ក្រុងម៉ានីល ៖ ប្រទេសហ្វីលីពីនបាននិយាយកាលថ្ងៃចន្ទទី១៩ ថា ខ្លួននឹងមិនងាកចេញពីសេចក្តីសម្រេចរបស់តុលាការមជ្ឈឹត្តការអន្តរជាតិក្រុង ឡាអេ ដែលបានច្រានចោលការអះអាងរបស់ចិនលើកម្មសិទ្ធិយ៉ាងទូលំទូលាយនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែហ្វីលីពីនត្រូវបានគេដឹងថា បានកសាងជំនឿចិត្តជាមួយចិនមុនពេលពិភាក្សាទ្វេភាគីអំពីបញ្ហាដ៏រសើបនេះ។
ចិនបានច្រានចោលសេចក្តីសម្រេចរបស់តុលាការមជ្ឈឹត្តការអន្តរជាតិក្រុងឡាអេនេះ កាលពីខែកក្កដា បន្ទាប់ពីតុលាការនេះ សម្រេចថា ចិនបានរំលោភលើដែនអធិបតេយ្យភាពរបស់ហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ ដោយបង្កគ្រោះថ្នាក់ដល់នាវានេសាទ និងគម្រោងប្រេងរបស់ហ្វីលីពីន។
សេចក្តីសម្រេចលើករណីនេះ គឺជាលទ្ធផលបានដោយការប្តឹងដោយរដ្ឋបាលហ្វីលីពីនចាស់របស់លោក បេនគីណូ អាគីណូ មកម្ល៉េះ ប៉ុន្តែប្រធានា ធិបតីហ្វីលីពីនថ្មីលោក Rodrigo Duterte ដែលមានទំនេរទៅរកចិន បានជួបដោះស្រាយបញ្ហានេះជាមួយនឹងចិន ដែលជាការកត់សម្គាល់ហាក់មានភាពផ្ទុយស្រឡះពីគោលនយោបាយការបរទេសរបស់អាមេរិកដែលជាសម្ព័ន្ធមិត្តចាស់។
កាលពីថ្ងៃចន្ទរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay បានចេញសេចក្តីថ្លែងការណ៍មួយ ដោយពន្យល់ថា ការលើកស្ទួយចំណងទំនាក់ទំនងជាមួយប្រទេសចិន គឺជាផ្នែកមួយដ៏អាទិភាព ដែលលោក Duterte និងរដ្ឋាភិបាលហ្វីលីពីនធ្លាប់បានធ្វើការងារដើម្បីកសាងទំនុកចិត្ត និងជំនឿទុកចិត្ត ជាមួយប្រទេសចិន។
ប្រទេស ប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និង ប្រទេសវៀតណាម ផងដែរ បានដាក់ពាក្យបណ្តឹងនៅលើផ្លូវទឹកនេះដែរ ព្រោះច្រកដែនទឹកអន្តរជាតិនេះជាកន្លែងដែលអាចរកប្រាក់បានប្រហែល ៥ ពាន់ពាន់លានដុល្លារ លើកការដឹកទំនិញឆ្លងកាត់រៀងរាល់ឆ្នាំ៕ប្រភព៖CNA