ភ្នំពេញ៖មន្ត្រីសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូ នេះបានដឹកនាំកម្លាំងចម្រុះចុះទៅវាសវែងដីនៅក្នុងវិហារឥស្លាមដ៏ធំជាងគេនៅរាជធានីភ្នំពេញ ដើម្បីសាងសងផ្លូវដែលមានទំហំទទឹងប្រមាណ ២០ ម៉ែត្រ បណ្តោយប្រវែងប្រមាណ ២០០ ម៉ែត្រ ចាប់ពីចំនុចខ្លោងទ្វាចូលវិហារឥស្លាម រហូតដល់របង។ បើទោះបីជាសាសនិកជនឥស្លាមមួយចំនួនជំនាស់ទៅនឹងគម្រោងសាងសងផ្លូវក៏ដោយ។ លោក ធូ វីរៈ រាយការណ៍៖
ក្នុងពេលចុះទៅវាស់វែងនេះ សាលាក្រុងបាននាំកម្លាំងនិងអ្នកបច្ចេកទេសប្រមាណ៥០នាក់ ដឹកនាំដោយ អភិបាលរងរាជធានីភ្នំពេញ។ កម្លាំងចម្រុះនេះ មានកងកម្លាំងរាជអាវុធហត្ថ នរគបាល និងកម្លាំងសន្តិសុខខណ្ឌបាន ចុះវាស់វែង បោះបង្គោល និងបាញ់ថ្នាំព័ណ៌ កំណត់ទំហំសម្រាប់សាងសង់ផ្លូវនៅលើចំណែកដីវិហារឥស្លាមស្ថិតនៅតំបន់បឹងកក់រាជធានីភ្នំពេញ។
លោក សារិន សុវណ្ណា ប្រធានមន្ទីសូរិយោដីរាជធានីភ្នំពេញ បានចុះទៅវាសវែងដីនេះ បានបញ្ចាក់ថា ទំហំផ្លូវដែលវាស់វែងសម្រាប់គម្រោងសង់ផ្លូវគឺ មានទំហំទទឹង ២០ ម៉ែត្រ ទ្រូងផ្លូវ ១៦ម៉ែត្រ ប្រវែងបណ្តោយប្រមាណ ២០០ ម៉ែត្រ ចាប់ពីចំនុចខ្លោងចូលទ្វារហូតដល់របងវិហារ និងទុកចំណីផ្លូវសងខាងចំនួន ២ម៉ែត្រ។ លោកបន្ថែមថា ការសាងសងផ្លូវនេះគឺ ដើម្បីរំដោះចរាចរណ៍កក់ស្ទះ និងសង់ប្រព័ន្ធលូ ដើម្បីរំដោះទឹកផងដែរ។
លោក សារិន សុវណ្ណា៖«យើងគិតថា បើសិនជាតំបន់នេះត្រូវការអភិវឌ្ឍន៍ទាំងអស់សួរថា បណ្តាញលូហូរទៅណា ហើយដង់ស៊ីតេ ដែលកើតតាមផ្លូវព្រះមនីរង្សត្រូវហូរទៅណា គ្រោងផ្លូវនេះ យើងមិនមែនធ្វើតែគម្រោងផ្លូវទេ យើងធ្វើលូធំទៀត ដើម្បីភ្ជាប់ផ្លូវ ៨៦ មកផ្លូវអៀ៤( R4) ធ្លាក់ទៅបណ្តាញលូធំហើយ ទៅស្ថានីយបូមទឹកទួលគោកទី២។ យើងឃើញថា យើងធ្វើនេះ ដើម្បីផលប្រយោជន៍មនុស្សទូទៅក្នុងរាជធានីភ្នំពេញ»។
តែករណីនេះបណ្ដាលឱ្យមានការព្រួយបារម្ភពីសមគមន៍ខ្មែរឥស្លាម មួយចំនួននៅកម្ពុជា។
សាសនិកជន ឥស្លាមម្នាក់ លោក រ៉ា សាត បានសម្តែងក្តីបារម្ភថា ការសង់ផ្លូវពុះដីក្បែរវិហារឥស្លាមអាចនឹងអាចរំខានដល់ការប្រតិបត្តិសាសនាឥស្លាមនៅពេលថ្វាយបង្គំ ដោយលោកស្នើឲ្យសាលារាជធានីភ្នំពេញធ្វើផ្លូវវាងជាប់តាមរបងវិហារវិញ។
