ភ្នំពេញ៖ តាមយុទ្ធសាស្ត្រដំណាក់កាលទី០៣ និងផែនការយុទ្ធសាស្ត្រទី០៤ របស់ក្រសួងកិច្ចការនារី ដែលលើកកម្ពស់ការយល់ដឹងសង្គមក្នុងការផ្តល់ភាពក្លាហានផ្នែកសេដ្ឋកិច្ច ដល់ស្ត្រីគឺស្ត្រីពិតជាមានតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការជួយបង្កើនសេដ្ឋកិច្ចជាតិ ហើយស្ត្រីក៏ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចសង្គមជាតិ។
នេះបើតាមការលើកទ្បើងរបស់អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រីនៃក្រសួងកិច្ចការនារីលោកស្រី ចាន់ សុធារី ក្នុងវេទិកាសិល្បៈស្ត្រីក្រោមប្រធានបទ« វីរៈភាពស្ត្រីក្នុងវិស័យសេដ្ឋកិច្ច» កាលពីថ្ងៃទ១៨ ខែធ្នូ ឆ្នាំ២០១៦នៅសាលមហាស្រពចេនទ្បា។
អង្គការសង្គមស៊ីវិល រួមទាំងមន្ត្រីក្រសួងកិច្ចនារីលើកទ្បើងថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តគោលនយោបាយលើកកម្ពស់ ភាពអង់អាចរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ប៉ុន្តែគេសង្កេតឃើញថាស្ត្រីនៅតែជួបបញ្ហាប្រឈមមួយចំនួនក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ បញ្ហានេះរាជរដ្ឋាភិបាលនឹងពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត ហើយស្ត្រីខ្លួនឯងក៏ត្រូវពង្រឹងការតស៊ូ បន្ថែមទៀតដើម្បីជម្នះរាល់ឧបសគ្គដើម្បីឈានទៅរកភាពជោគជ័យ។
អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនៃក្រសួងកិច្ចការនារីលោកស្រី ចាន់ សុធារី មានប្រសាសន៍ក្នុងព្រឹត្តិការណ៍នេះថា ការផ្តល់ភាពអង់អាចក្លាហានផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅលើពិភពលោកត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រចាំបាច់ក្នុងការផ្លាស់ប្តូរផ្នត់គំនិតនៃការគិតគូអំពីគម្លាតយេនឌ័រនៃសេដ្ឋកិច្ច។ លោកស្រី ចាន់ សុធារី បន្តថាប្រទេសកម្ពុជាគឺជាសង្គមសមូហភាពមួយដែលអាចបង្កើនសក្តានុពលភានៃធនធានស្ត្រីឱ្យក្លាយទៅជាធនធានដែលមានតម្លៃនៅក្នុងសេដ្ឋកិច្ចនិងសង្គមតាមរយៈការលើកកម្ពស់សិទ្ធិស្ត្រី។
ទោះបីយ៉ាងនេះក្តីលោកស្រីថាស្ត្រីក៏នៅតែជួបបញ្ហាប្រឈមមួយចំនួនផងដែរក្នុងការពង្រីកសេដ្ឋកិច្ចរបស់ខ្លួន។ បញ្ហាប្រឈមទាំងនោះមានដូចជា៖ «ស្ត្រីនៅតែប្រឈមនៅបញ្ហាក្នុងការចាប់ផ្តើមដំណើរការពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួនផងដែរនាបច្ចុប្បន្នស្ត្រីជាទូទៅនៅតែទទួលបានឱកាសនិងការគ្រប់គ្រងចំណូលសេដ្ឋកិច្ចតិចតួចជាងបុរស មិនតែប៉ុណ្ណោះស្ត្រីថែមទាំងទទួលបន្ទុកគ្រួសារ ជាពិសេសសមាជិកចាស់ជរាក្នុងគ្រួសារ និងការងារគ្មានប្រាក់កម្រៃនិងការងារដែលងាយរងគ្រោះជាច្រើន ទោះជាយ៉ាងនណាក៏ដោយយើងដឹងថាការបង្កើនភាពអង់អាចដល់ស្ត្រីគឺជាកត្តាចាំបាច់ក្នុងការផ្លាស់ប្តូរគំនិត នៃការគិគូសម្រាប់ការអភិវឌ្ឍន៍និងកសាងប្រទេស»។
