសងបំណុលរវាងកម្ពុជា និងបរទេសនេះ គឺជៀសមិនរួចទេ។
លោក ឡុង គឹមឃន ៖«ប្រសិនបើឯកជនខ្ចីដាច់ដោយឡែកសម្រាប់ការរកស៊ី របស់គេ គេអត់រាប់បញ្ចូលទៅក្នុងបំណុលសាធារណៈទេ ក៏ប៉ុន្តែប្រសិនបើឯកជនខ្ចីមកវិនិយោគទុន ប៉ុន្តែគឺជាគម្រោងទ្វេភាគីមួយនៅក្នុងស្រុកខ្មែរ ហើយក្រុមណាមួយទៀតនៅក្នុងបរទេស ហើយគម្រោងហ្នឹងអនុវត្តនៅក្នុងកិច្ចព្រមព្រៀងនៃរដ្ឋាភិបាលប្រទេសទាំងពីរ អាហ្នឹងគេរាប់ការខ្ចីនោះឯងចូលទៅក្នុងបំណុលសាធារណៈ ហើយរដ្ឋត្រូវមានការទទួលខុសត្រូវរឿងហ្នឹង»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងមន្ត្រីស្រាវជ្រាវនៅរាជបណ្ឌិតសភា បានពន្យល់ថា បំណុលឯកជន មានពីរប្រភេទ ទីមួយគឺបំណុលទូទាត់ទំនិញរបស់ក្រុមហ៊ុនឯកជននៅក្នុងប្រព័ន្ធធនាគារ និងទីពីរ បំណុលដែលរដ្ឋាភិបាលធានា ក្រុមហ៊ុនបរទេសនៅក្នុងស្រុកខ្មែរ។ លោកថា ចំពោះបំណុលដែលរដ្ឋាភិបាលធានាក្រុមហ៊ុនបរទេសនៅក្នុងស្រុក ប្រសិនបើមិនមានការខូចខាតណាមួយ ដែលមិនបង្កឡើងដោយប្រជាពលរដ្ឋខ្មែរទេ នោះរដ្ឋាភិបាល គ្មានភារកិច្ចត្រូវចេញសងនោះទេ តែបើពលរដ្ឋខ្មែរ ធ្វើឱ្យខូចខាតនោះគឺរដ្ឋាភិបាល ត្រូវចេញសងជំនួស។
ដោយឡែកករណីដែលឯកជនទៅខ្ចីលុយធនាគារនៅក្រៅប្រទេស លោកពន្យល់ថា រដ្ឋអាចធានា ឬមិនធានាក៏បានហើយបំណុលនោះមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលនោះទេ។
តែបែបនេះក្តី លោក ឡុង គឹមឃន បានលើកឡើងថា បើកម្ពុជាជាជំពាក់បំណុលច្រើនដូចនេះ អាចនឹងប៉ះពាល់អធិបតេយ្យភាពកម្ពុជា ហើយវាក៏ធ្វើឱ្យមានឱនភាពពាណិជ្ជកម្មផងដែរ។
លោក ឡុង គឹមឃន ៖«ប៉ះពាល់អធិបតេយ្យភាពប្រទេសមួយ ពីព្រោះយើងជំពាក់គេច្រើន គេចង់ឱ្យយើងធ្វើអីគេមួយ ពិបាកនឹងបដិសេដសេធ ព្រោះយើងជំពាក់បំណុលគេ រឿងទី២ កាលណាគេជំពាក់បំណុលវាពិបាកទំហំពាណិជ្ជកម្មនៃការទិញលក់របស់យើង គឺយើងមិនមានកម្លាំងដូចគេ ប្រទេសអ្នកទិញហើយមានលុយពេញដៃទេ ដូច្នេះការរកស៊ីនេះ វាមិនស្នើភាពគ្នា ហើយវាជាឱនភាពពាណិជ្ជកម្មទៅទៀត»។
តួលេខបំណុលបរទេស ដែលធនាគារពិភពលោកបានបង្ហាញ ជិតមួយម៉ឺនលានដុល្លារបើគិតពីចំនួនពលរដ្ឋកម្ពុជាជាង១៥លាននាក់គឺម្នាក់ៗត្រូវជំពាក់បំណុលបរទេសជាង៦០០ដុល្លារ។
តួលេខបំណុលនេះ គឺកើនឡើងខ្ពស់បើធៀបទៅឆ្នាំ២០០៣ ពេលនោះកម្ពុជាជំពាក់បំណុលបរទេសត្រឹម៣ពាន់លានដុល្លារ។ ករណីបំណុលហក់ឡើងដ៏ខ្លាំងនេះ នាំឱ្យមានការព្រមានពីការជួបហានិភ័យចំពោះប្រទេសកម្ពុជាខណៈធនធានធម្មជាតិត្រូវបានលក់ និងបំផ្លាញស្ទើរអស់ហើយនោះ៕