ភ្នំពេញ៖តាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោក ប្រទេសកម្ពុជាជំពាក់បំណុលបរទេស ជិតមួយម៉ឺនលានដុល្លា(៩៣១៨លានដុល្លារ ) គិតត្រឹមឆ្នាំ២០១៥។ តួលេខបំណុលបរទេស ដែលធនាគារពិភពលោកបានបង្ហាញកាលពីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានស្រង់មកចុះផ្សាយបន្ថែមដោយគេហទំព័រVOD កាលពីថ្ងៃពុធ ទី២១ ធ្នូ នេះ។ តែបើគិតពីចំនួនពលរដ្ឋកម្ពុជាជាង ១៥លាននាក់គឺម្នាក់ៗត្រូវជំពាក់បំណុលបរទេសជាង៦០០ដុល្លារ។
តួលេខបំណុលនេះ គឺកើនឡើងខ្ពស់បើធៀបទៅឆ្នាំ២០០៣ ពេលនោះកម្ពុជាជំពាក់បំណុលបរទេសត្រឹម ៣ពាន់លានដុល្លារ។ ករណីបំណុលហក់ឡើងដ៏ខ្លាំងនេះនាំឱ្យមានការព្រមានពីការជួបហានិភ័យចំពោះប្រទេសកម្ពុជាខណៈធនធានធម្មជាតិត្រូវបានលក់ និងបំផ្លាញស្ទើរអស់ហើយនោះ។បើយ៉ាងនេះមែន ថាតើពលរដ្ឋកម្ពុជាត្រូវជួយដោះស្រាយបំណុលដ៏ច្រើននេះបានដោយរបៀបណា បើម្នាក់ៗជាប់បំណុលគេ ជាង៦០០ដុល្លារហើយនោះ។
ដូចនេះមែនមានន័យថា កម្ពុជាប្រទេសតូចមួយនៅអាស៊ីអាគ្នេយ៍ពិតជាល្បីឈ្មោះខាងជំពាក់បំណុលបរទេស។ ការជំពាក់បំណុលបរទេសដ៏ច្រើនសន្ធឹកសន្ធាប់នេះ អាចនាំឱ្យមានហានិភ័យ ឬក៏ទាញឱ្យប្រទេសធ្លាក់ក្នុងស្ថានភាពវិបត្តិណាមួយដូចប្រទេសក្រិចតូចមួយនៅអឺរ៉ុបជួបវិបត្តិទាំងការធ្លាក់ចុះវិនិយោគទុនបរទេស ប្រជាជនអត់ការងារធ្វើ ពលរដ្ឋម្នាក់ៗមានប្រាក់ខែកាន់តែតិច និងទាំងសហគ្រាសឯកជននិងរដ្ឋតូចធំក្ដីក៏ធ្លាក់ក្នុងវិបត្តិនេះដែរ។
បើធនធានធម្មជាតិប្រទេសនោះ ត្រូវបំផ្លាញដោយកម្លាំងធម្មជាតិក្ដី ឬកម្លាំងមនុស្សក្ដី គឺកាន់តែលំបាក ស្របពេលGDP(ផលទុនសរុប) ប្រជាជនរបស់ប្រទេសនោះនៅទាបខ្លាំងនោះ។ ត្រង់នេះហើយមើល ទៅដែលអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ឬគេហៅថាអ្នកវិភាគបញ្ហាសង្គមយល់ថា បំណុលកម្ពុជាជំពាក់បរទេសជិតមួយម៉ឺនលានដុល្លារនេះ គឺធ្វើឱ្យកម្ពុជាបាត់រូបភាពមួយ គឺការទុកចិត្តពីអ្នកវិនិយោគបរទេសព្រោះគេថា ប្រទេសតូចមួយមានបំណុលបរទេសច្រើនដូចនេះ ថាតើមានទ្រព្យធនអ្វីខ្លះដើម្បីសងបំណុលគេ។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមយល់ថា ស្ថានភាពជំពាក់លុយគេរហូតទៅដល់ប្រមាណ១ម៉ឺនលានដុល្លារ តាមរបាយការណ៍របស់ World Bank មែននោះមើលទៅសេដ្ឋកិច្ចកម្ពុជាប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់។ លោកមើលឃើញថា ទ្រព្យធនធម្មជាតិកម្ពុជា ឥឡូវនេះគឺសឹងរលាយអស់ ហើយ ថាតើមានអ្វីជួយដោះបំណុល។លោក គឹម សុខ៖ «រឿងដែលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចកម្ពុជា យើងពិនិត្យមើលជាក់ស្ដែងពីរ បី ចំណុច ។ឧទាហរណ៍ យើងជំពាក់គេរហូតទៅដល់ជិត១ម៉ឺន ឬក៏បាន ១ម៉ឺនលានដុល្លារ។ ប៉ុន្ដែចំនុចទីមួយយើងត្រូវពិ និត្យយើងជំពាក់គេហើយ រដ្ឋាភិបាលយើងនេះ លក់ខ្ទេចខ្ទីអស់ ទ្រព្យសម្បតិ្តជាតិ អាគាររដ្ឋ បឹងរដ្ឋ ព្រៃឈើ រ៉ែ លក់ខ្ទេចខ្ទី។យើងមើលជញ្ជីងសេដ្ឋកិច្ចរវាងខ្មែរហើយនិងអាមេរិកកាំងក្ដី រវាងខ្មែរ-ចិន រវាងខ្មែរប្រទេសផ្សេងៗទៀត ដែលជាដៃគូរពាណិជ្ជកម្មនឹងគឺផ្អៀងមែនទែន…» ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានបន្ដទៀតថា ការដោះស្រាយដែលល្អសម្រាប់កម្ពុជាក្នុងរឿងនេះ គឺ រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ និងកំចាត់អំពើពុករលួយអោយមានប្រសិទ្ធភាព។