ចំណែកតំណាងសម្ព័ន្ធបងប្អូនស្រី គឺអ្នកស្រី ម៉ាក ច័ន្ទស៊ីថា លើកទ្បើងថា តាមរយៈវេទិកាសិល្បៈនេះគឺមានន័យថាស្ត្រីជាផ្នែកមួយនៃដំណើរការរបស់យុទ្ធនាការសិទ្ធិស្ត្រីក្នុងការទទួលបានសេវាសង្គមជាមូលដ្ឋានប្រកបដោយគុណភាព និងសមធម៌។ អ្នកស្រី ស៊ីថា បញ្ជាក់ថាស្ត្រីគឺឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ សង្គម និងគ្រួសារ ប៉ុន្តែស្ត្រីជាញឹកញយត្រូវបានសង្គម និងគ្រួសារបំភ្លេចចោល ហើយយកការចូលរួមនៅក្នុងសង្គមនិងសេដ្ឋកិច្ចរបស់ស្ត្រី គឺជារឿងធម្មតាទៅវិញ។
អ្នកស្រី ម៉ាក ច័ន្ទស៊ីថា៖ «ក្នុងនាមយើងជាស្ត្រី និងក្នុងនាមយើងជាមនុស្សនៅក្នុងសង្គមយើងត្រូវដឹងច្បាស់ថាស្ត្រី មិនមែនជាជនរងគ្រោះ ឬជាជនទន់ខ្សោយទ្បើយតែផ្នែកមួយដ៏សំខាន់ដែលធ្វើឱ្យសង្គមជាតិ សង្គមគ្រួសាររឹងមាំ»។
រីឯស្ត្រីធ្វើការរោងចក្រមួយរូបដែលបានចូលរួមវេទិកានេះគឺអ្នកស្រី អ៊ុន សុភា បានលើកទ្បើងថាអ្នកស្រីធ្វើការរោងចក្រអស់រយៈពេល១៩ឆ្នាំ ដោយ បានយកថវិកាធ្វើការរោងចក្រទាំងនោះទៅជួយប្អូនរបស់អ្នកស្រីពីររូបទៅបន្តការសិក្សានៅសាកលវិទ្យាល័យ។ អ្នកស្រី សុភាបន្ត ថា ការងាររបស់អ្នកស្រីនៅរោងចក្រនេះគឺបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។ អ្នកស្រីបានសុំឱ្យរដ្ឋាភិបាលពង្រឹងការយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិស្ត្រី ឱ្យបានច្រើនថែមទៀតខណៈអ្នកស្រីថាការផ្តល់តម្លៃពីសង្គមទៅឱ្យស្ត្រីនៅមានកម្រិតនៅទ្បើយ។
អ្នកស្រី អ៊ុន សុភា៖«ខ្ញុំចង់ស្នើទៅឱ្យរាជរដ្ឋាភិបាលលើកស្ទួយស្ត្រីឱ្យបានច្រើន ហើយត្រូវផ្តល់តម្លៃស្ត្រីឱ្យបានកាន់តែច្រើន ស្ត្រីក៏អាចធ្វើអ្វីបានច្រើនដែរមានរឿងខ្លះបុរសមិនអាចធ្វើបានប៉ុន្តែបែជាស្ត្រីអាចធ្វើបានដូចជាការចាំបីបាច់ថែរក្សាកូន មានទំនួលខុសត្រូវច្រើនជាដើម»។
សូមជម្រាបថាវេទិកាសិល្បៈស្ត្រីក្រោមប្រធានបទ« វីរៈភាពស្ត្រីក្នុងវិស័យសេដ្ឋកិច្ច» ធ្វើទ្បើងក្នុងគោលបំណងសំខាន់ៗចំនួន០៣ដូចជា៖ទីមួយ បង្ហាញពីប្រភព និងការចូលរួមចំណែកដែលជាវីរភាពរបស់ស្ត្រី រួមទាំងបញ្ហាដែលស្ត្រីជួបប្រទះក្នុងវិស័យសេដ្ឋកិច្ចទាំងក្នុងគ្រួសារ និងសង្គម។ទីពីរ លើកទ្បើងពីតម្រូវការរបស់ស្ត្រីក្នុងការទទួលបានសេវាសង្គមជាមូលដ្ឋានប្រកបដោយគុណភាព សមធម៌និងទីបី ពង្រឹងសាមគ្គីភាពនៃចលនាស្ត្រីនៅកម្ពុជា។
ក្រៅពីស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច ស្ដ្រីខ្មែរនៅពេលនេះក៏ហក់ចូលក្នុងវិស័យនយោបាយផងដែរ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០១៧ ក៏គណបក្សនយោបាយនីមួយៗចាប់អារម្មណ៍ស្ដ្រីក្លាយជាបេក្ខជនផងដែរ៕