លោក រ៉ា សាត៖«ខ្ញុំមិនប្រឆាំងនិងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលឡើយ តែវាគៀកវិហារពេក យើងចង់ឲ្យធ្វើទៅវាងតាមកៀនរបង ដូចយើងដឹងស្រាប់ហើយ ឡាន ម៉ូតូ បើករាប់ម៉ឺនក្នុងមួយថ្ងៃៗ អញ្ជឹងវាប៉ះពាល់នៅក្នុងអារម្មណ៍កំពុងសមាធិ»។
ចំណែកលោក អះម៉ាត់ យ៉ះយ៉ា តំណាងឲ្យសាសនិកជននៃវិហារឥស្លាមនេះ បានសម្តែងការមិនពេញចិត្តចំពោះ គម្រោងសាងសង់ផ្លូវកាត់វិហារឥស្លាមត្រង់ខ្លោងទ្វា ដែលលោកថា បានធ្វើឲ្យប៉ះពាល់ដល់ការគោរពប្រតិបត្តិ សាសនា។ តែលោកស្នើឲ្យសាលារាជធានីភ្នំពេញសង់ផ្លូវវាង ដោយអែបតាមរបងវិហារ ព្រោះលោកមិនចង់ឲ្យសង់កាត់ខ្លោងទ្វាឡើយ។
លោក អះម៉ាត់ យ៉ះយ៉ា៖«ខ្ញុំ និងប្រជារាស្ត្រ(សាសនិកឥស្លាម) មិនចង់ឲ្យធ្វើផ្លូវតាមនេះ(កាត់ខ្លោងទ្វាវិហារឥស្លាម) ។ បើធ្វើផ្លូវតាមរបង ប្រជារាស្ត្រ ថា ធ្វើៗចុះអត់ប្រឆាំងជាមួយរដ្ឋាភិបាលឡើយ។ គេមានកាំភ្លើង គេប៉ូលីស គេមានប៉េអឹម គេឈ្នះ»។
ទោះបីយ៉ាងណាសំណើររបស់ លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានសាលារាជធានីភ្នំពេញមិនឆ្លើយតប ឡើយ។ លោក អភិបាលរងរាជធានីភ្នំពេញ លោក ឃូង ស្រេង ដែលបានចុះទៅពិនិត្យផ្ទាល់លើកឡើងថា អាជ្ញាធរគ្រាន់តែវាសវែងបង្គោលសំគាល់សិនប៉ុណ្ណោះ ពោលគឺ មិនទាន់វាយរុះរើរបងវិហារ។ តែលោកបញ្ជាក់ថា ប្រសិនបើសាសនិកជនឥស្លាមមិនពេញចិត្តអាចធ្វើការតវ៉ានៅសាលារាជធានីភ្នំពេញ។
លោក ឃូង ស្រេង៖«បើខ្ញុំមកវាយរបងភ្លាម បើខ្ញុំគ្រាន់តែវាស់វែងអត់ខុសអីទេ អត់ខុសអី គ្រាន់តែវាស់វែង ឲ្យវាស់វែងសិនទៅ ហើយយើងតវ៉ាគ្នាទៀត»។
គម្រោងសាងសង់ផ្លូវពុះកាត់ចំណែកដីវិហារឥស្លាមស្ថិតនៅតំបន់បឹងកក់ បានធ្វើឲ្យសាសនិកឥស្លាមមួយចំនួនជំនាស់ថា គម្រោងនេះនឹងប៉ពាល់ដល់ការថ្វាយបង្គំ ហើយគម្រោងផ្លូវនេះក៏ធ្វើឲ្យមានការខ្វែងគំនិតរវាងសាសនិកជន។ ករណីនេះមានការប្តឹងផ្តល់ទៅតុលាការរវាង លោកអះម៉ាត់ យ៉ះយ៉ា ត្រូវជាឪពុកមា របស់លោក អូស្មាន ហាស្សាន់ ជារដ្ឋលេខាធិការក្រសួងការងារ៕