ភ្នំពេញ៖ ក្រសួងកិច្ចការនារីសហការជាមួយ UN women បានបង្ហាញថា ស្ដ្រីខ្មែរនៅតែជាជនរងគ្រោះធ្ងន់ធ្ងរពីការប្រព្រឹត្ដអំពើហិង្សាដោយបុរស។ នេះបើយោងតាមឯកសារដែលត្រូវបានដាក់បង្ហាញកាលពីថ្មីនេះ ដោយក្រសួងកិច្ចការនារី។
យោងតាមឯកសារ ស្ដ្រីបានជួបកត្ដាហានិភ័យមួយចំនួនដែលត្រូវបានប្រព្រឹត្ដដោយបុរស។ បុរសដែលប្រព្រឹត្ដហិង្សាទៅលើស្ដ្រីគឺមានកត្ដាចម្បងមួយចំនួនដូចជា ការអប់រំទាប បុរសនោះធ្លាប់រងការធ្វើបាបកាលនៅជាកុមារ ឪពុកម្ដាយប្រព្រឹត្ដហិង្សាលើគ្នាទៅវិញទៅមក រងការរំលោភបំពានផ្លូវភេទ មានបញ្ហាផ្លូវចិត្ដ ហើយជាពិសេស បុរសនោះបានប្រើប្រាស់សារធាតុញៀនច្រើនហួសកម្រិត។ ក្រៅពីនេះក៏មានកត្ដារួមផ្សំផ្សេងទៀតដូចជា ភាពមិនស្មោះត្រង់រវាងគូស្វាមី សម្ពាធក្នុងគ្រួសារនិងសង្គម។
លើសពីនេះឯកសារនេះក៏បញ្ជាក់ផងដែរថា មូលហេតុដដែលបុរសនៅតែមានចិត្ដគំនិតចង់ប្រើហិង្សាទៅលើស្ដ្រីពីព្រោះតែការដាក់ទោសទណ្ឌក្នុងសហគមន៍នៅមានកម្រិតតិចតួច ក្នុងទំរង់នៃ បទដ្ឋានយេនឌ័រ និងបទដ្ឋានសង្គម។កាលពីពេលថ្មីនេះៗ មូលនិធិអាស៊ី បានរកឃើញថា កម្មវិធីមួយចំនួនរបស់ស្ថាននីយ៍ទូរទស្សន៍ល្បីៗនៅកម្ពុជា សុទ្ធតែផ្ទុកនូវខ្លឹមសារអំពើហឹង្សាគ្រប់ទម្រង់ទៅលើស្ត្រី។
អ្នកតំណាងមូលនិធិអាស៊ីបានឱ្យដឹងថា កម្មវិធី ដែលបង្កប់នូវរូបភាព ប្រើប្រាស់អំពើហឹង្សាលើស្ត្រីខ្ពស់ជាងគេគឺនៅក្នុង កម្មវិធីចម្រៀងដែលមានរហូតដល់៧៤% បន្ទាប់មកពាណិជ្ជកម្ម ៥៩% កំប្លែង៤៧% និងរឿងភាគ៤៦%។ ក្នុងនោះ រឿងភាគបរទេសដែលស្ថានីយ៍ទូរទស្សន៍នានា យកមកចាក់បញ្ចាំង មានខ្លឹមសារខ្ពស់នៃការប្រើហិង្សាទៅលើស្ដ្រីជាងភាពយន្តខ្មែរប្រមាណ ៥%។
សូមជម្រាបថា កិច្ចពិភាក្សាដែលរៀបចំឡើងដោយក្រសួងកិច្ចការនារីសហការជាមួយ UN women លើកទី១៥ នៃក្រុមការងារទប់ស្កាត់អំពើហិង្សាទាក់ទងនឹង យេនឌ័រ លើប្រធានបទស្ដីពីស្ថានភាពនៃការអនុវត្ដផែនការសកម្មភាពជាតិ ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ដ្រីដោយផ្ដោតលើយុទ្ធសាស្ដ្រ ការការពារផ្នែកច្បាប់នឹងសេវាកម្មពហុវិស័យនេះគឺសមាសភាពអ្នកចូលរួមមកពី ក្រសួងកិច្ចការនារី ក្រសួងអប់រំ ក្រសួងរវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អង្គការ UN women អង្គការ GIZ និងអង្គការ Unicef៕