ភ្នំពេញ៖អ្នកវិភាគដែលវិទ្យុស្ត្រីសុំការយល់ឃើញ អំពី ដំណើទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីកម្ពុជាទៅប្រទេសវៀតណាម ថាតើបានផល ប្រយោជន៍អ្វីខ្លះដល់ប្រទេសកម្ពុជា។ ពួកគាត់មានទស្សនៈ ហាក់ ផ្ទុយគ្នា បន្តិច។ ម្នាក់ថា គ្មានប្រយោជន៍អ្វីទេ សម្រាប់កម្ពុជា គឺមានតែតែការខាតបង់និងជាការបើកផ្លូវឲ្យវៀតណាម កាន់តែងាយគ្រប់គ្រងខ្មែរតែប៉ុណ្ណោះ។ ប៉ុន្ដែអ្នកវិភាគមួយរូបទៀតមិនយល់ដូចនេះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា រាល់ការងារទាំងអស់គឺកម្ពុជាត្រូវតែប្រកាន់ជំហរមិត្តភាពជាប្រទេសជិតខាង តែត្រូវឈរលើគោលការស្មើភាព។ ទោះជាយ៉ាងនេះក្ដី គ្មានមន្ត្រីនាំពាក្យរដ្ឋាភិបាល ឬអ្នកនាំពាក្យបក្សកាន់អំណាចចេញមុខបកស្រាយចំពោះប្រធានបទនេះទេ។
សម្តេច ហ៊ុន សែន និង នាយករដ្ឋមន្រ្តី វៀតណាម កំឡុងពេលទស្សនកិច្ចនៅប្រទេសវៀតណាម។[/caption]ខណៈសម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាកម្ពុជាទើបបញ្ចប់ដំណើរទស្សនកិច្ច ជាផ្លូវការនៅប្រទេសវៀតណាម រួចមក សារព័ត៌មានក្នុងប្រទេសវៀតណាមដែលមានឈ្មោះថា Viet Nam News បានចុះផ្សាយថា ដំណើទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នាំឱ្យមានកិច្ចព្រមព្រៀងមួយចំនួនបានកើតឡើងដូចជា វិស័យការពារជាតិ ការពង្រឹងវិស័យពាណិជ្ជកម្មទ្វេភាគី វិស័យអប់រំ បញ្ហាព្រំដែន និង បញ្ហាពលរដ្ឋវៀតណាមរស់នៅកម្ពុជា និងជនជាតិដើមវៀតណាមជាដើម។
ករណីនេះអ្នកវិភាគបង្ហាញការយល់ឃើញ ថា កិច្ចព្រមព្រៀងទាំងនេះបើមើលទៅគឺជារឿងដ៏ល្អមួយដែលរដ្ឋាភិបាលបានធ្វើដើម្បីជាតិ ក៏ប៉ុន្ដែបើមើលឲ្យស៊ីជម្រៅនិងល្អិតល្អន់មែនទែនគឺមិនមែនជារឿងល្អ សម្រាប់ជាតិនោះទេតែជាដំណើរធ្វើឲ្យខ្មែរនឹងបាត់ខ្លឹមសាររបស់ខ្មែរហើយនៅសល់តែឈ្មោះកាន់តែឆាប់ទៅវិញទេ។
លោក គឹម សុខ អ្នកឃ្លាំការអភិវឌ្ឍសង្គម និងនយោបាយតាមរយៈបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃ ព្រហស្បតិ៍ ទី ២២ ធ្នូ នេះ មានប្រសាសន៍ថា បើគិតខ្លីនេះជាទង្វើល្អនៃទំនាក់ទំនងរវាងប្រទេសជិតខាង ក៏ប៉ុន្ដែបើគិតឲ្យបានជ្រៅមែនទែន នេះមិនមែនជាតម្រុយល្អសម្រាប់អនាគតនៃប្រទេសកម្ពុជានោះទេ ប្រសិនបើប្រមុខដឹកនាំប្រទេសគ្មានជំហររឹងមាំជាមួយភាគីវៀតណាម លើកិច្ចព្រមព្រៀងមួយចំនួន ហើយមិនតែប៉ុណ្ណោះគឺជាគ្រោះថ្នាក់ធំមួយសម្រាប់ប្រទេសកម្ពុជា។
លោកបន្ដទៀតថា ករណីពង្រឹងវិស័យការពារជាតិគឺគ្មានប្រទេសណា គេធ្វើការពង្រឹងវិស័យដែលជាអាយុជីវិតរបស់ជាតិឲ្យដល់ជម្រៅជាមួយប្រទេសជិតខាងនោះទេ ព្រោះអ្នកដែលឈ្លានពានប្រទេសក៏មិនមែនជាប្រទេសដែលមកពីឆ្ងាយដែរ។
