ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថា មិនអាចជួយសម្ព័ន្ធស្រូវអង្គរវិស័យឯកជនទេ រឿងតម្លៃស្រូវចុះថោក បើសិនជាមិនសហការជាមួយសហគមន៍កសិកម្ម។
លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពី «ច្បាប់ដីកសិកម្ម» ដែលបានធ្វើឡើងនៅពីថ្ងៃទី ១៩ ធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារអ៊ីនធ័រខន ទីណង់ថល ដែលមានការចូលរួមពីអង្គការសង្គមស៊ីវិល អង្គការដៃគូអភិវឌ្ឍន៍ កសិករ ក្រុមហ៊ុនវិស័យឯកជន ស្ថាប័នរដ្ឋាភិបាល និងជនជាតិដើមភាគតិច ប្រហែលជា ៣០០នាក់។
នៅក្នុងសិក្ខាសាលាថ្នាក់ជាតិនោះ លោក វេង សាខុន បានលើកឡើងដូចនេះ៖ « ប្រសិនបើវិស័យឯកជន សម្ព័ន្ធស្រូវអង្ករ មិនធ្វើការជាមួយនឹងសហគមន៍កសិកម្មទេ គឺ ក្រសួងកសិកម្មមិនធ្វើការជាមួយ។ ទីមួយ.ត្រូវចងសម្ព័ន្ធភាពជាមួយសហគមន៍កសិកម្ម ទីពីរ.ត្រូវតែអនុវត្តតាមអ្វីដែលរដ្ឋាភិបាលបានដាក់ចេញកសិកម្ម តាមកិច្ចសន្យា ដែលយើងបានចេញតាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១២មកម្ល៉េះ យើងមិនព្រមអនុវត្ត»។
លោក វេង សាខុន បានលើកឡើងបន្ដថា កន្លងមកសហគមន៍កសិកម្មមួយចំនួនធ្វើកិច្ចសន្យាជាមួយនិងវិស័យឯកជន ឬអង្គការណាមួយ គឺ ស្រូវអង្ករ មានតម្លៃខ្ពស់ ដល់ ១០.៣០០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្ដែដោយឡែក កសិករមួយចំនួនដែលមិនមានកិច្ចសន្យាជាមួយសហគមន៍កសិកម្ម គឺ តម្លៃស្រូវអង្ករលក់ចេញ បានត្រឹម ៧០០រៀល ទៅ៨០០រៀល តែប៉ុណ្ណោះ។ លោក ថា បើចង់ឱ្យកិច្ចការទាំងនេះដំណើរការបានល្អប្រសើរ លុះត្រាតែឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានធ្វើកិច្ចសន្យាជាមួយនិងក្រសួងកសិកម្ម។
លោក វេង សាខុន បានលើកឡើងបន្ដដូចនេះ ៖ « ទីមួយ. ត្រូវចងសម្ព័ន្ធភាពជាមួយសហគមន៍កសិកម្ម ទីពីរ.ត្រូវតែអនុវត្តតាមអ្វីដែលរដ្ឋាភិបាល បានដាក់ចេញកសិកម្ម តាមកិច្ចសន្យា ដែលយើងបានចេញតាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១២មកម្ល៉េះ យើងមិនព្រមអនុវត្ត»។