loader

បទ​យកការណ៍​៖​ ពលរដ្ឋ​ចាប់ផ្ដើម​ទទួល​ចំណេះដឹង​ពី​សញ្ញា​ប្រាប់​មុន​ពេល​គ្រោះ​មហន្តរាយ​កើតឡើង​ (មានសំឡេង)

កាលពី​ថ្ងៃ​ទី​២​ធ្នូ​ក្រុមការងារ​របស់​គម្រោង​កសាង​សហគមន៍​អោយ​មាន​ភាព​ធន់​នៅ​កម្ពុជា​នៃ​ អង្គការ​ People​ In​ Need​បាន​ចុះ​អប់រំ​និង​បង្ហាត់បង្រៀន​ពលរដ្ឋ​នៅ​ ឃុំ​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន​ខេត្តកំពង់ធំ​អោយ​យល់​ដឹង​អំពី​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​មុន​នៃ​ការ​កើត​មាន​គ្រោះ​មហន្តរាយ​ដោយសារ​ធម្មជាតិ​ តាម​រយៈ​សារ​ជា​សំលេង​ ទូរស័ព្ទ​លេខ​១២៩៤​។​  

danger1
ពលរដ្ឋ​ដែល​បាន​មក​ចូលរួម​ ពួក​គាត់​ទទួល​បានការ​អប់រំ​និង​ចំណេះដឹង​ពីសារ​សំខាន់​នៃ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​មុន​  ។​ អ្នកស្រី​ ហេង​ សុខ​នី​ អ្នក​ផលិតកម្ម​វី​ធី​នៃ​មណ្ឌល​ព័ត៌មាន​ ស្រី្ត​កម្ពុជា​ បាន​ទៅ​ ចូលរួម​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​។​ អ្នកស្រី​ថា​ពលរដ្ឋ​ដែល​បាន​មក​ចូលរួម​កម្មវិធី​នេះ​ បាន​ចាត់​ទុក​កា​រប​ញ្ជ្រៀ​ត​ចំណេះដឹង​នេះ​ថា​ នឹង​ជួយ​ពួក​គាត់​បាន​ច្រើន​ពី​ការ​ទប់ស្កាត់​ផល​លំបាក​មួយ​ចំនួន​ ប្រសិនបើ​ គ្រោះ​មហន្តរាយ​ធម្មជាតិ​កើតឡើង​។​  សូម​ស្ដាប់​បទ​យកការណ៍​រៀបរៀង​ដោយ​អ្នកស្រី​ សុខ​ នី​ ដូច​តទៅ​៖

 

១២៩៤​ ជាម​ធ្យា​បាយ​ថ្មី​ដែល​លឿន​រហ័ស​ ក្នុង​ការ​ផ្តល់​ព័ត៌មាន​បន្ទាន់​ទៅ​កាន់​ប្រជាពលរដ្ឋ​ នៅ​តាម​តំបន់​ងាយ​រង​គ្រោះ​ ដើម្បី​ឲ្យ​ពួក​គេ​ត្រៀម​បង្ការ​ខ្លួន​ មុន​ពេល​គ្រោះ​មហន្តរាយ​កើត​មាន​ឡើង​។

​អ្នកស្រី​ បុត​ សោ​ភ័​ណ្ឌ​ អាយុ​ ៤៨​ឆ្នាំ​ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់ធំ​ ឃុំ​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន​ ដែល​បាន​ចូលរួម​កម្មវិធី​គម្រោង​កសាង​សហគមន៍​អោយ​មាន​ភាព​ធន់​នៅ​កម្ពុជា​ និយាយ​ ថា​ ១២៩៤​មាន​សារៈសំខាន់​ណាស់​ចំពោះ​គ្រួសារ​របស់​អ្នកស្រី​។​