លោក គឹម សុខ៖« វិស័យការពារជាតិវាមិនដែលប្រទេសណាពង្រឹងវិស័យការពារជាតិ ឲ្យដល់ជម្រៅជាមួយប្រទេសជិតខាងនោះទេវាអត់មាន វាមានតែទំនាក់ទំនងល្អគេបង្កើតបរិយាកាស (កុំឲ្យ) ឈ្លោះប្រកែកគ្នាក្នុងទំនាក់ទំនងតែប៉ុណ្ណឹងទេ ហើយជាយុទ្ធសាស្ដ្រការពារជាតិ តែប៉ុណ្ណឹងរវាងប្រទេសជិតខាងគេមិនដែលធ្វើអញ្ចឹងទេ គេធ្វើអញ្ចឹងរបៀបម៉េចបើអ្នកឈ្លានយើងមានមកពីណាក្រៅពីអ្នកជិតខាង ដូច្នេះគេមិនដែលធ្វើយុទ្ធសាស្ដ្រល្ងង់ខ្លៅអញ្ចឹងទេ»។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម[/caption]ដោយឡែកចំពោះករណីពលរដ្ឋវៀតណាម មករស់នៅកម្ពុជាដែលជារបៀបវារៈក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោកគឹម សុខ សង្កត់ធ្ងន់ដែរថា ករណីនេះគឺជាយុទ្ធសាស្ដ្រពន្លឿនដើម្បីឲ្យពលរដ្ឋវៀតណាម បានមករស់កាន់តែងាយស្រួល មករស់នៅលើទឹកដីកម្ពុជា។
លោក គឹម សុខ ៖«សំខាន់បើយើងអត់ពង្រឹងខ្លួនយើងទាំងស្មារតីជាតិ កសាងជាតិ សេដ្ឋកិច្ចជាតិក្នុងដៃ របស់ខ្មែរខ្លួនឯងសេដ្ឋកិច្ចដែលនៅក្រោមយួនអាហ្នឹង អ្វីៗឬកិច្ចព្រមព្រៀងទាំងអស់ហ្នឹងខ្ញុំមើលឃើញថា ជាល្បិចនៃការពន្លឿនយុទ្ធសាស្ដ្ររបស់យួនឲ្យបានកាន់តែឆាប់ប៉ុណ្ណោះ»។
ករណីដំណើទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលខ្មែរទៅប្រទេសវៀតណាមនេះ ដែលសម្រេចជាផ្លែផ្កានូវកិច្ចព្រមព្រៀងមួយចំនួនដូចនេះ អ្នកវិភាគមួយរូបទៀតយល់ឃើញថា មិនមែនជាការខុសឆ្គងអ្វីទេដែលថ្នាក់ដឹកនាំនៃប្រទេសជាសម្ព័ន្ធមិត្ដនឹងគ្នាធ្វើដំណើទស្សនកិច្ចទៅប្រទេសមួយទៀត។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវគោលនយោបាយការបរទេស និងច្បាប់អន្ដរជាតិយល់ថា ដំណើទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ទៅប្រទេសវៀតណាមនេះគឺជារឿងល្អសម្រាប់ការកសាងសម្ព័ន្ធភាពរវាងប្រទេសជិតខាង។ លោកបន្ដថា ដំណើទស្សនកិច្ចដែលលេចរូបរាងនៃកិច្ចព្រមព្រៀងនេះគឺកម្ពុជានឹងវៀតណាមសុទ្ធតែទទួលបានផលប្រយោជន៍ដូចគ្នា។ ដោយឡែកករណីជនជាតិវៀតណាមដែលមករស់នៅកម្ពុជាមិនថា ខុសច្បាប់ឬស្របច្បាប់ទេក៏រាជរដ្ឋាភិបាលកម្ពុជាត្រូវតែការពារអ្នកទាំងនោះឲ្យស្របតាមច្បាប់ដែលមាន។
លោក ឡុង គឹមឃន៖«ជាច្បាប់អន្ដរជាតិគឺគេមានសិទ្ធិស្នើសុំឲ្យម្ចាស់ប្រទេសហ្នឹងឯងជួយមើលពលរដ្ឋរបស់គេទី១ ហើយទី២ យើងជាម្ចាស់ប្រទេសហ្នឹងក៏ត្រូវតែជួយមើលជួយការពារដែរបើទោះបីជាគេមកដោយខុសច្បាប់ ឬស្របច្បាប់ក៏ដោយ ហើយលើសពីនេះយើងត្រូវសិក្សាមើលថាតើអ្នកទាំងអស់នោះមកខុសច្បាប់ឬស្របច្បាប់ បើសិនមកដោយស្របច្បាប់យើងរៀបចំឯកតាមច្បាប់ឲ្យតាមដែលមានចែង ហើយបើសិនមិនស្របច្បាប់យើងត្រូវបញ្ជូនទៅវិញ»។
វិទ្យុស្ត្រី បានសុំការបំភ្លឺឆ្លើយតបចំពោះអ្នកវិភាគ ដែលរិះគន់ ការធ្វើទស្សនកិច្ចរបស់ ប្រមុខរដ្ឋាភិបាល នៅវៀតណាម តែ ទាំង លោក សួស យ៉ារ៉ា អ្នកនាំពាក្យ បក្សកាន់អំណាច និង លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល មិនឆ្លើយ នឹង សំណួរអ្នកសារព័តមាននោះទេ ដោយឱ្យទៅសួរអ្នកនាំពាក្យក្រសួងការបរទេស ដែលមិនលើកទូរសព្ទ។
តាមការកត់សម្គាល់ឱ្យតែដល់ ចុងឆ្នាំនីមួយៗ ឬ ជិតដល់ ៧មករា គេសង្កេតឃើញ មេដឹកនាំកម្ពុជា រួមទាំងសម្ដេច ហ៊ុន សែន ផងដែរត្រូវបាន មេដឹកនាំវៀតណាមអញ្ជើញ ទៅធ្វើទស្សនកិច្ចដែលគេហៅថា ទស្សនកិច្ចពង្រឹងចំណងមិត្តភាព ទ្វេភាគី។ តែក្នុងពេលទស្សនកិច្ចនេះ មេដឹកនាំវៀតណាមតែងតែ ស្នើឱ្យកម្ពុជា ធ្វើនេះ ធ្វើនោះ ជាអ្វីគេហៅថា រក្សាមិត្តភាព យូរឆ្នាំទៅមុខទៀត៕