ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការដែលមានរយៈពេល២ថ្ងៃនៅប្រទេសវៀតណាមពីថ្ងៃទី២០ដល់ថ្ងៃទី២១ធ្នូ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅ គោរពវិញ្ញាណក្ខន្ឋយុទ្ឋជនកម្ពុជា ចំនួន ៤៩នាក់ ដែលបានបាត់បង់ជីវិតក្នុងបុព្វេហតុរំដោះប្រទេសពី របបប៉ុលពតនៅទីបញ្ចុះសពនៅខេត្តដុងណាយ ប្រទេសវៀតណាម។
សម្តេចបានសរសេរលើទំព័រហ្វេសប៊ុកនៅព្រឹកនេះថា យុទ្ឋជនដែលបានពលីអាយុជីវិតទាំង៤៩នាក់នេះគឺជាយុទ្ឋជនស្មោះត្រង់បំផុតដែលបានរួមដំណើរ បម្រើការងារជាកូនទាហានផ្ទាល់របស់សម្តេច ដែលបានចូលរួមរំដោះប្រទេសពី របបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩)។ ទោះពួកគេ បានពលីអាយុជីវិតនៅទីណាក៏ដោយ ក៏ សម្តេច នៅតែចងចាំជានិច្ចនូវគំរូវិរភាពអង់អាចក្លាហានរបស់ពួកគេ ហើយបានរៀបចំកន្លែងបូជនីយដ្ឋានបូជាសមរម្យដើម្បីគោរពរំលឹកវិញ្ញាណក្ឋន្ឋ។
សម្តេចបានសរសេរបន្តថា«ច្បាស់ណាស់ គឺមានវិរៈយុទ្ឋជន និងពលរដ្ឋជាច្រើនបានស្លាប់នៅក្នុងការចូលរួមរំដោះប្រទេសពី របបប៉ុលពត ដែលយើងមិនអាចបំភ្លេចបានឡើយ»។
ជាមួយគ្នា សារព័ត៌មាន Vietnam News បានចុះផ្សាយថា នាយករដ្ឋកម្ពុជា ក៏បានទៅ គោរពវិញ្ញាណក្ខន្ធ វីរៈជនវៀតណាម លោកហូជីមិញផងដែរ៕