​អ្នកស្រី​បន្ត​ថា​កន្លង​មក​ប្រសិនបើ​ ចង់​ដឹង​អំពី​ការ​ព្យា​ការណ៍​អាកាសធាតុ​ ទាល់តែ​អ្នកស្រី​បើក​វិទ្យុ​ស្តាប់​ និង​ តាមដាន​ព័ត៌មាន​ផ្សេងៗ​ទើប​ដឹង​ ហើយ​ពេល​ខ្លះ​ទាល់តែ​ឃើញ​ហេតុការណ៍​ទឹកជំនន់​កើតឡើង​ទើប​ដឹង​ ។​តែ​ឥឡូវ​អត់​ទេ​ អ្នកស្រី​លែង​បារម្ភ​ទៀត​ហើយ​ អោយ​តែ​មាន​ទូរស័ព្ទ​នៅ​ក្បែរ​ខ្លួន​ ទោះ​ នៅ​ចំការ​ឆ្ងាយ​ពី​ផ្ទះ​ ក៏​ទទួល​បាន​ព័ត៌មាន​អំពី​គ្រោះ​មហន្តរាយ​ ដើម្បី​ត្រៀមលក្ខណៈ​ទុក​មុន​បាន​ដែរ​។​

​ក្នុង​កម្មវិធី​នេះ​ មិនមែន​តែ​ពលរដ្ឋ​ នោះ​ទេ​ បាន​ មក​ចូលរួម​ សូ​ម្បី​មន្ត្រី​មូលដ្ឋាន​ ដែល​ជា​អ្នក​ជួយ​ការពារ​សុ​វត្តិភាព​ភូមិ​ឃុំ​ ក៏​បាន​ចូលរួម​ដែរ​ ។​ ពួក​គាត់​មក​ចូលរួម​គឺជា​គុណប្រយោជន៍​មួយ​ ជួយ​ពន្យល់​ ឬ​ណែនាំ​ថែម​ទៀត​ ដល់​ពលរដ្ឋ​ក្នុងភូមិ​ណា​ ដែល​មិន​បាន​មក​ទទួល​ចំណេះដឹង​នេះ​។​ ក្នុង​នោះ​លោ​កអេង​ អៀ​ក​ អនុប្រធាន​ភូមិ​កំពង់ធំ​ ឃុំ​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន​ បាន​លើក​ឡើង​ស្រ​ដៀង​នឹង​អ្នក​អ្នកស្រី​សោ​ភ័​ណ្ឌ​ដែរ​។​លោក​ថា​ ១២៩៤​ជា​ប្រព័ន្ធ​ប​ញ្ចូ​ន​ព័ត៌មាន​ថ្មី​ដែល​លឿន​ រហ័ស​ និង​ ទុកចិត្ត​បាន​ ព្រោះ​តាម​ការ​សង្កេត​របស់​លោក​កន្លង​មក​ ព័ត៌មាន​ហាក់​មាន​ល្អៀង​តិចតួច​បំផុត​ បើ​ខុស​គឺ​ត្រឹម​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​។​

​លោក​ពិតជា​សប្បាយចិត្ត​ ពេញចិត្ត​នឹង​គម្រោង​កសាង​សហគមន៍​អោយ​មាន​ភាព​ធន់​នៅ​កម្ពុជា​នេះ​ណាស់​ ពីព្រោះ​គម្រោង​នេះ​ បាន​ជួយ​ឲ្យ​សហគមន៍​យល់​ដឹង​ពី​ការ​បង្ការ​ខ្លួន​ និង​ ត្រៀមខ្លួន​ពី​គ្រោះ​មហន្តរាយ​ ដែល​ផ្ទុយ​ពី​ពេល​មុន​ មិន​ទាន់​មាន​គម្រោង​អនុវត្ត​ សហគមន៍​របស់​លោក​ធ្លាប់​បាត់បង់​ទ្រព្យសម្បត្តិ​ សំភារៈ​ និង​ កំលាំង​អូស​ទាញ​។​លោក​ថា​នឹង​ជួយ​បន្ត​ផ្សព្វផ្សាយ​ការ​អប់រំ​នេះ​ទៅ​ពលរដ្ឋ​ក្នុងភូមិ​របស់​ផង​ដែរ​។​

