ភ្នំពេញ ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងប្រធានក្រុមហ៊ុនរដ្ឋហ្គ្រីនត្រេដនៃព្រះរាជាណាចក្រកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៥ ខែ ធ្នូ ដើម្បីពិភាក្សាការងារជាមួយក្រុមហ៊ុនចិន COFCO ក្នុងការសម្រេចសិទ្ធិឈ្មោះក្រុមហ៊ុនចំនួន ១៨ ដែលនាំកូតាអង្ករទៅប្រទេសចិន ដោយផ្អែកលើសមត្ថិភាព និងបទពិសោធន៍នៃក្រុមហ៊ុននិមួយៗ។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអំពាវនាវឲ្យក្រុមហ៊ុន ដែលមានបំណងនាំអង្ករចេញទៅប្រទេសចិន សូមរូសរាន់ទាក់ទងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនរដ្ឋហ្គ្រីនត្រេដ។
សម្រាប់ឆ្នាំ ២០១៦នេះ អង្ករកម្ពុជាបានជាប់លេខ ២ ជាអង្ករល្អជាងគេបំផុតរបស់ពិភពលោក ខណៈអង្ករថៃដែលជាម្ចាស់ផ្ទះទទួលបានជ័យលាភីលេខ ១ ។ ការប្រកួតជ្រើសអង្ករល្អបំផុតរបស់ពិភពលោកនេះធ្វើឡើង ក្នុងសន្និសីទស្រូវអង្ករពិភពលោក ដែលរៀបចំឡើង នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
អង្ករកម្ពុជាធ្លាប់ទទួលបានជ័យលាភី ជាអង្ករល្អបំផុតលើពិភពលោក ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១២ ២០១៣ និង ២០១៤។ នៅឆ្នាំ ២០១៧ កម្ពុជានឹងធ្វើម្ចាស់ក្នុងការរៀបចំសន្និសីទស្រូវអង្ករអន្តរជាតិនេះវិញម្តង៕