ភ្នំពេញ៖ អង្គការសង្គមស៊ីវិលដែលធ្វើការងារលើការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាបានអះអាងថា ស្ថានភាពស្ដ្រីដែលរងគ្រោះដោយអំពើរំលោភ និងអំពើហិង្សាក្នុងគ្រួសារគឺនៅតែមានសភាពធ្ងន់ធ្ងរដូចកាលពីឆ្នាំ២០១៥ ដដែលហើយរូបភាពនៃហិង្សា និងការរំលោភសេពសន្ថវៈក្នុងឆ្នាំ ២០១៦ នេះគឺមានសភាពកាន់តែសាហាវនិងឃោឃៅខ្លាំង។
ករណីនេះអង្គការសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងសង្គមត្រូវតែយកចិត្ដទុកករណីហិង្សានិងការរំលោភសេពសន្ថវៈលើស្ដ្រីឲ្យបានកាន់តែខ្លាំងជាងបន្ថែមទៀត។
លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ដ្រីនិងកុមាររបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បានឲ្យវិទ្យុស្ដ្រីអេហ្វអឹម ១០២ ដឹងតាមរយៈបទសម្ភាសន៍នៅថ្ងៃ ពុធ ទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦ នេះថា បើតាមការសិក្សារយៈពេលមួយឆ្នាំមកនេះ គឺស្ដ្រីនៅតែរងគ្រោះធ្ងន់ធ្ងរដដែលករណីរំលោភសេពសន្ថវៈ និងអំពើហិង្សាក្នុងគ្រួសារ។ លោកស្រីបន្ដថា ករណីរំលោភសេពសន្ថវៈលើស្ដ្រីគឺជារឿងចាំបាច់ដែលមន្ដ្រីគ្រប់លំដាប់ថ្នាក់ត្រូវតែបង្កើនការយកចិត្ដទុកដោយមិនត្រូវបណ្ដោយឲ្យស្ដ្រីនៅតែជាជនរងគ្រោះបន្ដទៀតទេ។ លើសពីនេះលោកស្រីថា កាលណាបើស្ដ្រីត្រូវបានរងអំពើរំលោភសេពសន្ថវៈនោះនឹងធ្វើឲ្យស្ដ្រីបាត់បង់តម្លៃក្នុងសង្គម។
យ៉ាងណាក៏ដោយប្រធានផ្នែកស្ដ្រីនិងកុមាររបស់សមាគការពាសិទ្ធិមនុស្សអាដហុកទទូចថា ដើម្បីធ្វើឲ្យអំពើរំលោភសេពសន្ថវៈនិងអំពើហិង្សាលើស្ដ្រីត្រូវបានលុបបមបាត់គឺគ្រប់ភាគីទាំងអស់ត្រូវចូលរួមចំណែកបញ្ឈប់ការរើសអើងលើស្ដ្រី។ លើសពីនេះគឺអាជ្ញាធរមូលដ្ឋានដើរតួយ៉ាងសំខាន់ក្នុងការអប់រំពលរដ្ឋដោយផ្ទាល់ក្នុងសហគមន៍ដើម្បីធ្វើយ៉ាងណាផ្ដល់ការគាំពារដល់ស្ដ្រី។ លោកស្រី ឆន សុគន្ធា៖«ជាពិសេសអាជ្ញាធរមូលដ្ឋានហ្នឹងយើងត្រូវធ្វើការផ្សាព្វផ្សាយទៅដល់សមាជិកសហគមន៍អំពីផលប៉ះ ពាល់នៃការប្រើប្រាស់អំពើហិង្សា និងអំពើរំលោភសេពសន្ថវៈ អញ្ចឹងគាត់ [សមត្ថកិច្ច] ជាមនុស្សសំខាន់នៃការផ្សព្វផ្សាយឲ្យពលរដ្ឋក្នុងមូលដ្ឋានបានដឹងពីផលវិបាកទាំងអស់ហ្នឹង»។
ក្នុងរយៈពេលចុងក្រោយនេះគេសង្កេតឃើញអំពើរំលោភសេពសន្ថវៈកើតឡើងលើស្ដ្រីហាក់មានរូបភាពកាន់តែសាហាវ និងព្រៃផ្សៃជាងកាលពីបណ្ដាឆ្នាំមុនៗមិនថា តែក្នុងសង្គមគ្រួសារ និងសង្គមទូទៅនោះទេ។ លើសពីនេះយុត្ដិធម៌សង្គមសម្រាប់ស្ដ្រីក៏ហាក់នៅតែមានកម្រិតតិចតួចនៅឡើយ។