​លោក​អនុប្រធាន​ភូមិ​កំពង់ធំ​បាន​បង្ហាញ​ខ្លះ​ពី​លក្ខណៈ​នៃ​ ការ​ត្រៀម​ ទុកជា​មុន​សម្រាប់​គ្រោះអាសន្ន​ ប្រជាពលរដ្ឋ​ត្រូវ​រៀបចំ​វេច​ខ្ចប់​របស់​សំខាន់ៗ​មួយ​ចំនួន​យក​ទៅ​តាម​ខ្លួន​ដូច​ជា​ ឯកសារ​អត្រានុកូលដ្ឋាន​ សំភារៈ​អនាម័យ​ សំលៀក​បំពាក់​ ស្បៀងអាហារ​ សំភារៈ​ចំអិន​អាហារ​ កន្ទេល​ តង់​កៅស៊ូ​ និង​ ទូរស័ព្ទ​ដៃ​ ជាដើម​ ។​

​ក្នុង​កម្មវិធី​នេះ​ មើលទៅ​មានការ​ចាប់​អារម្ភ​ច្រើន​ពី​ ពលរដ្ឋ​ចូល​ រួម​ ខណៈ​អ្នក​រៀបចំ​កម្មវិធី​ឡើង​ ពន្យល់​ ពី​របៀប​ប្រុង​ប្រយ័ត្ន​ មុន​ពេល​គ្រោះ​មហន្តរាយ​មក​ដល់​ ។​ លោក​ ទេព​ សុខា​ អនុប្រធាន​កម្មវិធី​គ្រោះ​មហន្តរាយ​ នៃ​អង្គការ​ People​ In​ Need​មាន​ប្រសាសន៍​ថា​ ការ​ផ្តល់​សារ​ជា​សំលេង​នេះ​ គឺ​បែងចែក​ជា​៣​ប្រភេទ​ផ្សេង​គ្នា​ ទី​១​ជូនដំណឹង​ ទី​២​ឲ្យ​ប្រុង​ប្រយ័ត្ន​ និង​ ទី​៣​ ជម្លៀស​ខ្លួន​រក​ទីទួល​មាន​សុវត្ថិភាព​ ។

​តាម​គម្រោង​កសាង​សហគមន៍​អោយ​មាន​ភាព​ធន់​នៅ​កម្ពុជា​គឺ​ដើម្បី​ទទួល​បាន​សារ​សំឡេង​  ១២៩៤​ គឺ​ពលរដ្ឋ​ត្រូវ​ចុះ​ឈ្មោះ​លេខ​ទូរស័ព្ទ​របស់​ខ្លួន​ជា​មុន​សិន​ ទើបត្រូវ​បាន​កត់​ត្រាទុក​ ហើយ​ការ​ចុះ​ឈ្មោះ​នេះ​ មិន​ត្រូវ​តម្រូវ​អោយ​បង់​សេវា​ឡើយ​។​

​លោក​ ទេព​ សុខា​ បាន​ ពន្យល់​បន្ថែម​ត្រង់​ចំណុច​នេះ​ថា​ ការ​ភ្ជាប់​ និង​ ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ប្រព័ន្ធ​សារ​ជា​សំលេង​ ១២៩៤​ គឺ​អ្នកចូលរួម​ទាំងអស់​ អាច​ចូលរួម​បាន​ដោយ​សេរី​ និង​ ឥត​គិតថ្លៃ​ ជា​ពិសេស​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ សែ​ល​កាត​ Cellard​ ស្មា​ត​ Smart​ និង​   មិត​ហ្វូ​ន​ Metphone​ ដោយ​គ្រាន់តែ​ទូរស័ព្ទ​ទៅ​លេខ​ ១២៩៤​ នឹង​ ទទួល​បានការ​ណែនាំ​តប​វិញ​។​