លោក គឹម សុខ៖« ដំណោះស្រាយសំខាន់ ទីមួយ រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តន៍ច្បាប់ ជាពិសេសច្បាប់វិនិយោគ ទាក់ទងវិនិយោគរបៀបម៉េច ដោយការពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ។ចំនុចទីពីរ ពិនិត្យឡើងមើលឡើងវិញ នូវទ្រព្យសម្បត្តិជាតិទាំងឡាយណាដែលជាសម្បត្តិធម្មជាតិរបស់ជាតិ ត្រូវប្រុងប្រយ័ត្ននៅក្នុងការលក់ដូរ ហើយត្រូវច្នៃ ឬពង្រឹងការផលិតនៅក្នុងស្រុក ហើយបង្កើនការនាំចេញឱ្យបានច្រើននៅក្នុងលក្ខខណ្ឌត្រឹមត្រូវ។ ទីបី .រដ្ឋាភិបាលត្រូវបញ្ជាក់ជំហរគោលនយោបាយជាតិមួយសម្រាប់ប្រមូលកំលាំងពលករនៅក្រៅប្រទេសមកវិញ ដើម្បីពង្រីកផលិតកម្មក្នុងស្រុក»។
តាមរបាយការណ៍របស់ធនាគារពិភពលោកគឺនៅឆ្នាំ២០០៣ កម្ពុជាជាប់បំណុលបរទេស ៣ពាន់ដុល្លារ ហើយសន្ទុះបំណុលឡើងខ្លាំងនេះ គឺរយៈពេលតែមួយទសវត្ស កន្លះប៉ុណ្ណោះ។ តាមការស្រាវជ្រាវរបស់អ្នកសិក្សាការអភិវឌ្ឍប្រទេសដែលកម្ពុជាជំពាក់ច្រើនជាងគេ គឺ ប្រទេសចិន ដែលជាដៃគូពាណិជ្ជ កម្មធំជាងគេនៅកម្ពុជា។ លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានអះអាងថា ប្រទេសដែលជំពាក់បំណុលបរទេសច្រើន ខណៈប្រទេសនេះគ្មានលទ្ធភាពសងទាន់ពេលវេលា ហើយសូម្បីតែសងការប្រាក់ក៏គ្មានដែរ គឺ គ្រោះថ្នាក់បំផុតហើយ។ លោកថាគ្រោះថ្នាក់ខ្លាំងជាងគេគឺធនធានធម្មជាតិ ។ លោក មាស នី ថា ៖« ខ្ញុំធ្លាប់ឃើញប្រទេសខ្លះដល់ពេលខ្ជីលុយគេច្រើនពេកទៅ លែងបានសងដើមហើយ គឺ សងតែការឱ្យគេហើយវិស័យសេវាកម្មរបស់រដ្ឋខ្លួននោះទេ ក៏ត្រូវកាត់បន្ថយ ចឹងយើងរស់នៅបានត្រឹមតែសងបំណុងគេ»។
របាយការណ៍របស់រដ្ឋាភិបាលដែលបានបង្ហាញកាលពីឆ្នាំ២០១៥ បញ្ជាក់ថា កម្ពុជាបានធ្វើឱ្យធ្លាក់ចុះភាពក្រីក្ររបស់ប្រជាជនយ៉ាងខ្លាំបើធៀបកាលពី១០ឆ្នាំមុនគឺ មានជិត៣០ភាគរយ មកដល់ជិត ២០ភាគរយ។ អ្នកស្រាវជ្រាវបានយល់ស្របដូចនេះ ប៉ុន្តែអ្នកស្រាវជ្រាវថា ពលរដ្ឋដើរក្បែរខ្សែបន្ទាត់ភាពក្រីក្រនៅមានច្រើននៅឡើយ។
ជុំវិញរឿងនេះដែរ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាសព្វថៃ្ងនេះ បានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋបានច្រើនណាស់ ។ លោកថាមិនមានអ្វីជាការព្រួយបារម្ភទេ ព្រោះកម្ពុជានៅមានលទ្ធភាពសងបំណុលគេបានគ្រប់ពេល។ នៅពេលសួរថាតើលោកទទួលស្គាល់ទេចំពោះ តួលេខដែលកម្ពុជា ជំពាក់បំណុលបរទេសច្រើនដូចនេះ អ្នកនាំពាក្យរូបនេះ ចាត់ទុកតួលេខនេះ មិនត្រឹមត្រូវឡើយ។ លោក ផៃ ស៊ីផាន ៖«អ្វីដែលខ្ញុំដឹងគឺថា បំណុលរបស់យើងវាមិនឡើងទៅដល់ ៤០ ភាគរយ នៃចំនួនផលិតផលក្នុងស្រុកនោះទេ វាអាចនៅចន្លោះ ២០ ទៅ៣០ប៉ុណ្ណោះឯង។ ដូច្នេះការខ្ចីនេះ មិនមានហានិភ័យក្នុងការចលាចល»។
តែបែបនេះក្ដីសម្រាប់អ្នកវិភាគនៅតែព្រមានថា បើរដ្ឋជំពាក់បំណុលបរទេសមានចំនួនច្រើនឡើង គឺ អ្នកជួយចេញសង មិនមែនអ្នកនយោបាយ ឬមេដឹកនាំណាទេគឺពលរដ្ឋជាអ្នកបង់ពន្ធជូនរដ្ឋរាល់ថ្ងៃរាល់ខែនោះទៅវិញទេ ជាអ្នកត្រូវបំពេញកាតព្វកិច្ចនេះ៕