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC មានប្រសាសន៍ថា ជាទូទៅពេលមានករណីរំលោភសេពសន្ថវៈលើស្ដ្រីអ្នកប្រព្រឹត្ដត្រូវបានទទួលទោសក៏ប៉ុន្ដែជានិច្ចជាកាលគេនៅតែឃើញជនប្រព្រឹត្ដមានសេរីភាពអាចដើរហើនៅក្រៅពន្ធនាគារដដែល ដែលជាហេតុនាំឲ្យស្ដ្រីជនរងគ្រោះពេលខ្លះមិនហ៊ានទៅរកអន្ដរាគមន៍ពីសមត្ថកិច្ច។ ជាងនេះលោកស្ដ្រីយល់ឃើញថា ស្ដ្រីដែលទទួលរងអំពើរំលោភសេពសន្ថវៈនេះអាចនឹងប្រឈមកើតវិបត្ដិផ្លូវចិត្ដធ្ងន់ធ្ងរដែលជះឥទ្ធិពលអាក្រក់ណាស់ដល់សង្គម និងការអភិវឌ្ឍ។ លោកស្រី រស់ សុភាព៖«វាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សង្គម ពីព្រោះមនុស្សរងការរំលោភសេពសន្ថវៈគឺធ្វើឲ្យមនុស្សហ្នឹងមានជំងឺផ្លូវចិត្ដ ហើយបើមានជំងឺផ្លូវចិត្ដហើយគឺគាត់នឹងពិបាកក្នុងការរកស៊ីប្រចាំថ្ងៃ ហើយបើមនុស្សភាគច្រើនមានវិបត្ដិផ្លូវចិត្ដគឺនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសជាតិ»។
ជាមួយគ្នានេះនាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាក៏ទទូចដល់មន្ដ្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ធ្វើយ៉ាងណាយកចិត្ដទុកដាក់អនុវត្ដន៍ច្បាប់ និងធ្វើយ៉ាងណាពន្យល់ពលរដ្ឋជាពិសេសបុរសឲ្យយល់ពីផលវិបាកនៃអំពើហិង្សា និងការរំលោភបំពានផ្លូវភេទ។ លោកស្រី រស់ សុភាព ក៏សំណូមពរផងដែរដល់តុលាការថា ធ្វើយ៉ាងណាត្រូវតែឈរលើគោលការណ៍អព្យាក្រិតនិងយុត្ដិធម៌សម្រាប់ពលរដ្ឋ។ លោកស្រី រស់ សុភាព៖«សម្រាប់តុលាការខ្ញុំគិតថា សំខាន់ទី១តុលាការត្រូវតែជាតុលាការឯករាជ្យ ទី២តុលាការត្រូវតែពង្រឹងនូវប្រព័ន្ធយុត្ដិធម៌របស់ខ្លួនឲ្យទៅជាតុលាការប្រជាពលរដ្ឋដែលពលរដ្ឋទុកចិត្ដជឿជាក់ថា តុលាការនេះគឺយុត្ដិធម៌សម្រាប់ឲ្យពួកគាត់ទុកចិត្ដប្រើប្រាស់តុលាការ»។
ករណីរំលោភសេពសន្ថវៈលើស្ដ្រីដែលមានការកើនឡើងនេះមិនថាតែសង្គមស៊ីវិលដែលធ្វើការលើកស្ទួយស្ដ្រីទេដែលព្រួយបារម្ភសូម្បីមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដែលជាស្ដ្រីក៏សម្ដែងក្ដីព្រួយបារម្ភចំពោះបញ្ហានេះដែរ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សកាលពីពេលកន្លងទៅនេះក៏ បានផ្ដល់បទសម្ភាសន៍ផងដែរថា លោកស្រីគឺពិតជាមានការព្រួយបារម្ភពីការកើនឡើងនៃចំនួនស្ដ្រីដែលត្រូវបានរំលោភបំពាននេះ។ បន្ថែមពីក្ដីព្រួយបារម្ភនេះលោកស្រីក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ត្រូវបង្កើនការយកចិត្ដទុកដាក់លើកូនស្រីរបស់ខ្លួនឲ្យបានខ្ពស់ និងប្រុងប្រ យ័ត្នបំផុត បើយល់ថាមានភាពមិនប្រក្រតីត្រូវតែផ្ដល់ដំណឹងទៅអាជ្ញាធរដើម្បីបង្កាបញ្ហាឲ្យបានទាន់ពេលវេលា។
សូមជម្រាបថា បើយោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុកកាលពីឆ្នាំ ២០១៥ ស្ថានភាពនៃអំពើហិង្សាលើស្ត្រី និងកុមារគឺមានសភាពធ្ងន់ធ្ងរដដែល។ ដែលក្នុងនោះករណីជួញដូរកម្លាំងពលកម្ម និងការបង្ខំឲ្យរៀបការជាមួយបុរសជនជាតិចិនមានចំនួន ១៣៧ករណី ការជួញ ដូរផ្លូវភេទចំនួន ៦ករណី អំពើរំលោភសេពសន្ថវៈចំនួន ២៣៨ករណី និងអំពើហិង្សាក្នុងគ្រួសារមានចំនួន ១៣៨ករណី។ តាមមន្ត្រីជាន់ខ្ពស់សមាគមអាដហុកសង្កត់ធ្ងន់ថា ស្ថានភាពហិង្សាលើស្ត្រី នៅឆ្នាំ២០១៦នេះមិនមានអ្វីថមថយចុះទេ ហើយរូបភាពវិញក៏កាន់តែអាក្រក់ជាងឆ្នាំ២០១៥៕