​ការ​ផ្តល់​ព័ត៌មាន​ទុកជា​មុន​១២៩៤​ គ្រោ​ប​ដណ្តប់​លើ​ខេត្ត​ចំនួន​៣​ មាន​ ខេត្តពោធិសាត់​ បន្ទាយ​មាន​ជ័យ​ និង​កំពង់ធំ​ ។​ គម្រោង​កសាង​សហគមន៍​អោយ​មាន​ភាព​ធន់​នៅ​កម្ពុជា​ ក្រោម​ជំនួយ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប​ នឹង​ពង្រីក​ទៅ​ដល់​ខេត្ត​ចំនួន​៤​ទៀត​ មាន​ ខេត្តបាត់ដំបង​ ខេត្តបន្ទាយមានជ័យ​ ខេត្តសៀមរាប​ និង​ ខេត្តកំពង់ឆ្នាំង​។​

​ត្រឡប់​មក​រក​ពលរដ្ឋ​ដែល​មក​ចូលរួម​កម្ម​វី​ធី​គម្រោង​កសាង​សហគមន៍​អោយ​មាន​ភាព​ធន់​នៅ​កម្ពុជា​  ពួក​គាត់​ម្នាក់ៗ​សប្បាយ​រីករាយ​ ដោយ​ពាំនាំ​នូវ​ក្ដី​សង្ឃឹម​ត្រឡប់​ទៅ​វិញ​ ថា​ តាម​រយៈ​សារ​ជា​សំឡេង​១២៩៤​ នៃ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​មុន​នេះ​នឹង​អាច​ជួយ​អ្នក​ភូមិ​របស់​ពួក​គាត់​ ទទួល​បាន​ផលប្រយោជន៍​ ចំពោះ​ការ​ទប់ទល់​ បាតុភូត​គ្រោះ​ធម្មជាតិ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​

១២៩៤​ គឺជា​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​មុន​  ឬ​ សារ​ជា​សំឡេង​ ប្រាប់​ ជូនដំណឹង​ទៅ​អ្នក​ទទួល​ អំពី​ស្ថានភាព​គ្រោះ​មហន្តរាយ​ ឬ​ គ្រោះ​ធម្មជាតិ​ដែល​បាន​កើតឡើង​។​  សារ​ជា​សំលេង​អោយ​ដឹង​មុន​ ដើម្បី​ត្រៀមលក្ខណៈ​មុន​គ្រោះ​មហន្តរាយ​កើត​មាន​ឡើង​នេះ​ ជា​សកម្មភាព​របស់​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា​ គម្រោង​កសាង​សហគមន៍​អោយ​មាន​ភាព​ធន់​នៅ​កម្ពុជា​។​ គម្រោង​នេះ​រៀបចំ​ដោយ​អង្គការ​ People​ In​ Need​ សហ​ការណ៍​ជាមួយ​អង្គការ​ Action​ Aid​  គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ព្រមទាំង​ក្រសួង​ប្រៃ​ស​ណី​ និង​ ទូរគមនាគមន៍​កម្ពុជា​ ក្រោម​ជំនួយ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប​មាន​ជា​ទឹកប្រាក់​ប្រមាណ​ជាង​ ៣​សែន​យូ​រ៉ូ​ ៕​

​អត្ថបទ​រៀបរៀង​ដោយ​ សុខ​ នី​ និង​កែសម្រួល​ដោយ ​នួន​ បូ​រិ​ន​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សាស្ដ្រាចារ្យចម្រៀងបុរាណ៖ ធនធានអ្នកច្រៀងបុរាណមានមិនដល់១០នាក់ផងដែលអាចប្រើការបានកម្ពុជា

គេតែងតែលឺចម្រៀងបុរាណនៅតាមពិធីបុណ្យជាតិនានា ជា[...]

បទយកការណ៍៖ យុទ្ធនាការ១៦ថ្ងៃនៃទិវាសិទ្ធិមនុស្សឆ្នាំនេះផ្តោតលើ«ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»និង«ការផ្សព្វផ្សាយបញ្ហាហឹង្សាលើស្រី្តដោយប្រុងប្រយ័ត្ន»

ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សឆ្នាំ២០២២នេះ ស្ថាប័ន[...]

បទយកការណ៍៖ អាណាព្យាបាលមកលើកទឹកចិត្តកូននៅមុខមណ្ឌលប្រឡងចង់ឃើញកូនៗទទួលបានជោគជ័យចេញពីសមត្ថភាពពិតប្រាកដ

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x